ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាន់តែខិតជិតមកដល់ ធ្វើឱ្យប្អូនៗសិស្សានុសិស្សមួយចំនួនកំពុងមានក្ដីបារម្ភ ឬភ័យចំពោះការប្រឡងមួយនេះ ។ ជាមួយគ្នាមានបញ្ហាមួយចំនួនដែលបេក្ខជនតែងជួបនៅពេលរៀនត្រៀមប្រឡង គឺច្រើនតែពិបាករកឯកសារ ពិបាកសួរសំណួរនៅពេលមានចម្ងល់ មិនដឹងតេស្តសមត្ថភាពតាមវិធីណាជាដើម។
ដើម្បីរួមចំណែកជួយដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ខាងមុខនេះ AMS Education សូមបង្ហាញនូវកម្មវិធីទូរស័ព្ទដៃ (App) ក៏ដូចជាគេហទំព័រចំនួន៤ ដែលផ្ដល់ភាពងាយស្រួលក្នុងការស្វ័យសិក្សាសម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប ៖
App MoEYS E-learning ៖ កម្មវិធីទូរស័ព្ទស្វ័យសិក្សាមួយនេះ បណ្ដុំទៅដោយវីដេអូ សៀវភៅ និងឯកសារគ្រប់មុខវិជ្ជា គ្រប់កម្រិតសិក្សាថ្នាក់ចំណេះទូទៅពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ។ កម្មវិធីទូរស័ព្ទដៃនេះ បង្កើតឡើងដើម្បីផ្ដល់នូវភាពកាន់តែងាយស្រួលដល់សកម្មភាពស្វ័យសិក្សាសម្រាប់សិស្សានុសិស្ស រួមមានថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម គ្រប់មុខវិជ្ជា គ្រប់ជំពូក គ្រប់មេរៀន ដែលប្អូនៗអាចទស្សនាវីដេអូ ដោនឡូត ចូលទៅកាន់បណ្ណាល័យស្រាវជ្រាវបន្ថែម។
ជាមួយគ្នានេះ នៅក្នុងអេប MoEYS E-learning សិស្សានុសិស្សក៏អាចធ្វើលំហាត់តេស្តសមត្ថភាព ទទួលបានព័ត៌មានថ្មីៗ ព្រមទាំងអាចចេញមតិពិភាក្សា និងចែករំលែកទៅកាន់មិត្តភក្ដិផងដែរ។ តាមរយៈវីដេអូមេរៀននៅក្នុងអេប ប្អូនៗអាចរំលឹកមេរៀន និងពង្រឹងសមត្ថភាពបន្ថែមដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងបាក់ឌុបបានផងដែរ។ សិស្សានុសិស្សអាចសិក្សាបានដោយខ្លួនឯងគ្រប់មុខវិជ្ជា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែទាញយកកម្មវិធីដោយឥតគិតថ្លៃពី App store, Play store និង App Gallery។
គេហទំព័រ Duraseksa/ទូរសិក្សា ៖ ជាគេហទំព័ររបស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំឡើងដើម្បីជាជំនួយក្នុងការសិក្សារបស់សិស្សានុសិស្ស។ នៅក្នុងគេហទំព័រមួយនេះ មានវីដេអូមេរៀនគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ គ្រប់មុខវិជ្ជា និងឯកសារស្វ័យសិក្សា។ ទន្ទឹមគ្នានេះ សិស្សានុសិស្សអាចជ្រើសរើសប្រភេទវីដេអូតាមចំណង់ចំណូលចិត្ត ដែលមានបីប្រភេទដូចជា វីដេអូការបង្រៀន ឬវីដេអូថតក្នុង STUDIO, វីដេអូសង្ខេបមេរៀន ឬវីដេអូ SCREEN RECORD និងវីដេអូសកម្មភាពក្នុងថ្នាក់។
ជាមួយគ្នានេះ គេហទំព័រទូរសិក្សាក៏មានមាតិកាពិសេសៗដូចជា ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍន៍យុវជន ការបណ្ដុះបណ្ដាលគ្រូ ការអប់រំបច្ចេកទេស កុមារតូច មាតិកាឌីជីថលពិសេស និងសេចក្ដីប្រកាសផ្សេងៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ម៉្យាងវិញទៀត នៅក្នុងគេហទំព័រទូរសិក្សាសិស្សានុសិស្សក៏អាចទាញយកវីដេអូ ឬមេរៀនទុកសម្រាប់សិក្សាដោយឥតគិតថ្លៃផងដែរ មានដូចជា សៀវភៅពុម្ពឌីជីថល ឯកសារសំណួរ ចម្លើយ ឯកសារស្វ័យសិក្សាផ្សេងៗទៀត។ ជាពិសេស ប្អូនៗអាចចូលទស្សនាគេហទំព័រ ដោយមិនចាំបាច់មានការចុះឈ្មោះនោះទេ លុះត្រាតែប្អូនៗចូលទស្សនាមេរៀន ទើបតម្រូវឱ្យចុះឈ្មោះ ដោយវិធីចុះឈ្មោះមានពីររបៀប ទី១. ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន តាមទម្រង់វេបសាយកំណត់ ទី២. តភ្ជាប់ទៅកាន់បណ្ដាញសង្គមផ្ទាល់ខ្លួនដូចជា Fecebok ឬ Google ជាដើម ។
Tesdopi តេស្ត១២ ៖ ជាកម្មវិធីទូរស័ព្ទបង្កើតឡើងដើម្បីឱ្យសិស្សអនុវត្តបន្ថែមលើមេរៀន និងលំហាត់មុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រថ្នាក់ទី៧ដល់ទី១២ ក្នុងកម្មវិធីសិក្សាគោល។ នៅក្នុង TESDOPI មានកម្មវិធីរបៀបរៀនបែបថ្មី, មេរៀនខ្លីៗងាយយល់, ធ្វើលំហាត់ជាង ២ម៉ឺនលំហាត់, តាមដានរបាយការណ៍ និងធ្វើវិញ្ញាសាត្រៀមប្រឡង។ លើសពីនេះ សិស្សានុសិស្សអាចទាញយកកម្មវិធីនេះទៅប្រើប្រាស់បានដោយគ្រាន់តែ log in ចូលទៅក្នុង កម្មវិធី TESDOPI ហើយបំពេញព័ត៌មានផ្ទាល់ខ្លួនជាការស្រេច។
E-School Cambodia ៖ ជាកម្មវិធីទូរស័ព្ទនិងកុំព្យូទ័រ (Online) បង្កើតឡើងដើម្បីឱ្យសិស្សអនុវត្តបន្ថែមលើមេរៀន និងលំហាត់គ្រប់មុខវិជ្ជាថ្នាក់ទី៩និងទី១២ ក្នុងកម្មវិធីសិក្សាគោល នៅក្នុងគោលបំណងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ លើសពីនេះ App E-School Cambodia ក៏មានមុខងារជាច្រើនទៀតដើម្បីគាំទ្រដល់ការសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន របាយការណ៍សិក្សា, ឯកសារមេរៀនជា PDF, មុខងារសួរសំនយរទៅលើវីដេអូមេរៀន, ការធ្វើតេស្តតាមមេរៀន, បណ្ណាល័យដែលមានសៀវភៅច្រើនប្រភេទ ក្រុមពិភាក្សា ព្រមទាំងការដោនឡូតវីដេអូទុកសិក្សាពេលគ្មានអ៊ីនធឺណិត។
សូមបញ្ជាក់ថា ក្នុងចំណោមកម្មវិធីទូរស័ព្ទ និងគេហទំព័រ បានណែនាំខាងលើនេះ សម្រាប់ App MoEYS E-learning និងគេហទំព័រ Duraseksa/ទូរសិក្សា គឺត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដោយសិស្សអាចចូលទៅប្រើប្រាស់ដោយមិនគិតថ្លៃ៕



































