ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
ខ្សែភាពយន្តឯកសារ រយៈពេល ៨៧នាទីនេះ បានបង្ហាញពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្ដាញ ឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើប្រាស់ទាហានកុមារដើម្បីវាយឆ្មក់ប្លន់ យករតនសម្បត្តិបុរាណ ពីប្រាសាទ នានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះ ត្រូវបានលួចរត់ពន្ធឆ្លង ដែនទៅកាន់គេហដ្ឋាន របស់មហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្ដាញរបស់ Douglas Latchford។
ភាពយន្តឯកសារដែលមានលក្ខណៈស៊ើបអង្កេតនេះ គឺជាស្នាដៃផលិតរបស់ក្រុមហ៊ុន New Theory Pictures និងដឹកនាំរឿងដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមការងារបច្ចេកទេស និងផលិតករខ្មែរក្នុងស្រុក។ ភាពយន្តនេះបង្កប់នូវអត្ថន័យ និងតម្លៃជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ជាតិកម្ពុជា ព្រោះវាបានលាតត្រដាងពីការពិត នៃការលួចប្លន់ និងការជួញដូរវត្ថុបុរាណខ្មែររាប់មិនអស់ទៅ ក្រៅប្រទេសដោយ ខុសច្បាប់ ក្នុងអំឡុងពេលដែលកម្ពុជា ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។ ភាពយន្តនេះមិនត្រឹមតែជាការកត់ត្រា ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីកម្មដ៏រឹងមាំ មួយក្នុងការគាំទ្រ ដល់ដំណើរការទាមទារ និងនាំយកដួងព្រលឹងដូនតា និងសម្បត្តិបេតិកភណ្ឌជាតិត្រឡប់មកមាតុភូមិវិញ។




ភាពយន្តនេះក៏ទទួលបានការទទួលស្គាល់ និងជ្រើសរើសចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើនដូចជា NHK (Japan Prize, Finalist), Bali International Film Festival, Austin Film Festival, FIPADOC, Cambodia International Film Festival និងមហោស្រពភាពយន្តអន្តរជាតិល្បីៗជាច្រើនទៀត។
ដោយមើលឃើញពីសារៈសំខាន់របស់ខ្សែភាពយន្តឯកសារនេះ ក្រុមហ៊ុន AMS (Apsara Media Services) បាន សម្រេចចិត្តជួបពិភាក្សា និងទាក់ទងផ្ទាល់ទៅកាន់ផលិតករដើម្បីបង្កើតកិច្ចសហការ នាំយកភាពយន្តនេះមកចាក់ បញ្ចាំង ជាផ្លូវការនៅតាមរោងភាពយន្តទំនើបៗ ក្នុងប្រទេសកម្ពុជា ក្នុងបំណងជំរុញទឹកចិត្តយុវជន និងសាធារណជន ទូទៅ ឱ្យស្វែងយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រ ព្រមទាំងរួមគ្នាបង្កើតចលនាមួយ ដើម្បីការពារ និងគាំទ្រដល់ការទាម ទារសម្បត្តិបុរាណខ្មែរ ដែលត្រូវបានលួច នាំចេញទៅបរទេស ឱ្យវិលត្រឡប់មកវិញ។
ភាពយន្តនេះនិងធ្វើពិធីសម្ពោធផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ (វេលាម៉ោង ៥:០០ ល្ងាច ដល់ ៨:០០ យប់) នៅរោងភាពយន្ត Legend Premium Exchange Square ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងអង្គទូត សិល្បករ-តារាល្បីៗ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។




សម្រាប់សំបុត្រចូលទស្សនា និងមានលក់នៅគ្រប់រោងភាពយន្ត ពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ នៅគ្រប់សាខានៃរោងភាពយន្ត។ ឆ្លៀតឱកាសនេះ ក្រុមហ៊ុន AMS ក៏សូមគូសបញ្ជាក់ផងដែរថា សម្រាប់ថវិកាដែល ក្រុមហ៊ុន ទទួលបានពីការចាក់បញ្ចាំងនេះនឹងយកទៅចូលរួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៍ និងសង្គម ជាពិសេស និងគាំទ្រដល់ការទាមទារយក សម្បត្តិបុរាណខ្មែរ ដែលត្រូវបានលួចនាំចេញទៅបរទេស ឱ្យវិលត្រឡប់មកមាតុប្រទេស វិញ។
ព័ត៌មានទំនាក់ទំនងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ (Media Contacts)
លោក អ៊ូច មករា
លេខទូរស័ព្ទ៖ ០១៧ ៦៦៥ ៦៧៥











































































