ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២ កន្លែង។ ការជ្រើសរើសនេះត្រូវបានបែងចែកជាពីរផ្នែកធំៗ គឺមុខតំណែងគាំទ្រ និងមុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេស។
មុខតំណែងដែលត្រូវជ្រើសរើស
ការប្រឡងប្រជែងនេះនឹងផ្ដល់ឱកាសដល់បេក្ខជនក្នុងជំនាញផ្សេងៗគ្នាដូចខាងក្រោម៖
- មុខតំណែងគាំទ្រ (០៥ កន្លែង)៖ រួមមានមន្រ្តីគណនេយ្យ, មន្ត្រីសវនកម្ម, មន្ត្រីគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីព័ត៌មានវិទ្យា (សម្រាប់អង្គភាពចំនួន ៤)។
- មុខតំណែងវិជ្ជាជីវៈការបរទេស (៤៧ កន្លែង)៖ រួមមានមន្រ្តីការទូតជាន់ខ្ពស់ផ្នែកពិធីការ, ច្បាប់, ទំនាក់ទំនងអន្តរជាតិ, វិភាគ, សេដ្ឋកិច្ច, សារព័ត៌មាន និងផ្នែកភាសាបរទេស (សម្រាប់អង្គភាពចំនួន ៤១)។
វិញ្ញាសាប្រឡង និងលក្ខខណ្ឌតម្រូវ
វិញ្ញាសាដែលបេក្ខជនគួរត្រៀមមានដូចជា ជំនាញ/ឯកទេស ភាសាអង់គ្លេស និងចំណេះដឹងទូទៅ។ សម្រាប់វិញ្ញាសាចំណេះដឹងទូទៅគឺមានភាពពាក់ព័ន្ធនឹង (១) មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង (២) ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានសញ្ញាបត្រពាក់ព័ន្ធ និងជំនាញ/ឯកទេស សូមត្រៀមលក្ខណៈឱ្យបានរួចរាល់។
គួរបញ្ជាក់ថា បេក្ខជនដែលចូលរួមក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ ពោលគឺមុខតំណែងវិជ្ជាជីវៈការបរទេស នឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងជា២ដំណាក់កាល គឺដំណាក់កាលវិញ្ញាសាសរសេរលើកទី១ និង ដំណាក់កាល វិញ្ញាសាសួរផ្ទាល់មាត់។ មានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១តែប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់។ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតនោះគឺ បេក្ខជនមន្ត្រីការទូតជាន់ខ្ពស់ ត្រូវមានកម្រិតភាសាអង់គ្លេស IELTS 5.5 ឬសមមូល ឬបេក្ខជនដែលបានបំពេញការសិក្សាជាភាសាអង់គ្លេស។
បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានសញ្ញាបត្រស្របតាមជំនាញដែលបានកំណត់ សូមតាមដានព័ត៌មានលម្អិត និងការបរិច្ឆេទឈប់ទទួលពាក្យតាមរយៈបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ៖ https://t.me/CivilServiceNews31៕





























