បច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានតម្រូវការខ្ពស់លើជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម ហើយកម្ពុជាក៏កំពុងព្យាយាមជំរុញជំនាញនេះឱ្យមានដំណើរការកាន់តែខ្លាំងផងដែរ។ នេះជាការលើកឡើងរបស់ លោក គង់វង្ស ប្រាកដ គ្រូបណ្តុះបណ្តាលបច្ចេកទេស ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា NTTI។
លោក គង់វង្ស ប្រាកដ មានប្រសាសន៍ថា ជំនាញស្វ័យប្រវត្តិកម្ម គឺជាជំនាញដែលមានសារៈសំខាន់ និងបានជំរុញយ៉ាងខ្លាំងទៅលើផ្នែកផលិតកម្មនៅក្នុងប្រទេសកម្ពុជា ព្រោះលុះត្រាតែមានម៉ាស៊ីនទាំងអស់នេះទើបអាចជំរុញឱ្យខ្សែសង្វាក់ផលិតកម្មមានសមត្ថភាពផលិតបាននៅក្នុងល្បឿនលឿនស្របតាមតម្រូវការទីផ្សារជាក់ស្ដែង។ លោកបន្តថា ជំនាញមួយនេះផ្ដោតទៅលើការសិក្សា និងការអនុវត្តជាក់ស្ដែង លើការផលិតវត្ថុឧបករណ៍ ក៏ដូចបរិក្ខារដោយស្វ័យប្រវត្តិ ធ្វើយ៉ាងណាឱ្យគ្រឿងចក្រអាចផលិតរបស់របរណាមួយដែលយើងអាចយកមកប្រើប្រាស់តាមតម្រូវការ។
”ម៉ាស៊ីនស្វ័យប្រវត្តិកម្មនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង ដោយវាអាចជួយបង្កើនទាំងផលិតផល ទាំងបរិមាណ និងគុណភាពនៅក្នុងចំនួនច្រើនដែលយើងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ”

ចំពោះការសិក្សាជំនាញស្វ័យប្រវត្តិកម្មនេះវិញ បើតាមលោក គង់វង្ស ប្រាកដ មានមុខវិជ្ជាជាច្រើន ប៉ុន្តែមុខវិជ្ជាគោលសំខាន់ៗនៅក្នុងការសិក្សាមានដូចជា ការដំឡើងប្រព័ន្ធអគ្គិសនី, PLC ឬប្រព័ន្ធឧស្សាហកម្ម ដៃ Robot ហើយក្នុងនោះក៏មានរួមផ្សំការបញ្ជាតាមប្រព័ន្ធ IOT Cloud ផងដែរ។ នេះគ្រាន់តែជាវិជ្ជាគោលមួយចំនួនដែលលើកយកមកបង្ហាញប៉ុណ្ណោះ ជាក់ស្ដែង នៅក្នុងកម្មវិធីសិក្សាចំពោះថ្នាក់មធ្យម មានប្រមាណ ៣០មុខវិជ្ជា ហើយចំពោះថ្នាក់បរិញ្ញាបត្រវិញអាចមានដល់ទៅជិត ៥០មុខវិជ្ជា។
ដោយឡែកជុំវិញកម្មវិធីសិក្សាវិញ គ្រូបណ្តុះបណ្តាលបច្ចេកទេសរូបនេះ បានបន្ថែមថា នៅ NTTI ការសិក្សាមានបែងចែកជា ២ កម្រិត គឺថ្នាក់បរិញ្ញាបត្ររង មានរយៈពេល ២ ឆ្នាំ និងបូកបន្ថែមកន្លះឆ្នាំ ដើម្បីធ្វើរបាយការណ៍ដើម្បីបញ្ចប់ការសិក្សា និងថ្នាក់បរិញ្ញាបត្រ មានរយៈពេល ៤ ឆ្នាំ និងបូកបន្ថែម កន្លះឆ្នាំ ដើម្បីធ្វើសារណាបញ្ចប់ការសិក្សា។
ចំពោះទីផ្សារការងារវិញ លោក គង់វង្ស ប្រាកដ លើកឡើងថា បច្ចុប្បន្ននៅកម្ពុជាមានតម្រូវការច្រើនលើជំនាញនេះ ប៉ុន្តែដោយហេតុថា នេះជាជំនាញមួយដែលថ្មីនៅមិនទាន់ផ្សព្វផ្សាយបានទូលំទូលាយនៅឡើយ។ ប៉ុន្តែនៅតាមរោងចក្រ សហគ្រាសនានាពីមួយថ្ងៃទៅមួយ មានការហូរចូលជាបន្តបន្ទាប់ ដែលសុទ្ធសឹងតែមានតម្រូវការ ដូច្នេះការសិក្សាជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្មនេះ ក្រោយពេលបញ្ចប់ការសិក្សា គឺអាចចូលបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រឧស្សាហកម្ម ដែលមាននៅក្នុងប្រទេស ឬទៅក្រៅប្រទេសប្រសិនបើអាចមានសមត្ថភាពប្រកួតប្រជែងជាមួយអន្តរជាតិ។

មួយវិញទៀត នៅក្នុងជំនាញស្វ័យប្រវត្តិកម្មនេះ គឺមានបែងចែកជាប្រភេទអ្នកបញ្ជា ជាអ្នកដំឡើង ជាអ្នកជួសជុល ក៏ដូចជាអ្នករចនាផ្សេងៗ ដូច្នេះក្រោយពេលបញ្ចប់ការសិក្សា ក្រៅតែពីការទៅធ្វើការនៅក្រុមហ៊ុន ក៏អាចបើកជាមុខរបរ ផលិតម៉ាស៊ីនលក់ ឬបង្កើតជាម៉ាស៊ីនស្វ័យប្រវត្តិកម្មណាមួយដើម្បីប្រកបមុខរបរដោយខ្លួនឯងបានផងដែរ។
តាមបទពិសោធន៍កន្លងមក ក្រោយពេលបញ្ចប់ការសិក្សា នៅដំណាក់កាលដំបូងពេលចូលបម្រើការងារ សិស្សអាចទទួលបានបៀវត្សចន្លោះពី ៤០០ ដុល្លារ ដល់ ៥០០ ដុល្លារ ឬអាចមានដល់ ៨០០ ដុល្លារ ដល់ ៩០០ ដុល្លារ អាស្រ័យទៅលើការខិតខំប្រឹងប្រែង និងបទពិសោធន៍ធ្វើការជាក់ស្ដែង៕














































































