គម្រោងធុរកិច្ចថ្មី Tokkatot របស់យុវជនកម្ពុជា បានទទួលជ័យលាភី ជាក្រុមធ្វើបទបង្ហាញល្អ និងទាក់ទាញបំផុតក្នុងកម្មវិធីប្រកួតគម្រោងធុរកិច្ចថ្មីលំដាប់អន្តរជាតិ UNIIC Demo Day, គម្រោងធុរកិច្ចនេះ ផ្ដោតសំខាន់លើការការពារមិនឱ្យមាន់ងាប់ច្រើន នៅក្នុងកសិដ្ឋានខ្នាតតូច និងមធ្យម។
យុវជន ព្រាប សុម៉ានិត អ្នកតំណាងក្រុមយុវជន ដែលផ្ដួចផ្ដើមគម្រោងធុរកិច្ច Tokkatot បានលើកឡើងថា នេះគឺជាមោទនភាពមួយសម្រាប់ក្រុមរបស់ខ្លួន ហើយនេះជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់រូបគេផ្ទាល់ ព្រោះនេះគឺជាលើកដំបូង ដែលខ្លួនបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិ។

យុវជន សុម៉ានិត បន្ថែមថា គម្រោងធុរកិច្ចរបស់ក្រុមលោកបច្ចុប្បន្ននេះ គឺផ្ដោតលើការដោះស្រាយបញ្ហា នៅក្នុងប្រទេសកម្ពុជាជាចម្បង ហើយក្នុងនោះក្រុមការងារបានសិក្សាបន្ថែមពីប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីអាចមានលទ្ធភាពប្រើប្រាស់បាន ជាលក្ខណៈអន្តរជាតិ។
“គំនិតដែលខ្ញុំធ្វើនេះ វាដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជាសិន។ ហេតុនេះ ជាគម្រោងសម្រាប់ទៅអនាគត ក្រុមនឹងពង្រីកបន្ថែម ក្នុងការសិក្សាពីប្រទេសជិតខាង និងតំបន់អាស៊ីទាំងមូលតែម្ដង”
យុវតី Clara ជាអ្នកតំណាង ក្រុម Ekspora, Universitas Trisakti, ប្រទេសឥណ្ឌូណេស៊ី ដែលទទួលបានជ័យលាភីលំដាប់ថ្នាក់លេខ ១ នៅក្នុងកម្មវិធីនេះ បានលើកឡើងថា ការផ្ដួចផ្ដើមគំនិតអាជីវកម្ម ដែលផ្ដោតសំខាន់លើការផ្ដល់ចំណេះដឹង និងផ្ដល់ឱកាស ដល់សហគ្រាសធុនតូច និងមធ្យម និងធុនកណ្ដាល អាចនាំផលិតផលចេញក្រៅប្រទេសកាន់តែងាយស្រួល។
លោកស្រី ណ ឆវិន ប្រធានផ្នែកកិច្ចការនិស្សិត នៃសាកលវិទ្យាល័យ ខេមតិច លើកឡើងថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានឱកាស ធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី ប្រកួតប្រជែងគម្រោងធុរកិច្ចថ្មី UNIIC Demo Day ។
លោកស្រី ឆវិន បន្តថា កម្មវិធីនេះ មានគោលបំណងបង្ហាញគម្រោងអាជីវកម្មប្រកបដោយគំនិតច្នៃប្រឌិត នវានុវត្តន៍ក្នុងតំបន់ និងប្រព័ន្ធអេកូឡូស៊ីនៃប្រទេសកម្ពុជា និងថ្នាក់តំបន់។ នេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដែលជំរុញឱ្យយុវជនជំនាន់ក្រោយក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យានាពេលអនាគត និងនាំយកកម្ពុជាឆ្ពោះទៅរកធុរៈកិច្ចថ្មី។

គួរជម្រាបជូនថា កម្មវិធីប្រកួត UNIIC Demo Day ត្រូវបានរៀបចំដោយ សាកលវិទ្យាល័យខេមតិច ដោយមានការគាំទ្រ និងឧបត្ថម្ភពីសហគ្រិនខ្មែរ និងធនាគាកាណាឌីយ៉ា ពីថ្ងៃទី១-២ ធ្នូ ២០២៥។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិសិ្សតចំនួន ១៥០នាក់ មកពីសាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន១៦ រួមមាន តំណាងពីប្រទេសកម្ពុជាដូចជា សាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ, ប្រទេសឥណ្ឌូណេស៊ី ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ូសបេគីស្ថាន ប្រទេសឥណ្ឌា ប្រទេសវៀតណាម ប្រទេសភីលីពីន និងប្រទេសម៉ាឡេស៊ី៕































