ស្របពេលដែលសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានតម្រូវការខ្ពស់លើធនធានមនុស្សជំនាញបច្ចេកវិទ្យាកម្រិតខ្ពស់ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានប្រកាសផ្ដល់អាហារូបករណ៍ និងបើកទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) លើជំនាញស្នូលចំនួនពីរ រួមមាន បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ (AI & Data Science) និង សុវត្ថិភាពសាយប័រ (Cybersecurity)។
ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាទាំងពីរជំនាញ
បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសុវត្ថិភាពសាយប័រ (Master’s in Cybersecurity)៖ ជាកម្មវិធីដែលផ្សារភ្ជាប់រវាងចំណេះដឹងមូលដ្ឋាន និងជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីបណ្តុះបណ្តាលនិស្សិតឱ្យចេះរចនា អនុវត្ត និងគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពរឹងមាំ ព្រមទាំងជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ដោះស្រាយបញ្ហាប្រឈមនៃសុវត្ថិភាពឌីជីថលទំនើប។
បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក AI និងវិទ្យាសាស្ត្រទិន្នន័យ (Master’s in AI & Data Science)៖ ផ្តល់នូវចំណេះដឹង និងជំនាញកម្រិតស៊ីជម្រៅលើការស្រាវជ្រាវ និងការអនុវត្តគម្រោងជាក់ស្តែងក្នុងវិស័យផ្សេងៗ ដើម្បីឱ្យនិស្សិតមានសមត្ថភាពបង្កើត និងដឹកនាំការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាការអភិវឌ្ឍបច្ចេកវិទ្យា ICT ឈានមុខគេ។
អត្ថប្រយោជន៍ និងឱកាសអាហារូបករណ៍
បេក្ខជនដែលមានបំណងបន្តការសិក្សានៅ CADT នឹងទទួលបានឱកាសអត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមមាន៖
- អាហារូបករណ៍ពេញថ្លៃ ១០០% ៖ សម្រាប់បេក្ខជនឆ្នើមដែលមានស្នាដៃ និងសមត្ថភាពខ្ពស់។
- អាហារូបករណ៍ស្រាវជ្រាវ (Paid Research Fellowships)៖ ឧបត្ថម្ភថ្លៃសិក្សាពី ៥០% ដល់ ៧០% ព្រមទាំងទទួលបានឱកាសធ្វើការ និងស្រាវជ្រាវផ្ទាល់ជាមួយអ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់ CADT ដោយទទួលបានប្រាក់ឧបត្ថម្ភ។
- កម្មវិធីដៃគូសហប្រតិបត្តិការអន្តរជាតិ៖ ឱកាសចុះកម្មសិក្សាអន្តរជាតិ (Internships), កម្មវិធីផ្លាស់ប្តូរការសិក្សា (Exchange Programs) និងការទទួលបានសញ្ញាបត្ររួមគ្នា (Dual Degrees) ជាមួយសាកលវិទ្យាល័យដៃគូល្បីៗលើពិភពលោក។

សម្រាប់និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងអ្នកជំនាញដែលចង់ពង្រឹងសមត្ថភាពក្នុងអាជីពបច្ចេកវិទ្យា អាចធ្វើការដាក់ពាក្យ តាមរយៈតំណភ្ជាប់ https://gsreg.cadt.edu.kh/register-computer-science ។ ឈប់ទទួលពាក្យ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៕














































































