មនុស្សភាគច្រើនតែងយល់ច្រឡំថា ភាពប៉ិនប្រសប់កម្រិតកំពូល ជាអំណោយទានពីកំណើត ឬជា «ទេពកោសល្យធ្លាក់ពីលើមេឃ»។ មិនថាជាអ្នកកាត់តវីដេអូកម្រិតហូលីវូដ អ្នករចនាក្រាហ្វិក (Graphic Designer) ឆ្នើម កីឡាករអាជីព ឬអ្នកសារព័ត៌មានលំដាប់ជួរមុខ សុទ្ធសឹងតែត្រូវបានសង្គមមើលឃើញតាមរយៈលទ្ធផលជោគជ័យ ជាជាងដំណើរការដ៏លំបាកនៅពីក្រោយខ្នង។
យ៉ាងណាមិញ នៅក្នុងសៀវភៅស្រាវជ្រាវដ៏ល្បីល្បាញ The Talent Code របស់អ្នកនិពន្ធ Daniel Coyle បានបង្ហាញការពិតផ្ទុយស្រឡះ គឺ «ទេពកោសល្យ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ ប៉ុន្តែវាជាលទ្ធផលនៃការលូតលាស់របស់សារធាតុ Myelin នៅក្នុងខួរក្បាល។
Myelin គឺជាស្រទាប់ស្រោបជុំវិញសរសៃប្រសាទ។ រាល់ពេលដែលយើងអនុវត្តជំនាញណាមួយដោយការផ្ដោត ស្រទាប់ Myelin នឹងកាន់តែក្រាស់ឡើងៗ ដែលធ្វើឱ្យសញ្ញាបញ្ជាក្នុងខួរក្បាលរត់កាន់តែលឿន ច្បាស់លាស់ និងស្ទាត់ជំនាញបំផុត។ ខាងក្រោមនេះជា ៦ ជំហាន ក្នុងការបង្វឹកខ្លួនឯងឱ្យក្លាយជាអ្នកជំនាញពិតប្រាកដ៖
១. ឈប់ជឿលើទេពកោសល្យពីកំណើត
គ្មាននរណាម្នាក់កើតមកចេះកាត់តវីដេអូ ឬចេះឌីហ្សាញភ្លាមៗនោះទេ។ ជំនាញមិនមែនស្ថិតនៅក្នុងហ្សែន (DNA) ទេ តែវាជាការសាងសង់បណ្ដាញសរសៃប្រសាទតាមរយៈការហ្វឹកហាត់ដដែលៗ។ Daniel Coyle បានបញ្ជាក់ថា អ្វីដែលយើងហៅថា «ទេពកោសល្យ» តាមពិតទៅជាលទ្ធផលនៃការស្រោបស្រទាប់ Myelin លើសៀគ្វីសរសៃប្រសាទ។ នៅពេលអ្នកផ្លាស់ប្តូរផ្នត់គំនិត (Mindset) ថាសមត្ថភាពអាចសាងសង់ឡើងវិញបាន អ្នកនឹងឈប់រកលេស ហើយចាប់ផ្តើមវិនិយោគពេលវេលាលើការហ្វឹកហាត់។
២. អនុវត្តស៊ីជម្រៅ (Deep Practice)

ការហ្វឹកហាត់រាប់ពាន់ម៉ោងដោយគ្មានការផ្តោតអារម្មណ៍ មិនអាចបង្កើតអ្នកជំនាញបានទេ។ «Deep Practice» ទាមទារឱ្យអ្នកស្ថិតនៅក្នុងតំបន់ពិបាក (Sweet Spot) ពោលគឺកម្រិតមួយដែលហួសពីសមត្ថភាពបច្ចុប្បន្នបន្តិច។ នៅពេលធ្វើខុស កុំរំលង! ត្រូវឈប់ភ្លាម កំណត់ឱ្យច្បាស់ថាខុសត្រង់ណា រួចកែតម្រូវកំហុសនោះឡើងវិញ។ កំហុសក្នុងការហ្វឹកហាត់មិនមែនជារឿងអាម៉ាស់ទេ ប៉ុន្តែជាសញ្ញាប្រាប់ខួរក្បាលឱ្យពង្រឹងស្រទាប់ Myelin នៅចំណុចខ្សោយនោះ។
៣. បំបែកជាចំណែកតូចៗ (Chunking)
កំហុសធំបំផុតរបស់អ្នកចាប់ផ្តើមរៀនជំនាញថ្មី គឺចង់ចេះគ្រប់យ៉ាងក្នុងពេលតែមួយ។ យុទ្ធសាស្ត្រ Chunking តម្រូវឱ្យអ្នកបំបែកជំនាញធំមួយ ឱ្យទៅជាចំណែកតូចៗដែលងាយស្រួលគ្រប់គ្រង។ ឧទាហរណ៍ ប្រសិនបើអ្នកចង់រៀនកាត់តវីដេអូ កុំទាន់អាលប្រឹងរៀនធ្វើ Effect ស្មុគស្មាញ ត្រូវចាប់ផ្តើមរៀនពីការកាត់ចង្វាក់សាច់រឿង (Pacing) និងការកាត់តសំឡេងឱ្យស្អាតសិន រួចសឹមឈានទៅរៀនកែពណ៌ (Color Grading) និងក្រាហ្វិក។ ការធ្វើបែបនេះ ជួយឱ្យខួរក្បាលចាប់យកចំណុចស្នូលបានលឿន និងច្បាស់លាស់។
៤. ធ្វើឱ្យយឺតៗ (Slow It Down)
ក្នុងសៀវភៅ The Talent Code សាលាបង្វឹកលំដាប់ពិភពលោកតែងតែបង្ខំឱ្យសិស្សអនុវត្តចលនាយឺតៗបំផុត។ មុននឹងចង់ធ្វើការងារមួយបានលឿនដូចផ្លេកបន្ទោរ អ្នកត្រូវរៀនធ្វើវាឱ្យយឺតបំផុត ដើម្បីធានាថាគ្រប់ចលនា គ្រប់ជំហាន គឺត្រឹមត្រូវឥតខ្ចោះ។ ការធ្វើការងារយឺតៗអនុញ្ញាតឱ្យប្រព័ន្ធប្រសាទចាប់យកចង្វាក់ និងលំនាំបានត្រឹមត្រូវ។ នៅពេលគ្រឹះរឹងមាំហើយ ល្បឿន (Speed) នឹងកើនឡើងដោយស្វ័យប្រវត្តិ។
៥. បញ្ឆេះចំណង់ (Ignition)

ការហ្វឹកហាត់ស៊ីជម្រៅទាមទារថាមពលផ្លូវចិត្តខ្ពស់ណាស់។ ប្រសិនបើគ្មាន «ភ្លើងបញ្ឆេះ» ទេ អ្នកនឹងបោះបង់ចោលនៅពាក់កណ្តាលផ្លូវមិនខាន។ Ignition គឺជាកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លាអាចជាក្តីស្រមៃចង់ផ្លាស់ប្តូរជីវិត ការចង់ជោគជ័យ ឬការមានរូបព្រះ (Idol/Role Model) ក្នុងចិត្តដែលជំរុញអ្នកឱ្យគិតថា «បើគាត់ធ្វើបាន ខ្ញុំក៏អាចធ្វើបានដែរ»។ ភ្លើងឆេះពីខាងក្នុងនេះហើយ ដែលជាប្រភពថាមពលជួយឱ្យអ្នកក្រោកឈររាល់ពេលជួបភាពនឿយហត់។
៦. ស្វែងរកគ្រូបង្វឹកកំពូល (Master Coaching)
គ្រូបង្វឹកឆ្នើមមិនមែនជាអ្នកដែលពូកែផ្ដល់តែពាក្យសរសើរនោះទេ។ ផ្ទុយទៅវិញ គ្រូបង្វឹកកម្រិតកំពូល គឺជាអ្នកសង្កេតយ៉ាងល្អិតល្អន់ និងជាកញ្ចក់ឆ្លុះបញ្ចាំងការពិត។ ពួកគាត់តែងតែផ្ដល់ព័ត៌មានកែលម្អ (Feedback) ខ្លីៗ ចំៗ ប្រាប់ត្រង់ៗពីចំណុចខ្វះខាត និងណែនាំដំណោះស្រាយកែតម្រូវភ្លាមៗ។ ការមានអ្នកណែនាំ (Mentor) ឬគ្រូដែលហ៊ានរិះគន់ក្នុងន័យស្ថាបនា នឹងជួយកាត់បន្ថយពេលវេលាដើរវង្វេងរបស់អ្នកបានរាប់ឆ្នាំ៕














































































