កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។
តើនរណាខ្លះដែលអាចស្នើសុំដាក់ពាក្យអាហារូបករណ៍អូស្ត្រាលីបាន?
លក្ខខណ្ឌនៃបេក្ខជនដែលអាចស្នើ និងប្រឡងប្រជែងយកអាហារូបករណ៍អូស្ត្រាលីបាន ជាប្រជាជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន គ្រប់វិស័យ ដែលពោរពេញទៅដោយសមត្ថភាព និងមកពីទីភ្នាក់ងារផ្នែកសារធារណៈ បុគ្គលិកឯកជន ជាបុគ្គលិកអង្គការសង្គមស៊ីវិល អ្នកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ លើសពីនេះ កម្មវិធីអាហារូបករណ៍ Australia Awards លើកទឹកចិត្តជាខ្លាំងចំពោះ ស្ត្រី ជនពិការ មនុស្សស្នាក់នៅ ធ្វើការ និងរស់នៅក្រៅទីក្រុងភ្នំពេញ ជាជនជាតិដើមភាគតិច ក្រុមមនុស្សដែលស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកខ្វះខាត។ អ្នកស្នើពាក្យអាហារូបករណ៍ ត្រូវតែរស់នៅ ឬមានលំនៅដ្ឋានក្នុងប្រទេសកម្ពុជាយ៉ាងតិច២ឆ្នាំ មុនពេលបិទទទួលពាក្យ ជារៀងរាល់ឆ្នាំ។
បន្ទាប់ពីលក្ខខណ្ឌខាងលើ បេក្ខជនត្រូវមានបទពិសោធន៍ការងារពេញម៉ោងយ៉ាងតិចពីរឆ្នាំ ប្រសិនជាការងារក្រៅម៉ោង ត្រូវមានរយៈពេលស្មើរ២ឆ្នាំម៉ោងការងារ និងជាបេក្ខជនដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ សម្រាប់អ្នកស្នើពាក្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់សម្រាប់អ្នកស្នើថ្នាក់បណ្ឌិត។

តើជំនាញភាសាអង់គ្លេសពិតជាសំខាន់ដែរឬទេសម្រាប់ Australia Awards?
ជំនាញភាសាអង់គ្លេស ជាភាសាទីមួយដែលបេក្ខជនត្រូវមានសម្រាប់ការទៅបន្តសិក្សានៅប្រទេសអូស្ត្រាលី ។ ដោយឡែក បេក្ខជនស្នើពាក្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានពិន្ទុ IELTS យ៉ាងតិច៦.០ សម្រាប់បេក្ខជនស្នើពាក្យថ្នាក់បណ្ឌិតត្រូវមាន IELTS យ៉ាងតិច៦.៥។
ជំនាញដែលបេក្ខជនកម្ពុជាអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សាមានច្រើនជំនាញ និងច្រើនជម្រើស លើកលែងតែ Executive MBA, International MBA, Master of Business Administration International, Master of Business Administration, Master of Business, Master of Business Advanced, Master of Business (Specialisation), Master of Business Analytics, Master of Business Economics, Master of Business Information, Master of Business Management, និង Master of Business Process Management។
អត្ថប្រយោជន៍នៃអាហារូបករណ៍ Australia Awards ផ្ដល់ឱ្យបេក្ខជនមានច្រើន ដូចជា ថ្លៃសំបុត្រយន្តហោះធ្វើដំណើរ ថ្លៃសិក្សាពេញលេញ ថ្លៃស្នាក់នៅ ប្រាក់ចំណាយប្រចាំខែ កម្មវិធី និងវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសបន្ថែម ថ្លៃធានារ៉ាប់រងសុខភាព និងប្រាក់ឧបតម្ភបន្ថែមសម្រាប់និស្សិតស្រាវជ្រាវ។

ឯកសារចាំបាច់ដែលបេក្ខជនត្រូវត្រៀមមុនពេលដាក់ពាក្យមានអ្វីខ្លះ?
បេក្ខជនទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ជាមុននូវឯកសារចាំបាច់មួយចំនួនដូចជា វិញ្ញាបនបត្រសញ្ញាប័ត្រសាកលវិទ្យាល័យផ្លូវការទាំងអស់ (បកប្រែជាភាសាអង់គ្លេស) ប្រតិចារិកផ្លូវការនៃលទ្ធផលទាំងអស់ (បកប្រែជាភាសាអង់គ្លេស) សំបុត្របញ្ជាក់កំណើត ឬអត្តសញ្ញាណប័ណ្ណថតចម្លង (បកប្រែជាភាសាអង់គ្លេស) លិខិតបញ្ជាក់ការងារយ៉ាងតិច២៤ខែ (បកប្រែជាភាសាអង់គ្លេស) និង ប្រវត្តិរូបសង្ខេប។
ដើម្បីធ្វើការដាក់ពាក្យអាហារូបករណ៍ Australia Awards បេក្ខជនអាចស្នើតាមរយៈ Online : https://oasis.dfat.gov.au/ ឱ្យបានមុនថ្ងៃកំណត់ឈប់ទទួលពាក្យអាហារូបករណ៍៕































