លើកឡើងនៅក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់ស្ថាបត្យកម្ម ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទំនើបកម្ម នៃស្ថាបត្យកម្មដោយប្រើប្រាស់ដែកសម្រាប់សាងសង់” កាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករវ័យក្មេងកម្ពុជាបច្ចុប្បន្ននេះ មានសមត្ថភាពខ្ពស់ ហើយសុទ្ធតែអាចបន្តវេន សម្រាប់ការកសាងប្រទេសជាតិ ជាពិសេសវិស័យស្ថាបត្យកម្ម។
តាមរយៈការប្រកួតប្រជែងសមត្ថភាពចាប់តាំងពីថ្ងៃប្រកួតដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ ឯកឧត្តម ហង្ស សុតសំភារ មើលឃើញថា ស្ថាបត្យករវ័យក្មេងទាំងអស់ដែលបានចូលរួមប្រកួតប្រជែង បានរៀនសូត្រពីការប្រកួតនេះ តាមរយៈការផ្តល់យោបល់ពីគ្រូណែនាំ ធ្វើឱ្យប្អូនៗទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាចំណុចខ្វះខាតដែលត្រូវកែលម្អ ហើយពួកគេបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ។

ការប្រកួតពានរង្វាន់ស្ថាបត្យកម្ម ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទំនើបកម្មនៃស្ថាបត្យកម្មដោយប្រើប្រាស់ដែកសម្រាប់សាងសង់” រៀបចំឡើងដោយក្រុមហ៊ុន ISI STEEL មានរយៈពេល៥ខែ គិតចាប់ពីដើមខែកញ្ញា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងកាលពីសប្តាហ៍មុន មានតែបេក្ខជន ៥ក្រុមប៉ុណ្ណោះ ដែលបានប្រកួតធ្វើបទបង្ហាញដើម្បីជម្រុះយកជ័យលាភីលេខ១ដល់ជ័យលាភីលេខ៣ តាមរយៈការវាយតម្លៃ និងដាក់ពិន្ទុពីគណៈកម្មការ៦រូប។ ក្នុងនោះ គេបានរកឃើញម្ចាស់ជ័យលាភីពានរង្វាន់ស្ថាបត្យកម្មឆ្នាំ២០២៥ ដោយបានទៅលើលោក ស៊ នីដែត សិក្សាទៅលើគម្រោង Vital Ground និង លោក ជ័យ ចាន់សុវណ្ណរិទ្ធ សិក្សាលើគម្រោង The Warehouse Oasis។
លោក ស៊ នីដែត មកពីសាកលវិទ្យាល័យន័រតុន ដែលជាម្ចាស់ជ័យលាភី មានប្រសាសន៍ថា គម្រោង Vital Ground របស់លោក គឺសិក្សាទៅលើការរចនាឃ្លាំង ហើយការដែលនាំឱ្យគម្រោងរបស់លោកទទួលបានជោគជ័យ ក៏ព្រោះតែគម្រោងនេះ បានរចនាទីតាំងឃ្លាំងដោយប្រើប្រាស់ដីឱ្យអស់ពីលទ្ធភាព មិនត្រឹមផ្ដោតលើទីតាំងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែផ្ដោតលើសុខុមាលភាពបុគ្គលិក។ លើសពីនេះ មានការរចនាសួនច្បារនៅកណ្ដាល ដែលជាវិធីសាស្រ្តនិរន្តរភាពនៃស្ថាបត្យកម្ម ផ្ដល់ផលប៉ះពាល់តិចដល់បរិស្ថាន។
លោក ជ័យ ចាន់សុវណ្ណរិទ្ធ ម្ចាស់ជ័យលាភីមួយរូបទៀត មានប្រសាសន៍ថា លោកបានសិក្សាទៅលើគម្រោង The Warehouse Oasis ។ គម្រោងរបស់លោកគឺបានផ្តោតទៅលើការជួយដល់បរិស្ថាន សង្គមជាតិ និងជួយដល់វិស័យឧស្សាហកម្ម។ លោក ចាន់សុវណ្ណរិទ្ធ បន្តថា លក្ខណៈពិសេសរបស់គម្រោងលោកដែលអាចជាប់ជ័យលាភី គឺជាភាពសាមញ្ញមួយដែលយកទម្រង់ឃ្លាំងដែលមានស្រាប់មករចនាបន្ថែមដោយគិតគូរទៅលើ លំនៅឋានរបស់បុគ្គលិក ការរៀបចំប្រព័ន្ធសួន ប្រើប្រាស់សម្ភារៈរបស់ក្រុមហ៊ុនក្នុងស្រុក និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)។
ឯកឧត្តម ជា ចន្ទ័ថែបរ៉ាស អគ្គលេខាធិការរង នៃអគ្គលេខធិការដ្ឋានគណៈស្ថាបត្យករនៃកម្ពុជា និងជាគណៈកម្មការដាក់ពិន្ទុ មានប្រសាសន៍ថា គម្រោងរបស់បេក្ខជនដែលបានចូលរួមប្រកួតនេះ ពួកគេមានការសិក្សាច្រើន និងខិតខំប្រឹងប្រែងខ្លាំង បើធៀបនឹងការប្រកួតប្រជែងផ្សេងៗ។ ឯកឧត្តម បន្តថា សម្រាប់បេក្ខជនដែលអាចជាប់ជ័យលាភីឆ្នើម គណៈកម្មការបានគិតទៅលើចំណុចសំខាន់ ៣ ដែលរួមមាន ទី១. ស្ថាបត្យកម្មមានលក្ខណៈប្រពៃណីវប្បធម៌, ទី២. ការប្រើប្រាស់បច្ចេកវិទ្យាបញ្ចូលក្នុងស្ថាបត្យកម្ម និង ទី៣. និរន្តរភាពនៃស្ថាបត្យកម្ម។

សូមជំរាបជូនដែរថា កម្មវិធីប្រកួតពានរង្វាន់ស្ថាបត្យកម្មឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការច្នៃប្រឌិត និងបង្កើតគំនិតថ្មីៗរបស់ស្ថាបត្យករវ័យក្មេង ក្នុងការរចនាគម្រោងប្លង់ស្ថាបត្យកម្ម-វិស្វកម្មនៃសំណង់ឧស្សាហកម្ម ដោយប្រើប្រាស់សម្ភារៈសំណង់អំពីដែកប្រកបដោយគុណភាព សុវត្ថិភាព គោរពតាមបទដ្ឋានបច្ចេកទេស ស្តង់ដាជាតិ-អន្តរជាតិ និងស្របតាមគោលនយោបាយឧស្សាហកម្មសំណង់៕
































