ខេត្តគោលដៅចំនួន ៧ រួមមាន សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ កំពង់ធំ និងក្រចេះ នឹងទទួលបានការគាំទ្រក្នុងការពង្រឹងគុណភាពអប់រំ តាមរយៈគម្រោងរួមរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តមុខងារអប់រំដែលត្រូវបានផ្ទេរ។
កិច្ចព្រមព្រៀងសហការនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដោយគម្រោងនឹងអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧។ គោលបំណងសំខាន់គឺលើកកម្ពស់សមត្ថភាពរដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡា ដែលរាជរដ្ឋាភិបាលបានផ្ទេរទៅថ្នាក់មូលដ្ឋាន។
តាមអង្គការទស្សនៈពិភពលោក គម្រោងនេះនឹងជួយពង្រឹងប្រព័ន្ធគ្រប់គ្រង និងខ្សែគណនេយ្យភាពរវាងរដ្ឋបាលក្រុង ស្រុក និងគ្រឹះស្ថានអប់រំ តាមរយៈការសម្របសម្រួលការងាររវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តមុខងារ និងលើកកម្ពស់គុណភាពសេវាអប់រំសម្រាប់សិស្សានុសិស្សនៅតាមមូលដ្ឋាន។
លោកស្រីវេជ្ជបណ្ឌិត ថិន ធីហា នាយិកាស្តីទីប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា បានលើកឡើងថា លទ្ធផលនៃគម្រោងសាកល្បងនៅខេត្តសៀមរាប និងបន្ទាយមានជ័យ បានបង្ហាញពីប្រសិទ្ធភាពជាក់ស្តែង និងក្លាយជាមូលដ្ឋានសម្រាប់ពង្រីកការគាំទ្រទៅកាន់ខេត្តផ្សេងៗទៀត។

លោកស្រីបានបញ្ជាក់ថា « អង្គការនឹងបន្តសហការជាមួយក្រសួងអប់រំ ដើម្បីធានាថា ការផ្ទេរមុខងារទៅថ្នាក់មូលដ្ឋាន អាចផ្តល់សេវាសាធារណៈដែលមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ»។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានគូសបញ្ជាក់ថា ការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល គឺមានសារៈសំខាន់ក្នុងការជំរុញការអនុវត្តអនុក្រឹត្យលេខ ២១៣ ស្តីពីការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាថា ការផ្ទេរមុខងារនេះនឹងរួមចំណែកលើកកម្ពស់គុណភាពសិក្សារបស់សិស្សានុសិស្សនៅទូទាំងប្រទេស។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការផ្ទេរមុខងារវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ក្នុងគោលបំណងពង្រឹងវិមជ្ឈការ និងធ្វើឱ្យសេវាអប់រំកាន់តែខិតជិតប្រជាពលរដ្ឋ។ ការផ្ទេរនេះគ្របដណ្តប់លើអនុវិស័យសំខាន់ចំនួនបី គឺការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ។

កាលពីឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោកបានអនុវត្តគម្រោងសាកល្បងនៅខេត្តសៀមរាប និងបន្ទាយមានជ័យ។ លទ្ធផលវាយតម្លៃបានបង្ហាញថា ការផ្ទេរមុខងារបានធ្វើឱ្យសេវារដ្ឋបាលអប់រំកាន់តែខិតជិតអ្នកប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពការងារ។
បន្ថែមពីនេះបុគ្គលិកអប់រំជាង ៨០% បានវាយតម្លៃថា រដ្ឋបាលក្រុង ស្រុក មានសមត្ថភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងធនធានមនុស្ស និងដោះស្រាយការងារបានលឿន និងមានប្រសិទ្ធភាពជាងមុន៕






























