តើការបញ្ចេញមតិនៅលើបណ្តាញសង្គមដោយគ្មានការសិក្សាច្បាស់លាស់អាចជះផលអវិជ្ជមានអ្វីខ្លះ?

ភ្នំពេញ – ដោយសារតែការរីកចម្រើន​នៃបច្ចេកវិទ្យា ជាការកត់សម្គាល់នាពេលបច្ចុប្បន្ន​នេះ នៅពេល​ដែល​មានព្រឹត្តិការណ៍នានាកើតឡើងនៅ​ក្នុងសង្គម ឬបញ្ហាផ្ទាល់ខ្លួនអ្វីមួយ ប្រជាពលរដ្ឋ​យើង​តែង​តែប្រើប្រាស់បណ្តាញសង្គមដើម្បីបង្ហាញពីរឿងរ៉ាវទាំងនោះ ឬក៏​បញ្ចេញមតិជាដើម ។ តើ​ការ​បញ្ចេញមតិពីរឿងរ៉ាវដែល​មិន​ទាន់សិក្សា​ច្បាស់លាស់​ទៅ​លើ​បណ្តាញ​សង្គមវានឹងអាចជះផលអវិជ្ជមានអ្វីខ្លះ?

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ផ្អែកលើអ្វីដែលកើតឡើងក្នុងសង្គមជាក់ស្តែងថ្មីៗនេះ លោកយល់ថា ក្នុងករណីមួយចំនួន ការបញ្ចេញមតិរបស់សាធារណៈជនចំពោះបញ្ហាអ្វីមួយលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ អាចមានលក្ខណៈភ្លើងចំបើង ពោលគឺដុតរោលរាល និងរាលដាលលឿនពិបាកនឹងទប់ស្កាត់ទាន់ពេល។

លោកបណ្ឌិត សុខ សូត្រ បន្តថា អ្នកបញ្ចេញមតិប្រតិកម្មទៅអ្វីដែលគេចែករំលែក ឬផូសត៍ (Post) លើបណ្តាញសង្គម ភាគច្រើនគឺហាក់ធ្វើឡើងចេញពីមនោរម្មណ៍មួយវិបប៉ុណ្ណោះ មិនបានពិចារណាលើ ៤ចំណុចឱ្យគ្រប់ជ្រុងជ្រោយនោះទេ។ ទី១. បរិបទ និងបុព្វបទនៃការលើកឡើងនោះគឺអ្វីពិតប្រាកដ? ទី២. អ្នកនិយាយនោះជាអ្នកណាពិតប្រាកដ ហើយគោលបំណងគេ ឬគេចង់បានអ្វីពិតប្រាកដ បានជានិយាយដូច្នេះ? ទី៣. អ្វីដែលគេលើកឡើងនោះសំអាងលើភស្តុតាងអ្វីពិតប្រាកដ និងតើភស្តុតាងនោះអាចជឿជាក់បានដល់កម្រិតណាដែរ ហើយមានអ្នកណាខ្លះដែលដឹងពីរឿងនេះ? និង ទី៤. បើយើងប្រតិកម្មទៅនឹងអ្វីដែលគេនិយាយ យើងចំណេញ ឬខូចខាតអ្វីខ្លះ អ្នកនិយាយខាងដើមចំណេញនិងខូចខាតអ្វីខ្លះ និងសង្គមយើងចំណេញនិងខូចខាតអ្វីខ្លះ?

លោកបណ្ឌិត សុខ សូត្រ

“ការមិនដឹងច្បាស់ពីកត្តាទំាងនេះ នាំឱ្យអ្នកបញ្ចេញយោបល់ឆ្លើយតបបែបភ្លើងចំបើង ដោយវានឹងដុតរោលអារម្មណ៍អ្នកបញ្ចេញមតិ និងអ្នកស្តាប់ ហើយបង្កបានជាការបញ្ឆេះកំហឹងបន្ត រាលដាលឆាបឆេះដូចភ្លើងចំបើង ដែលឆេះលឿន ហើយមានកំដៅខ្លាំង នឹងបន្សល់ទុកនូវតែភាពវិនាសច្រើននិងលឿន”

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់បន្ថែមថា ការបញ្ចេញមតិនៅលើបណ្តាញសង្គមដោយគ្មានការសិក្សាច្បាស់លាស់មានផលប៉ះពាល់ច្រើនយ៉ាង រួមមាន ទី១. ការប៉ះពាល់ដល់អារម្មណ៍របស់អ្នកប្រតិកម្ម។ ការនិយាយឆ្លើយតបបែបរោលរាល និងមិនបានឆ្លងកាត់ការពិចារណាលើបួនចំណុចខាងដើម ទោះបីពីដំបូងអាចធ្វើឱ្យធូរទ្រូងគេមែន តែអ្វីដែលកើតឡើងបន្ទាប់មកអាចនាំមកជាផលវិបាកផ្សេងៗ ជាពិសេសពេលគេប្រតិកម្មខុស។ ទី២. អ្នកបញ្ចេញយោបល់ពីខាងដើម អាចនឹងទទួលរងគ្រោះ ដោយការប្រមាថមើលងាយផ្សេងៗព្រោះតែការបកស្រាយខុសពីគោលបំណងដើមរបស់គេ។ ទី៣. អាចមានការប្រឈមជាមួយការបង្កើតក្រុមបដិបក្ខ ការពារមតិគ្នាដោយមិនមានប្រយោជន៍ច្បាស់លាស់ នាំដល់ការខឹងសម្បារ និងការគុំគួន និងទី៤. ការងាកទៅផ្តោតលើអ្វីដែលមិនសូវជាមានខ្លឹមសារសម្រាប់ការអភិវឌ្ឍបុគ្គល គ្រួសារ និងសង្គម។

លោកបណ្ឌិត សុខ សូត្រ

“ខ្ញុំសំណូមពរដល់អ្នកចង់ប្រតិកម្មលើបណ្តាញសង្គម សូមគិតឱ្យច្បាស់ពីបួនចំណុចដែលខ្ញុំបានលើកឡើងពីខាងលើ និងបូកផ្សំជាមួយចំណុចផ្សេងទៀត ដែលបានពីបទពិសោធន៍ផ្ទាល់ខ្លួនថា មតិអាចដុតរោល ឬអាចនាំឱ្យមានការរីកចម្រើនរួបរួមគ្នា”

លោកបណ្ឌិត សុខ សូត្រ បញ្ជាក់ថា មុនបញ្ចេញមតិតាមបណ្តាញសង្គម គួរចាំនូវចំណុចដូចជា ១. អ្វីដែលយើងចង់បញ្ចេញមតិ តើអ្នកណាខ្លះគេនឹងស្តាប់ ហើយគេអាចនឹងគិតច្រឡំអ្វីខ្លះ នាំមកនូវការប្រឈមអ្វីខ្លះ, ២. កុំម៉ៅអួរ ព្រោះអ្វីដែលកើតឡើងអាចជាករណីតែមួយចំនួនប៉ុណ្ណោះ, ៣.សូមបញ្ចេញមតិពេញដោយការគោរពចំពោះអ្នកស្តាប់ និងសង្គម, ៤. សូមផ្តោតលើការពិត ភស្តុតាង និងទិន្នន័យ និង ៥. សូមគិតផងថា យើងអាចបំពានច្បាប់អ្វីខ្លះ ។ អ្វីដែលមិនចំណេញ កុំនិយាយចេញ។

សម្រាប់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community បានលើកឡើងដែរថា ការបញ្ចេញមតិរបស់សាធារណៈជនចំពោះបញ្ហាអ្វីមួយលើបណ្តាញសង្គម នាពេលបច្ចុប្បន្ននេះអាចមានលក្ខណៈល្អ និងមិនល្អ។ ចំណុចល្អ គឺប្រជាជនចាប់ផ្ដើមចេះឈឺឆ្អាលច្រើន ធ្វើឱ្យបញ្ហាមួយចំនួនត្រូវបានដោះស្រាយតាមមតិរបស់ប្រជាពលរដ្ឋ ។ ចំណែកចំណុចមិនល្អ គឺបច្ចុប្បន្នការបញ្ចេញមតិយោបល់តាមគ្នាភាគច្រើន ប្រសិនជាមានបុគ្គលពូកែបង្កើតជាព្រឹតិ្តការណ៍ទាញចំណាប់អារម្មណ៍ខ្លាំង ហើយដោយសារប្រជាពលរដ្ឋយើងភាគច្រើនមិនបានស្វែងយល់ឱ្យបានស៊ីជម្រៅពី ហេតុ និងផល ឱ្យបានពិតប្រាកដ គឺឆាប់ធ្លាក់ទៅក្នុងការអូសទាញរបស់គេ ទម្រាំតែដឹងរឿងហេតុពិតប្រាកដចង់ហួសពេល មានន័យថា អ្វីដែលយើងខំនិយាយកន្លងមកមិនត្រូវសោះ ដែលនាំឱ្យកើតមានកំហុសឆ្គង។

លោក គីម ដារ៉ា បន្តថា ការបញ្ចេញមតិនៅលើបណ្តាញសង្គមដោយគ្មានការសិក្សាច្បាស់លាស់អាចឱ្យមានការលំអៀង បាត់ភាពយុត្តិធម៌ ឬធ្វើឱ្យមនុស្សមួយចំនួនមានភាពខ្លាចរអា ។ លើសពីនេះ ជាការដាក់សម្ពាធទៅលើបុគ្គលណាម្នាក់ បើនៅស្រុកគេ ការបញ្ចេញមតិយោបល់មិនត្រឹមត្រូវអាចឈានដល់ការគិតខ្លី ដោយសារមានសម្ពាធផ្លូវចិត្តខ្លាំងទៀតផង។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

“ខ្ញុំគិតថាចេតនាអ្នកបញ្ចេញមតិយោបល់គឺមានចេតនាល្អ មានន័យថា គាត់ចេះឈឺឆ្អាល ប៉ុន្តែសូមកុំឱ្យភាពឈឺឆ្អាលនេះ បង្កជាបញ្ហាដល់សង្គមបន្ថែមទៀតព្រោះមិនមែនជារឿងល្អនោះទេ”

ស្ថាបនិកសាលាបង្វឹក Startup Community បន្ថែមថា រឿងបញ្ចេញមតិនៅលើបណ្តាញសង្គមដោយគ្មានការសិក្សាច្បាស់លាស់ គ្មានប្រភពត្រឹមត្រូវ គឺមិនមែនជារឿងល្អទេ ប៉ុន្តែប្រសិនបើមនុស្សគ្រប់គ្នាមិនបញ្ចេញយោបល់ក៏មិនមែនជារឿងល្អដែរ ព្រោះសង្គមយើងជារបស់យើងទាំងអស់គ្នាប្រសិនម្នាក់ៗអង្គុយតែសំងំមិនបញ្ចេញគំនិតអ្វីសោះ ក៏មិនកើតដែរ វានឹងធ្វើឱ្យសង្គមកាន់តែពិបាក។ លោក គីម ដារ៉ា បន្តថា យើងគួរតែបញ្ចេញមតិយោបល់ចំពោះបញ្ហាអ្វីមួយ ប៉ុន្តែមុននឹងបញ្ចេញមតិយោបល់ត្រូវសិក្សាស្វែងយល់អំពីបញ្ហាទាំងនោះឱ្យច្បាស់លាស់ជាមុនសិន ព្រោះការមិនបានស្វែងយល់ច្បាស់លាស់អាចបង្កការឈឺចាប់ដល់អ្នកដទៃ ឈានដល់ការជេរប្រមាថគេទាំងមិនដឹងមូលហេតុជាដើម។

លោក គីម ដារ៉ា ក៏បានសំណូមពរដល់ស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈទាំងអស់ នៅពេលមានព្រឹត្តិការណ៍អ្វីមួយកើតឡើង សូមជួយសរសេរបកស្រាយរឿងហេតុណាមួយឱ្យបានច្បាស់លាស់ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត។ ប្រសិនបើសារព័ត៌មានមិនចូលរួមទេ ក៏ពិបាកដែរពីព្រោះប្រជាពលរដ្ឋចំណេះដឹងនៅមានកម្រិត ហើយមិនសូវមានជំនាញពិបាកបែងចែករឿងណាពិត និងរឿងណាមិនពិត។ ដូច្នេះ សារព័ត៌មានគួរតែជាបុគ្គលដែលឯករាជ្យ មានវិជ្ជាជីវៈ អ្វីដែលផ្ដល់ឱ្យជាព័ត៌មានដែលសុក្រឹតដើម្បីផ្ដល់ឱ្យអ្នកមើលយកពិចារណាទៅតាមផ្នត់គំនិតផ្សេងៗគ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...