ក្រសួងអប់រំដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)

គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) ដែលជាគម្រោងដ៏សំខាន់មួយ ក្នុងការលើកកម្ពស់មូលដ្ឋានគ្រឹះនៃការរៀនសូត្រសម្រាប់សិស្សនៅបឋមសិក្សា ត្រូវ​បានដាក់ឱ្យ​អនុវត្ត​ជាផ្លូវការ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

គម្រោង BEIP នឹងផ្តល់អត្ថប្រយោជន៍ដល់កុមារចំនួនប្រហែល ១.៧ លាននាក់ តាមរយៈការកែលម្អគុណភាពអប់រំបឋមសិក្សា, ធ្វើឱ្យមានការបន្ថែមគុណវុឌ្ឍិបង្រៀនសម្រាប់គ្រូប្រហែល ៣៧០០០ នាក់ តាមរយៈការប្រឹក្សា ណែនាំ និងគាំទ្របច្ចេកទេស, ពង្រីកការអប់រំកុមារតូចនិងសេវាថែទាំទារកនិងកុមារតូច—សាងសង់ទារកដ្ឋានចំនួន ៦០និងបើកថ្នាក់មត្តេយ្យ ៦០, លើកកំពស់ហេដ្ឋារចនាសម្ព័ន្ធសាលា ដោយសាងសង់បន្ថែមបន្ទប់រៀនប្រមាណ ៩០០ បន្ទប់ និងកែលម្អបណ្ដាញទឹក និងអនាម័យ និងអនាម័យខ្លួនប្រាណ, និងពង្រឹងប្រព័ន្ធគ្រប់គ្រងការអប់រំ ដើម្បីធ្វើឱ្យការសិក្សាមានភាពធន់ និងប្រកបដោយបរិយាបន្នជាងមុន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការដាក់ដំណើរការជាផ្លូវការគម្រោង BEIP នេះ បង្ហាញពីការបន្តគាំទ្រលើវិស័យអប់រំកម្ពុជា ជាពិសេសផ្តោតយកចិត្តទុកដាក់លើការពង្រឹងការអប់រំកម្រិតមូលដ្ឋាន ការជំរុញ និងពន្លឿនកំណែទម្រង់ការអប់រំ ការពង្រឹងស្ថាប័ន និងការលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សនៅកម្ពុជា។

ឯកឧត្តមលើកឡើងថា ក្នុងអំឡុងមួយទសវត្សមកនេះ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំជាស្នូល នៃការកសាងមូលធនមនុស្ស ដូចមានបញ្ជាក់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ តាមរយៈកំណែទម្រង់អប់រំកន្លងមក ក្រសួងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ទាំងបរិមាណវិស័យ និងគុណវិស័យ ដូចជា៖ (១) កំណើនសិស្សចូលរៀនគ្រប់កម្រិត កំណើនអត្រាបញ្ចប់ការសិក្សា និងអត្រាបោះបង់ការសិក្សាថយចុះ (២) លទ្ធផលនៃរង្វាយតម្លៃសិក្សាសិស្សបឋមសិក្សាកម្រិតតំបន់ SEA-PLM ឆ្នាំ ២០២៤ បង្ហាញថា សិស្សកម្ពុជាមានពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង ៦ពិន្ទុ (២៩០ ក្នុងឆ្នាំ២០១៩ កើនដល់ ២៩៦ ក្នុងឆ្នាំ២០២៤) និងពិន្ទុជាមធ្យមផ្នែកគណិតវិទ្យាកើនឡើង ១២ពិន្ទុ (២៨៩ ក្នុងឆ្នាំ២០១៩ កើនដល់ ៣០១ ក្នុងឆ្នាំ២០២៤)។ ក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងរង្វាយតម្លៃ SEA-PLM ទាំងពីរលើក ពិន្ទុផ្នែកអំណាន និង គណិតវិទ្យារបស់សិស្សកម្ពុជានៅតែស្ថិតនៅកណ្តាល ក្នុងលំដាប់ទី៤ (បន្ទាប់ពី វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា)។ ជាមួយគ្នានេះ ក្នុងចំណោមប្រទេសដែលមានពិន្ទុសិស្សកើនឡើង ពិន្ទុរបស់សិស្សកម្ពុជាកើនឡើងច្រើនជាងគេបង្អស់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យសម្រេចបានវឌ្ឍនភាពជាច្រើន ជាពិសេសការចូលគាំទ្រពីសំណាក់មាតាបិតា និងសហគមន៍ ដោយបញ្ជាក់ថា ការប្រកាសដាក់ឱ្យដំណើរការគម្រោង BEIP គឺជាសក្ខីភាពនៃការប្តេជ្ញារបស់កម្ពុជាចំពោះកុមារទូទាំងប្រទេស ដែលនឹងក្លាយជាកម្លាំងពលកម្មនាពេលអនាគត ហើយតាមរយៈគម្រោងនេះ កម្ពុជានឹងកសាងមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនការចូលរៀននៅមធ្យមសិក្សា ការអនុវត្តគន្លងអប់រំថ្មីប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍមូលធនមនុស្សដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា

លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា គម្រោងសហប្រតិបត្តិការរបស់ធនាគារពិភពលោក សម្រាប់កម្ពុជា ឆ្នាំ២០២៥-២០២៩ ត្រូវ​បានរៀបចំឡើងតាមរយៈការពិភាក្សាទូលំទូលាយ ជាមួយដៃគូរាជរដ្ឋាភិបាល រួមទាំងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអ្នកដឹកនាំវិស័យឯកជន និងតំណាងសង្គមស៊ីវិល ដើម្បីគាំទ្រការអភិវឌ្ឍរបស់កម្ពុជា។ លោកស្រីសង្កត់ធ្ងន់ថា ការពង្រឹងធនធាន មនុស្ស ជាពិសេសការអប់រំមូលដ្ឋាន គឺជាអាទិភាពកម្រិតខ្ពស់មួយក្នុងចំណោមបីគោលដៅទៀត ដែលធនាគារពិភពលោក​នឹងត្រូវផ្ដោតអនុវត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨