ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មកពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង សៀមរាប កំពត និងខេត្តព្រះសីហនុ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលជំនាញអប់រំពិសេស នៅវិទ្យាស្ថានជាតិអប់រំពិសេស ក្នុងឆ្នាំសិក្សា ២០២៦-២០២៧។
ការបណ្តុះបណ្តាលនេះផ្តោតសំខាន់លើជំនាញអប់រំពិសេសផ្នែក៖
-ជំនាញបង្រៀនសិស្សពិការភ្នែក (៦នាក់)
-ជំនាញបង្រៀនសិស្សគថ្លង់ (៩នាក់)
-ជំនាញបង្រៀនសិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹម (១៥នាក់)
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល ១០ ខែ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៧។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស និងអត្ថប្រយោជន៍របស់សិក្ខាកាម មានដូចខាងក្រោម៖
១. ជាគ្រូបង្រៀនក្របខ័ណ្ឌ ឬគ្រូបង្រៀនជាប់កិច្ចសន្យាកំពុងបម្រើការងារនៅវិទ្យាល័យអប់រំពិសេស ថ្នាក់សមាហរណកម្ម និងថ្នាក់អប់រំបរិយាបន្នដែលជាដៃគូរបស់វិទ្យាល័យអប់រំពិសេស ដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលជំនាញអប់រំពិសេសពីមុនមក។
២. សិក្ខាកាមដែលត្រូវបានជ្រើសរើសមកទទួលការបណ្តុះបណ្តាល នឹងត្រូវរក្សាទុកក្របខ័ណ្ឌ ឬមុខតំណែង និងបៀវត្សរ៍ដដែល។
៣. ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ សិក្ខាកាមទាំងអស់ត្រូវត្រឡប់ទៅបម្រើការងារនៅអង្គភាពដើមវិញ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា មានពេលចាត់ចែងជ្រើសរើស និងរៀបចំបញ្ជីរាយនាមសិក្ខាកាម រួចបញ្ជូនមកនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន ឱ្យបានមុនថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាកំហិត។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 092 682 278៕






























