គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ (Single Degree) នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន ១០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ តាមរយៈការប្រឡងប្រជែង។
ជំនាញសិក្សា និងការឧបត្ថម្ភ
អាហារូបករណ៍ផ្តោតលើជំនាញបច្ចេកវិទ្យាឌីជីថល រួមមាន៖
-បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communications Technology)
-សន្តិសុខសាយប័រ (Cybersecurity)
-ការអភិវឌ្ឍសូហ្វវែរ (Software Development)
-ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
-បញ្ញាសិប្បនិម្មិត (Artificial Intelligence)
ការរ៉ាប់រងអាហារូបករណ៍៖ គ្របដណ្តប់លើ ថ្លៃចុះឈ្មោះចូលរៀន (Application Fee), ថ្លៃសិក្សា (Tuition Fee), និងថ្លៃរដ្ឋបាល (Administration Fee)។ ដោយឡែក ការចំណាយផ្សេងៗក្នុងអំឡុងពេលសិក្សា ជាបន្ទុកផ្ទាល់ខ្លួនរបស់សាមីខ្លួន។
លក្ខខណ្ឌជ្រើសរើសបេក្ខជន
១-ត្រូវជាបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ដោយទទួលបាន និទ្ទេស A, B, ឬ C។
២-ពុំមែនជាសិស្ស ឬនិស្សិត ដែលបានចុះឈ្មោះចូលសិក្សា ឬកំពុងសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
៣- មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា ខិតខំរៀនសូត្រ
៤- គោរពតាមការណែនាំរបស់គណៈកម្មាធិការ និងសាកលវិទ្យាល័យ។

នីតិវិធី និងកាលបរិច្ឆេទដាក់ពាក្យ
ការដាក់ពាក្យ៖ ធ្វើឡើងតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ https://reg.amt.live/web/signup ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡង និងស្គេនបញ្ចូលឯកសារតម្រូវការដាក់ពាក្យ។
ឯកសារតម្រូវ៖ រូបថត ៤x៦, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត, សៀវភៅគ្រួសារ ឬស្នាក់នៅ, វិញ្ញាបនបត្របណ្តោះអាសន្ន ឬបញ្ជីរាយនាមបេក្ខជនប្រឡងជាប់បាក់ឌុបដែលមានលំដាប់ពិន្ទុ និងឯកសារបញ្ជាក់សមត្ថភាពភាសាអង់គ្លេស (IELTS ៦.០ ឡើង, iBT TOEFL ៧៩ ឡើង ឬ Duolingo ១១០) ប្រសិនបើមាន។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ផុតកំណត់នៅ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីល្ងាច ជាកំហិត។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទាក់ទងទៅកាន់ក្រុមការងារប្រចាំការនៅសាកលវិទ្យាល័យ AUPP (អគារលេខ ២៧៨H ផ្លូវ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ) ឬតាមដានព័ត៌មានបន្ថែមតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់គណៈកម្មាធិការ៕














































































