ក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនដំណាក់កាល អស់រយៈពេល៧ខែ ទីបំផុតគេបានរកឃើញជ័យលាភីមេដាយមាស ២រូប ក្នុងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗ វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំ២០២៦ ដែលរៀបចំដោយកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប។
ម្ចាស់ជ័យលាភីមេដាយមាសទាំង២រូប ក្នុងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗ វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំ២០២៦ បានទៅលើ យុវសិស្ស គ្រី វិបុល ជាសិស្សថ្នាក់ទី១០ កម្រិតទុតិយភូមិ និងយុវតី សុខច័ន្ទ ពេញបូរមី ជាសិស្សថ្នាក់ទី៨ កម្រិតបឋមភូមិ។
ថ្លែងក្នុងពិធីប្រកាសលទ្ធផលការប្រកួតអំណានសៀវភៅល្បីៗ ប្រចាំ២០២៦ វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ សីហា លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរដល់បេក្ខជនប្រកួត ដែលបានដាក់គោលដៅចង់ទទួលបានជ័យលាភីមេដាយមាសពីកម្មវិធី។ លោកជំទាវ ស្រូយ សុជាតិ បន្តថា ប៉ុន្តែអ្វីដែលលើសពីការទទួលបានមេដាយមាសនេះ គឺជាចំណេះដឹងដែលប្អូនៗទទួលបានចាប់តាំងពីថ្ងៃដាក់ពាក្យជាបេក្ខភាពចូលរួមប្រកួត ក៏ដូចជាឆ្លងកាត់ការប្រកួតជាច្រើនវគ្គ លត់ដំខ្លួនឯង និងបញ្ចេញសមត្ថភាព រហូតឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ។ រយៈពេល ៧ខែនៃការប្រកួតនេះ ប្អូនៗជាបេក្ខជន បានរៀនសូត្រចំណេះដឹងជាច្រើនលើសពីការរៀននៅក្នុងថ្នាក់រៀនទៅទៀត។

យុវសិស្ស គ្រី វិបុល សិស្សថ្នាក់ទី១០ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និងជាម្ចាស់ជ័យលាភីមេដាយមាស កម្រិតទុតិយភូមិ លើកឡើងថា ការចូលរួមក្នុងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗនេះ ព្រោះរូបគេចង់ទទួលបានមេដាយមាស និងចង់ចូលរួមបណ្ដុះគំនិតយុវជនជំនាន់ក្រោយ និងសិស្សានុសិស្សផ្សេងទៀតឱ្យមានឆន្ទៈក្នុងការអានសៀវភៅ ព្រោះការអានសៀវភៅ គឺជាការស្រលាញ់ជាតិ។
ក្នុងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗនេះ យុវសិស្ស គ្រី វិបុល បានជ្រើសរើសបកស្រាយអំពី យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ត្រង់ចំណុច បញ្ចកោណទី១ ស្ដីពី ការអភិវឌ្ឍមូលធនមនុស្ស ក្នុងគោលបំណងផ្ដល់ជាចំណេះដឹង និងលើកទឹកចិត្តដល់យុវជន ជាពិសេសប្រជាជនទូទាំងប្រទេស បានដឹងនិងបានយល់ពីផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមគ្នានេះ ប្រទេសជាតិមួយរឹងមាំ លុះត្រាតែមានមូលធនមនុស្សខ្លាំងពូកែ មានទាំងចំណេះដឹង និងមានសុខភាពរឹងមាំ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។

យុវសិស្ស គ្រី វិបុល បន្ថែមថា រូបគេពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំង ដែលទទួលបានជ័យលាភីមេដាយមាសដូចការរំពឹងទុក និងមិនធ្វើឱ្យគ្រូដឹកនាំ ជាពិសេសអ្នកគាំទ្រខ្លួនខកបំណងទេ។ វិបុល បន្តថា បន្ទាប់ពីចូលរួមកម្មវិធីនេះរូបគេទទួលបានចំណេះដឹង ដូចជា ការខិតខំប្រឹងប្រែងជំនះបេក្ខជនដទៃទៀត, ការផ្លាស់ប្ដូរបទពិសោធអានសៀវភៅទាក់ទងនឹងគោលនយោបាយជាតិជាដើម។ ក្នុងន័យនេះ វិបុល ក៏បានលើកទឹកចិត្តដល់យុវជន សិស្សានុសិស្សជំនាន់ក្រោយ ត្រូវខិតខំប្រឹងប្រែងអានសៀវភៅឱ្យបានច្រើន ស្របតាមពាក្យស្លោក “ចូរចាប់យកសៀវភៅជាមិត្ត ប្រៀបដូចជាមានបណ្ឌិតជាទីប្រឹក្សា”។
ចំពោះ យុវតី សុខ ច័ន្ទពេញបូរមី សិស្សថ្នាក់ទី៨ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និងជាម្ចាស់ជ័យលាភីមេដាយមាស កម្រិតបឋមភូមិ និយាយថា ការចូលរួមប្រកួតក្នុងកម្មវិធីនេះ ព្រោះចង់មានស្នាដៃល្អមួយសម្រាប់ខ្លួនឯងក្នុងកម្រិតបឋមភូមិ, ចង់បង្កើនសមត្ថភាពការអានរបស់ខ្លួន, មានការលើកទឹកចិត្តពីមិត្តភក្ដិ ក្រុមគ្រួសារ និងលោកគ្រូ អ្នកគ្រូផងដែរ។
ក្នុងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗនេះ ច័ន្ទពេញបូរមី បានជ្រើសរើសយកប្រលោមលោកខ្មែរដ៏ល្បីល្បាញមួយមានចំណងជើងថា “នាងសមាភាវី” ដែលនិពន្ធដោយលោក រីម គីន ជាអ្នកនិពន្ធថ្នាក់គ្រឹះនៃអក្សរសិល្ប៍ទំនើបខ្មែរ។ ច័ន្ទពេញបូរមី បន្តថា ការជ្រើសរើសយកប្រលោមលោកមួយនេះ មកធ្វើការបកស្រាយ ព្រោះចង់បង្ហាញអំពីតម្លៃអប់រំចំនួន ៣ចំណុចសំខាន់ៗរួមមាន ទី១. ភាពអវិជ្ជា៖ ការពុំទទួលបានការសិក្សារៀនសូត្រ នាំឱ្យធ្លាក់ក្នុងសេចក្ដីទុក្ខ ទី២. តណ្ហា៖ ការស្រេកឃ្លាន ការលោភលន់ចង់បានរបស់អ្វីមួយដោយគ្មានការពិចារណា ដែលជាហេតុមួយធ្វើឱ្យធ្លាក់ក្នុងរណ្ដៅនៃសេចក្ដីទុក្ខ និង ទី៣. លក្ខណ៍ស្ត្រី៖ សំដៅលើតម្លៃស្រ្តី ដែលមានចរិយាសម្បត្តិល្អ ឬការប្រតិបត្តិដែលស្រ្តីគួរមាន ដើម្បីការពារដល់សេចក្ដីថ្លៃថ្នូររបស់ខ្លួន សរុប ៣១លក្ខណៈ។

ម្ចាស់ជ័យលាភីមេដាយមាស កម្រិតបឋមភូមិ រូបនេះ ក៏បានលើកទឹកចិត្តដល់យុវជន និងយុវនារីទាំងអស់ កុំយកតណ្ហា ឬភាពលោភលន់មកដឹកនាំខ្លួនយើង ដោយសារវាជាហេតុមួយនាំទៅរកសេចក្ដីទុក្ខ។ លើសពីនេះ ស្រ្តីគ្រប់លក្ខណ៍ ជាមនុស្សដែលមានអត្តចរិតល្អ មិនសំខាន់លើរូបសម្រស់ ឬពណ៌សម្បុរនោះទេ ប៉ុន្តែសំខាន់លើសីលធម៌ ចំណេះដឹងក្នុងការគិត ជាពិសេសចរិយាសម្បត្តិល្អ។
សម្រាប់គោលដៅបន្ទាប់ យុវតី សុខ ច័ន្ទពេញបូរមី មានបំណងចូលរួមការប្រកួតនិយាយជាសាធារណៈ កម្រិតអន្តរជាតិ នៅក្រៅប្រទេស ដើម្បីលើកកិត្តិយសខ្លួនឯង គ្រួសារ សាលារៀន និងតំណាងឱ្យប្រទេសកម្ពុជា។
លោក ឆុំ សុភក្ដិ នាយកសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប មានប្រសាសន៍ថា កម្មវិធីប្រកួតអំណានសៀវភៅល្បីៗ រៀបចំឡើងក្នុងគោលបំណងជំរុញការអាន និងការស្រាវជ្រាវដល់សិស្ស បង្កើតក្តីស្រមៃ និងក្តីសង្ឃឹមសម្រាប់អនាគតសិស្ស បង្កើតនវានុវត្តន៍ លើកកម្ពស់ភាពជាអ្នកដឹកនាំ កសាងបំណិន និងសមត្ថភាពនិយាយសាធារណៈ ចូលរួមអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណវុឌ្ឍិ និងបណ្តុះសម្បទាដល់យុវជនឱ្យមានភាពធន់ និងមនសិការស្នេហាជាតិ។

បើតាម លោក ឆុំ សុភក្ដិ កម្មវិធីប្រកួតអំណានសៀវភៅល្បីៗ ចាប់ផ្ដើមបើកឱ្យបេក្ខជនចុះឈ្មោះចូលរួមប្រកួតចាប់តាំងពីខែកុម្ភៈ មានបេក្ខជនសរុបចំនួន ២៦៤នាក់ ក្នុងនោះ កម្រិតបឋមភូមិ ១៤១នាក់ ស្រី ៨២នាក់ និងទុតិយភូមិ ១៨៩នាក់ ស្រី ១០៧នាក់។ ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ រៀបចំឡើងនៅទីតាំងសួនរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងវិទ្យាល័យព្រែកលៀប ជម្រុះនៅសល់បេក្ខជន ៥នាក់ ក្នុងកម្រិតនីមួយៗ ដើម្បីជ្រើសរើសយកជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕












































































