ថ្លែងនៅក្នុង «វេទិកាអាហារូបករណ៍ និងជំនាញសិក្សា ២០២៦» កាលពីថ្ងៃអាទិត្យ (៦ កញ្ញា) លោក លឹម សុខហៀង ស្ថាបនិក HANS Education Consultancy លើកឡើងថា គេមិនអាចកំណត់បាន ជំនាញមួយណាល្អជាងគេនោះទេ ព្រោះពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសម័យបច្ចេកវិទ្យា និងបញ្ញាសប្បនិមិត្ត AI ដែលធ្វើឱ្យការងារ និងតម្រូវការនៃជំនាញមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
ដូច្នេះ លោកលើកទឹកចិត្តដល់សិស្ស-និស្សិត គួរជ្រើសរើសជំនាញណាដែលអាចបណ្តុះសមត្ថភាពប្រើប្រាស់បានទូលំទូលាយ ដូចជា សមត្ថភាពគិតវិភាគ ការអាន ការស្រាវជ្រាវ និងការធ្វើការងារជាក្រុម។ លោកយល់ថា សមត្ថភាពទាំងនេះនឹងជួយឱ្យសិស្សអាចបត់បែនទៅតាមការផ្លាស់ប្តូរនៃទីផ្សារការងារ និងបច្ចេកវិទ្យានាពេលអនាគត។
ក្រៅពីជំនាញវិជ្ជាជីវៈ លោកក៏ណែនាំឱ្យសិស្សបន្ថែមការសិក្សាភាសាបរទេស ជាពិសេសភាសាអង់គ្លេស និងភាសាចិន។ លោកពន្យល់ថា ភាសាអង់គ្លេសនៅតែមានសារៈសំខាន់សម្រាប់ការសិក្សា និងការងារ ខណៈភាសាចិនក៏កាន់តែមានតម្រូវការនៅកម្ពុជា ដោយសារមានការកើនឡើងនៃសកម្មភាពវិនិយោគ និងអាជីវកម្មរបស់ក្រុមហ៊ុនចិន។
លោក លឹម សុខហៀង បានបញ្ជាក់ថា ការចេះភាសា គឺប្រៀបដូចជាកូនសោដែលអាចបើកទ្វារឱ្យសិស្ស-និស្សិតធ្វើការទំនាក់ទំនងជាអន្តរជាតិ និងជាមួយមនុស្សមកពីប្រទេសផ្សេងៗ ប៉ុន្តែការចេះភាសាតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ សិស្សគួរមានទាំងសមត្ថភាពភាសា និងជំនាញច្បាស់លាស់ នោះនឹងអាចបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារការងារនាពេលអនាគត។

ជាមួយគ្នានេះ កញ្ញា អ៊ុង ខេមរាបូណ៍មីច័ន្ទ ម្ចាស់ជ័យលាភីតស៊ូមតិ JCI ក៏លើកឡើងដែរថា ពេលខ្លះជំនាញដែលសិស្សជ្រើសរើសសិក្សានៅសាកលវិទ្យាល័យ មិនមែនសុទ្ធតែធានាថា ពួកគេអាចចេញធ្វើការពាក់ព័ន្ធនឹងជំនាញមួយនេះក្រោយពេលបញ្ចប់ការសិក្សានោះទេ។ កញ្ញាបន្តថា កត្តាសង្គម ការកើតឡើងជំងឺកូវីដ១៩ ឬបញ្ហាសង្គ្រាមដែលធ្វើឱ្យសេដ្ឋកិច្ចមានការប្រែប្រួល អាចធ្វើឱ្យសិស្សមួយចំនួនក្រោយពេលបញ្ចប់ការសិក្សា ប្រឈមបញ្ហាគ្មានការងារធ្វើ ដូច្នេះសិស្សគួរពិចារណាឱ្យបានម៉ត់ចត់មុនសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា។
បើតាម កញ្ញា ខេមរាបូណ៍មីច័ន្ទ ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់ទី១២ សិស្សមួយចំនួនអាចមានគោលដៅច្បាស់លាស់ថាចង់រៀនជំនាញអ្វី ប៉ុន្តែសិស្សខ្លះទៀតនៅមិនទាន់ដឹងថាខ្លួនឯងគួរតែជ្រើសរើសជំនាញអ្វីនោះទេ ដូច្នេះកំហុសដ៏ធំមួយ គឺហាមជ្រើសរើសជំនាញសិក្សាតាមគ្នា ផ្ទុយទៅវិញ សិស្ស និស្សិត គួរតែចំណាយពេលស្វែងយល់ពីចំណង់ចំណូលចិត្ត សមត្ថភាព និងគោលដៅរបស់ខ្លួន ព្រមទាំងពិភាក្សាជាមួយអាណាព្យាបាល រៀមច្បង អ្នកមានបទពិសោធន៍ ដើម្បីទទួលបានព័ត៌មាន និងការណែនាំមុនធ្វើការសម្រេចចិត្ត៕












































































