ជនមានពិការភាពសរុបចំនួន ១៤ ៤០៧នាក់ កំពុងបម្រើការងារដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គមទៅតាមមុខតំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន នៅតាមក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន។ នេះបើតាមរបាយការណ៍ដែលត្រូវបានបង្ហាញក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ។
របាយការណ៍បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នរដ្ឋចំនួន៤០ បានទទួលយកជនពិការភាពចូលបម្រើការងារសរុបចំនួន ៧ ៥០២នាក់ ក្នុងនោះស្រ្តីមានពិការភាពចំនួន ១០៣៥នាក់ ជនមានពិការភាពកម្រិតធ្ងន់ធ្ងរ ចំនួន៣០៣៥នាក់ បើគិតជាភាគរយ គឺស្មើនឹង ២,៤៨%។
ដោយឡែកវិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ មានសរុបចំនួន ៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន ៦ ៩០៥នាក់ ក្នុងនោះស្រ្តីមានពិការភាពចំនួន ៤ ៥២៧នាក់។

ក្នុងសារលិខិតចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី២៧ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើ់គ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានន័យថា “មនុស្ស” នៅតែជាអាទិភាពទី១ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នេះ ផ្តោត និងលើកកម្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា និងបរិសុទ្ធ បន្តបំពេញបេសកកម្មជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិ មាតុភូមិ ប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋបរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាព តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យ នៃវដ្តជីវិត ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ជាមួយនឹងទស្សនវិស័យ និងគោលដៅដ៏ច្បាស់លាស់ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ សម្តេចធិបតីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីមោទនកភាព ដោយបានឃើញវិស័យពិការភាពនៅកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់ជនមានពិការភាព ដោយផ្តោតទៅលើការលើកកម្ពស់សមភាព ការកាត់បន្ថយនិងលុបបំបាត់ការរើសអើង បង្កើនការយល់ដឹងអំពីពិការភាពឱ្យកាន់តែទូលំទូលាយ ការរៀបចំ និងកែសម្រួលផាសុកវត្ថុ ការរស់នៅប្រកបដោយភាពសុខដុមរមនា និងភាពធន់ក្នុងសហគមន៍ បង្កើនការផ្តល់ និងទទួលបាននូវឧបករណ៍ទ្រទ្រង់រាងកាយសម្រាប់ការចល័តទីផ្ទាល់ខ្លួន ការធានាបាននូវការគោរពភាពជាឯកជនរបស់បុគ្គល ការផ្តល់ និងការជួសជុលលំនៅដ្ឋាន ការគាំទ្រនិងលើកទឹកចិត្តឱ្យរៀបអាពាហ៍ពិពាហ៍ដើម្បីបង្កើតគ្រួសារ ការបង្កើតនិងពង្រឹងគុណភាពអប់រំ ទាំងកម្មវិធីអប់រំបរិយាបន្ន និងអប់រំពិសេស ការផ្តល់ និងការទទួលបានសេវាសុខភាព និងស្តារលទ្ធភាពពលកម្មដោយមិនគិតថ្លៃ និងមានលក្ខណៈគ្របដណ្តប់ ការលើកកម្ពស់ជីវភាពសមរម្យតាមរយៈការផ្តល់ឱកាសទទួលបានការងារ និងមុខរបរសមស្របទៅតាមចំណេះដឹង និងជំនាញ ការលើកទឹកចិត្ត និងជំរុញការចូលរួមក្នុងជីវភាពនយោបាយ និងឱកាសក្លាយជាអ្នកដឹកនាំ ការសម្របសម្រួលឱ្យមានការរៀបចំ និងចូលរួមសកម្មភាពសង្គមនានាដូចជា សិល្បៈ វប្បធម៌ សាសនា វិស្សមកាល លម្ហែកាយ និងកីឡា ជាដើម។

យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្ត (១) ពង្រឹងយន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ក្រីក្រ ដែលបានធ្វើសមាហរណកម្មទៅក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីធានាថាក្រុម គោលដៅនេះទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលពិតប្រាកដ (២) ពង្រឹងយន្តការគាំពារពាក់ព័ន្ធនឹងពិការភាព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលត្រូវផ្តោតសំខាន់លើការស្តារនីតិសម្បទា និង (៣) ពិនិត្យ លទ្ធភាពក្នុងការគិតគូរផ្តល់ការគាំពារដល់ជនមានពិការភាព ដែលជាសមាជិកនៃគ្រួសារងាយរងហានិភ័យ ទៅតាមលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ។
គិតត្រឹមខែតុលា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនមានពិការភាពចំនួន៧៧ ៣៣៤នាក់ ស្ត្រីចំនួន២៥ ៥៨៦នាក់ ក្នុងនោះសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤០ ៦០៨នាក់ ស្ត្រី៧ ៤៨៦នាក់ និងស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រចំនួន៣៦ ៦៥៤នាក់៕






























