អគារសិក្សានៅតាមសាលារៀនក្នុងតំបន់ដាច់ស្រយាលចំនួន១៥ទីតាំង ក្នុងខេត្តចំនួន៥ ដែលជាជំនួយឧបត្ថម្ភរបស់អង្គការមូលនិធិអេស៊ីលីដា ចារឌីន ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងថ្ងៃតែមួយក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ កម្មវិធីសម្ពោធដាក់ឱ្យដំណើរការនូវសាលារៀនចំនួន១៥នេះ ធ្វើឡើងនៅក្នុងសាលាបឋមសិក្សាត្រពាំងព្រីង ក្នុងភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការមូលនិធិអេស៊ីលីដាចារឌីនសម្រាប់ការអប់រំ បានមានប្រសាសន៍ថា អង្គការនេះ បង្កើតឡើងដោយធនាគារអេស៊ីលីដា ក្រុមហ៊ុនចារឌីន និងក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ហើយបានចាប់ផ្ដើមធ្វើសកម្មភាពសាងសង់អគារសិក្សានៅតាមសាលារៀនដាច់ស្រយាលចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៨។ គិតត្រឹមចុងឆ្នាំ២០២៥ អង្គការបានសាងសង់អគារសិក្សាក្នុងសាលាចំនួន១៥អគារ ដែលក្នុងនោះ មាននៅខេត្តឧត្តរមានជ័យចំនួន ៥អគារ ខេត្តព្រះវិហារចំនួន ៤អគារ ខេត្តស្ទឹងត្រែងចំនួន ២អគារ ខេត្តរតនគិរី ចំនួន១អគារ និងខេត្តមណ្ឌលគិរីចំនួន ៣អគារ ។ អគារសិក្សាទាំង១៥អគារនេះ បានចំណាយថវិកាប្រមាណជិត១លានដុល្លារអាមេរិក ដែលជាមូលនិធិរបស់អង្គការអេសីលីដាចារឌីន។

លោកបណ្ឌិតបន្តថា មូលហេតុដែលអង្គការជ្រើសរើសយកទីតាំងនៅក្នុងសាលាបឋមសិក្សាដាច់ស្រយាលនេះ គឺដោយសារតែចង់ឱ្យកុមារនៅក្នុងតំបន់មានបន្ទប់សិក្សាល្អ មានផាសុក និងជំរុញឱ្យកុមារនៅតំបន់ដាច់ស្រយាលចូលរៀនកម្រិតមូលដ្ឋានបានគ្រប់គ្នា។
“គោលដៅធំរបស់អង្គការគឺចង់ឱ្យកុមារក្នុងតំបន់ដាច់ស្រយាល មានចំណេះដឹង អាចអាន អាចគិតលេខបាន”
លោកបន្ថែមថា ចក្ខុវិស័យរបស់អង្គការមូលនិធិអេស៊ីលីដាចារឌីន សម្រាប់អប់រំ ( អេ ជេ អេហ្វ ) នឹងបន្តសាងសង់អគារសិក្សាយ៉ាងតិចចំនួន២ទៅ៣អគារក្នុងមួយឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៦នេះ បាននិងកំពុងសាងសង់អគារបឋមសិក្សាចំនួន ២អគារបន្ថែមទៀត ដោយ១អគារនៅខេត្តព្រះវិហារ និង១អគារទៀតនៅខេត្តរតនគិរី ដែលគ្រោងនឹងចំណាយថវិកាអស់ ១៣ម៉ឺន៧ពាន់ដុល្លារអាមេរិក បញ្ចប់ការសាងសង់នៅខែកក្កដា ឆ្នាំ ២០២៦ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ប្រទេសជាតិមួយដែលអាចរីកចម្រើនទៅបានគឺអាស្រ័យទៅលើពលរដ្ឋដែលមានចំណេះដឹង ដូច្នេះហើយការចូលរៀនមេត្តេយ្យសាលា បឋមសិក្សា មធ្យមសិក្សា និងឈានទៅដល់ឧត្តមសិក្សាគឺជាការចាំបាច់ ហើយការចូលរួមពីវិស័យឯកជន ក្នុងការងារសង្គមពិតជាមានសារសំខាន់ណាស់។ ការចូលរួមសាងសង់សាលាពីសំណាក់មូលនិធិអេស៊ីលីដា ចារឌីននេះ គឺជាការចូលរួមលើកកម្ពស់ដល់វិស័យអប់រំ នៅតំបន់ឆ្ងាយៗពីទីប្រជុំជន តំបន់ដាច់ស្រយាលដែលមានភាពខ្វះខាត ។


ឯកឧត្តមបន្តថា ធនាគារអេស៊ីលីដា និងក្រុមហ៊ុនហ្វតតេ មិនត្រឹមតែជាក្រុមហ៊ុនក្នុងស្រុកធ្វើអាជីវកម្មលើវិស័យហិរញ្ញវត្ថុ ចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែក្រុមហ៊ុនទាំងពីរក៏បានចូលរួមក្នុងការលើកកម្ពស់វិស័យអប់រំ ជាក់ស្ដែងតាមរយៈការសាងសង់អគារសិក្សានៅតាមសាលារៀនបឋមសិក្សាក្នុងតំបន់ដាច់ស្រយាលជាច្រើនចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តមក៏បានណែនាំនិងអំពាវនាវឱ្យលោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សដែលនៅតំបន់ដែលទទួលបានសាលារៀនពីអង្គការសូមចូលរួមថែរក្សាអគារសិក្សានេះឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕































