ធ្លាប់អត់? ដើរចូលបន្ទប់ហើយភ្លេចថាចង់មកយកអី ឬកាន់ទូរសព្ទនៅក្នុងដៃសោះ តែដើររកពេញផ្ទះ? កុំអាលគិតថាខ្លួនឯងចាស់វង្វេងឱ្យសោះ! តាមពិតទៅ ខួរក្បាលយើងវាតែងតែប្រែប្រួលទៅតាមអាយុ ប៉ុន្តែយើងអាច “Upgrade” វាឱ្យនៅតែខ្លាំង ឆ្លាត និងរហ័សរហួនបាន តាមវិធីងាយៗ ថែមទាំងសប្បាយៗទៀតផង។
តោះ! មកមើលតិចនិកថែរក្សាខួរក្បាលទាំង ៨ ៖
១. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល និងសម្ពាធឈាម
ជាតិខ្លាញ់ (Cholesterol) និងសម្ពាធឈាមខ្ពស់ មិនមែនកើតមានតែលើមនុស្សចាស់នោះទេ យុវវ័យក៏ត្រូវប្រយ័ត្នដែរ ព្រោះវាជាដើមហេតុធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមខួរក្បាល។ បើចង់ឱ្យខួរក្បាលដើរស្រួល ត្រូវញ៉ាំអាហារល្អៗ ហាត់ប្រាណ និងតាមដានសុខភាពខ្លួនឯងឱ្យបានទៀងទាត់។
២. និយាយថា ”ទេ” ចំពោះបារី និងគ្រឿងស្រវឹង
ការជក់បារី និងការផឹកស្រាច្រើនហួសប្រមាណ គឺជាអ្នកបំផ្លាញកោសិកាខួរក្បាលលំដាប់ថ្នាក់ទី១។ ការសិក្សាបង្ហាញថា គ្រឿងស្រវឹងធ្វើឱ្យខួរក្បាលឡើងជាតិដែកខ្លាំងពេក ដែលជាហេតុធ្វើឱ្យការគិតរបស់យើងគាំង និងចុះខ្សោយទៅៗ។ ចង់ឱ្យខួរក្បាលគិតរហ័ស ត្រូវកាត់បន្ថយរបស់ទាំងនេះ។
៣. ធ្វើចលនារាងកាយ ឱ្យទៀងទាត់
ការហាត់ប្រាណ រត់ ឬលេងកីឡា មិនត្រឹមតែបានរាងស្អាតទេ តែវាជួយសម្រួលដល់លំហូរឈាមទៅចិញ្ចឹមខួរក្បាលបានល្អ។ ការសិក្សាបង្ហាញថា ការធ្វើចលនារាងកាយអាចជួយបង្កើនទំហំខួរក្បាល និងកាត់បន្ថយរោគវង្វេងនៅពេលចាស់ទៅបានដល់ទៅ ១ ភាគ ៣ ឯណោះ។

៤. ជ្រើសរើសរបបអាហារដែលល្អចំពោះសុខភាព (MIND Diet)
ចង់ឱ្យការចងចាំល្អ ត្រូវជ្រើសរើសរបបអាហារដែលខួរក្បាលត្រូវការ។ អ្នកជំនាញណែនាំឱ្យអនុវត្តតាមរបបអាហារបែប MIND Diet ដែលផ្តោតលើអាហារជំនួយខួរក្បាលទាំង ៩ ក្រុម រួមមាន៖ បន្លែបៃតង បន្លែទូទៅ គ្រាប់ធញ្ញជាតិ ផ្លែប៊ឺរី (Berries) សណ្តែក គ្រាប់ធញ្ញជាតិពេញរូបរាង (Whole Grains) ត្រី សាច់បក្សី និងប្រេងអូលីវ។ ទន្ទឹមនឹងនេះ ត្រូវកម្រិតការញ៉ាំសាច់ក្រហម ប៊ឺរ ឈីស នំផ្អែមៗ និងអាហារបំពង ឬ Fast Food។
៥. កុំឱ្យខួរក្បាលទំនេរ (Challenge ខ្លួនឯងជាមួយរឿងថ្មីៗ)
កុំបណ្តោយឱ្យខួរក្បាលដេកលក់! ព្យាយាមរៀនជំនាញថ្មីៗ ដូចជា រៀនភាសាបរទេស រៀនកូដ (Coding) រៀនលេងហ្គីតា ឬស្វែងយល់ពីធម្មជាតិ។ សកម្មភាពទាំងនេះជួយបង្កើត ”ទុនបម្រុង” ធ្វើឱ្យខួរក្បាលកាន់តែរឹងមាំ និងមានគំនិតច្នៃប្រឌិតខ្ពស់។
៦. ចេញទៅក្រៅជួបមិត្តភក្តិ (បង្កើន Connection)
ការលាក់ខ្លួនដាច់ដោយឡែកពីគេឯង (Social Isolation) អាចធ្វើឱ្យខួរក្បាលស្រពោន និងបង្កើនហានិភ័យជំងឺវង្វេងដល់ទៅជិត ៣០%។ ការចេញទៅក្រៅជួបមិត្តភក្តិ និយាយគ្នាលេង ឬធ្វើការងារស្ម័គ្រចិត្ត ជួយឱ្យខួរក្បាលទទួលបានប្រភពថាមពលវិជ្ជមាន ឬស្រស់ថ្លា។
៧. លេងហ្គេមហ្វឹកហាត់ខួរក្បាល (Brain Games)
ការលេងហ្គេមដោះស្រាយចំណោទ ល្បែងផ្គុំរូប ឬល្បែងចងចាំផ្សេងៗ គឺជាវិធីសាស្ត្រដ៏ល្អក្នុងការហ្វឹកហាត់សមត្ថភាពខួរក្បាល ល្បឿន និងការដោះស្រាយបញ្ហា។ លើសពីនេះ ការលេងហ្គេមជាក្រុមជាមួយក្រុមគ្រួសារ ក៏ជាផ្នែកមួយនៃការកសាងទំនាក់ទំនងសង្គមដ៏រីករាយផងដែរ។

៨. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ (តិចជាង ៥ ទៅ ៦ ម៉ោងក្នុងមួយយប់) ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការកើនឡើងហានិភ័យនៃជំងឺវង្វេងរហូតដល់ទៅ ២ ដង។ នៅពេលដែលយើងគេងលក់ ខួរក្បាលនឹងធ្វើការ “លាងសម្អាត” សារធាតុ Beta-Amyloid ដែលជាកាកសំណល់បង្កឱ្យកើតជំងឺវង្វេងវង្វាន់ចេញពីប្រព័ន្ធខួរក្បាល៕












































































