មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាភាសាអង់គ្លេស ១០០% ចំនួន ៣៤ រង្វាន់ សម្រាប់រយៈពេលមួយឆ្នាំពេញ ជូនដល់សិស្សានុសិស្សកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបលើកទី៣៤ នៃការបង្កើត និងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា (១៩៩២ - ២០២៦)។
កម្មវិធីអាហារូបករណ៍នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ជំនាញភាសាអង់គ្លេស ដែលជាស្ពានយ៉ាងសំខាន់សម្រាប់ការសិក្សា និងការអភិវឌ្ឍអាជីពនាពេលអនាគត។ បន្ថែមពីនេះ វាក៏ជាឱកាសមាសសម្រាប់សិស្សានុសិស្សក្នុងការត្រៀមខ្លួនដណ្តើមអាហារូបករណ៍ទៅសិក្សានៅបរទេស និងពង្រឹងសមត្ថភាពដើម្បីទទួលបានពិន្ទុ IELTS ខ្ពស់ផងដែរ។
សិស្សានុសិស្សដែលទទួលបានអាហារូបករណ៍អាចជ្រើសរើស ម៉ោងសិក្សា ដែលខ្លួនពេញចិត្ត (៤.៥ ម៉ោង ឬ ៧.៥ ម៉ោង/សប្តាហ៍) នៅតាមសាខា អេ ស៊ី អ៊ី ណាមួយក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ឬ សិក្សាតាមប្រព័ន្ធឌីជីថល។
បេក្ខជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជាមានសិទ្ធិដាក់ពាក្យអាហារូបករណ៍នេះទាំងអស់គ្នា។ ករណីអ្នករស់នៅតាមបណ្ដាខេត្តទទួលបានអាហារូបករណ៍ អ្នកអាចជ្រើសយកការរៀនតាមប្រព័ន្ធឌីជីថលពីគេហដ្ឋានអ្នកផ្ទាល់ដោយមិនចាំបាច់ធ្វើការផ្លាស់ទីមកភ្នំពេញ ដោយគ្រាន់តែប្រើប្រាស់ ទូរសព្ទដៃ កុំព្យូទ័រ ឬ ឧបករណ៍អេឡិចត្រូនិកក្នុងការសិក្សា។

ការជ្រើសរើស
- រាល់សិស្សានុសិស្សចាប់ពីអាយុ ៨ ឆ្នាំ (គិតត្រឹមខែតុលា ឆ្នាំ២០២៦) ឡើងទៅមានសិទ្ធិដាក់ពាក្យ។
- សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យអនឡាញតាមរយៈ acecambodia.org/ACEscholarship
- បន្ទាប់ពីធ្វើការដាក់ពាក្យរួចហើយ បេក្ខជននឹងតម្រូវឱ្យធ្វើតេស្តវាយតម្លៃសមត្ថភាពភាសាអង់គ្លេស
- រាល់បេក្ខជនជ័យលាភីនឹងទទួលបានអាហារូបករណ៍សិក្សាទៅតាមកម្រិតដែលសមស្របនឹងសមត្ថភាពភាសាអង់គ្លេសបច្ចុប្បន្នរបស់ពួកគេ។
គូសបញ្ជាក់ផងដែរថា វគ្គសិក្សានឹងចាប់ផ្តើមចូលរៀននៅ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ផ្សេងៗ សិស្សានុសិស្ស និងអាណាព្យាបាលអាចទាក់ទងតាមរយៈលេខទូរសព្ទ៖ 085 809 589៕














































































