ប្រតិភូយុវសិស្សឆ្នើមកម្ពុជាចំនួន ៦រូប បានបង្កើតសមិទ្ធផលយ៉ាងត្រចះត្រចង់ជូនជាតិ ដោយដណ្តើមបានមេដាយសរុបចំនួន ១១គ្រឿង ពីការប្រកួតប្រជែងវិទ្យាសាស្ត្រថ្នាក់តំបន់ ”The 11th ASEAN Plus Three Junior Science Odyssey” (APT JSO-11) ដែលបានប្រព្រឹត្តទៅនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
មេដាយទាំង១១គ្រឿង ដែលសិស្សឆ្នើមកម្ពុជាដណ្តើមបាននេះ រួមមាន មេដាយមាស ៧គ្រឿង, មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សឆ្នើមទាំង ៦រូប ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការរីកចម្រើន នៃធនធានមនុស្សផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីផ្លែផ្កា នៃការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តសិក្សា និងអភិវឌ្ឍខ្លួនក្នុងវិស័យ STEM ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់កម្ពុជានាពេលអនាគត នឹងត្រូវការធនធានមនុស្សជំនាន់ថ្មី ដែលមានជំនាញបច្ចេកទេសខ្ពស់ ពិសេសក្នុងវិស័យសំខាន់ៗដូចជា ការពារជាតិ កសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប។
គួរជម្រាបជូនថា កម្មវិធី The 11th ASEAN Plus Three Junior Science Odyssey (APT JSO-11) ដែលប្រព្រឹត្តទៅកាលពីសប្តាហ៍កន្លងទៅនេះ នៅសាធារណរដ្ឋហ្វីលីពីន បានប្រមូលផ្តុំយុវសិស្សឆ្នើមអាយុពី ១៣ ដល់ ១៥ ឆ្នាំ មកពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីជំរុញការគិតបែបវិទ្យាសាស្ត្រ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមមូលបទ «សកម្មភាពអាកាសធាតុ និងនវានុវត្តន៍អេឡិចត្រូនិកដែលមានទំនួលខុសត្រូវសម្រាប់និរន្តរភាព (អាស៊ាន+៣ CARES)»។
ក្នុងកំឡុងពេលកម្មវិធី បេក្ខជនវ័យក្មេងទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាច្រើនដូចជា កិច្ចពិភាក្សា បាឋកថា ការពិសោធន៍ក្នុងមន្ទីរពិសោធន៍ ការសិក្សាស្រាវជ្រាវផ្ទាល់ និងការធ្វើបទបង្ហាញប្រកួតប្រជែងដំណោះស្រាយបែបវិទ្យាសាស្ត្រ៕












































































