ពិធីបុណ្យចូលឆ្នាំខ្មែរ ៖ ប្រវត្តិ លក្ខណៈពិសេស និងអត្ថន័យក្នុងវប្បធម៌ខ្មែរ

ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជាជនខ្មែរទូទាំងប្រទេសតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ អ្នកជំនាញវប្បធម៌បញ្ជាក់ថា ជាកំណត់សម្គាល់ទូទៅ ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ គឺជារឿងដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ប្ដូរឆ្នាំថ្មី ដែលជនជាតិខ្មែរធ្វើឡើងដើម្បីឆ្លងពីពេលមួយទៅពេលមួយ ប៉ុន្តែពិធីបុណ្យនេះ បានបង្កប់លក្ខណៈពិសេសមួយចំនួនទៀត ដែលក្នុងនាមជាជនជាតិខ្មែរ ត្រូវស្វែងយល់ និងបន្តថែរក្សា។

ទំនៀម​​ពិធី​​ចូល​ឆ្នាំ តែ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ ដោយ​ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​វនបត, ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ រីឯការ​កំណត់​​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសង្ក្រាន្ត​។

យោងតាមឯកសារ​របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​កំណត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខណៈខែកក្តិក ជា​ខែ​ទី១២។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ជា​សំខាន់​វិញ ​ហើយ​កំណត់​ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំណត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចែត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត)។

លោក ជី រដ្ឋា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

លោក ជី រដ្ឋា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់ AMS Education ថា ចំពោះពេលវេលាចូលឆ្នាំ បើយើងទៅមើលឯកសារផ្សេងៗពីសម័យបុរាណមក យើងមានភស្ដុតាងខ្លះៗហើយ។ ឧទាហរណ៍ ភស្តុតាងលោកជី តាខ្វាន់ ដែលមកស្រុកខ្មែរ ឆ្នាំ១២៩៦ ហើយត្រឡប់ទៅវិញនៅឆ្នាំ១២៩៧ ប៉ុន្តែពេលត្រឡប់ទៅវិញ ជី តាខ្វាន់ មានឯកសារ ដោយលោកបានសរសេរកំណត់ហេតុអំពីស្រុកខ្មែរ ហើយនៅក្នុងកំណត់ហេតុនោះ គាត់និយាយអំពីរឿងប្រតិទិនខ្មែរ។ ដោយគាត់សរសេរថា ខែកក្តិក គឺជាខែទី១ ហើយប្រតិទិននេះ ដូចគ្នាទៅនឹង ប្រតិទិនរបស់ស្រុកឥណ្ឌាភាគខាងត្បូងដែរ។

ទិដ្ឋភាពទូទៅ នៃការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ

លោក ជី រដ្ឋា មានប្រសាសន៍ថា មុនពិធីបុណ្យចូលឆ្នាំចូលមកដល់ យើងត្រូវសម្អាត តុបតែងផ្ទះ តុបតែងវត្តអារាម តុបតែងទីធ្លាសាធារណៈផ្សេងៗ បូកទាំងខ្ទមអ្នកតាមផង។ ក្រៅពីនោះ យើងត្រូវត្រៀម គ្រឿងរន្តាប់ទទួលទេវតា ដែលមានផ្លែឈើ ផ្កា ធូប ទាន ដើម្បីអុច ទទួលទេវតា។ ខណៈនៅខាងមុខខ្ទមអ្នកតា ក៏គេមានរៀបចំខ្លះដែរ ជាពិសេស សំណែមសម្រាប់អ្នកតា ក្រៅពីហ្នឹង យើងមានរៀបចំចង្ហាន់ ប្រគេនព្រះសង្ឃ និមន្តព្រះសង្ឃបង្សុកូល ជូនញាតិសន្តាន ដែលបានចែកឋានទៅ។

ថ្ងៃទី ១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះបរិត្ត និងសម្តែង​ធម្ម​ទេសនា ។

ថ្ងៃទី ២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​​ប្អូន ដែល​បាន​ស្លាប់​ទៅ។ បើតាមការបញ្ជាក់របស់លោក ជី រដ្ឋា ការពូនភ្នំខ្សាច់នេះ គឺមាន ២ធំៗ ៖ ទី១ ពូននៅវត្ត ដែលជាការពូនភ្នំខ្សាច់ធំ ហើយត្រូវបានគេពូនរួមគ្នា, ទី២ នៅតំបន់ខ្លះ គេពូននៅតាមផ្ទះ ជាភ្នំខ្សាច់តូចៗ។

ថ្ងៃទី ៣ គឺជាថ្ងៃចុងក្រោយ និងជាថ្ងៃសំខាន់ រួមមាន ការផ្សឹកភ្នំខ្សាច់ ការស្រង់ព្រះ ស្រង់ទឹកព្រះពុទ្ធរូប ហើយក៏មានកន្លែងខ្លះ ស្រង់ទឹកជូនព្រះសង្ឃដែរ បន្ទាប់ពីស្រង់ទឹកនៅវត្តហើយ គេត្រឡប់មកភូមិវិញ ស្រង់ទឹកជូនចាស់ៗ ជូនជីដូនជីតា ឪពុកម្ដាយ ជូនជាសំលៀកបំពាក់ថ្មី ជូនជាម្ហូបអាហារទៅគាត់។ ក្រៅពីនេះ យើងនៅមានកិច្ចច្រើនទៀត ទាក់ទងនឹងល្បែងកម្សាន្ត ដូចជា លេងល្បែងរបាំជាដើម។

ពិធីបុណ្យចូលឆ្នាំខ្មែរ តំបន់ខ្លះមានការឆ្លងឆ្នាំ២ដង

តាមរយៈការចុះសិក្សាស្រាវជ្រាវ អំពីពិធីបុណ្យចូលឆ្នាំខ្មែរ​របស់ក្រសួងវប្បធម៌ គេបានរកឃើញថា នៅតាមទីកន្លែង ឬតំបន់ខ្លះ ក្រោយពិធីបុណ្យចូលឆ្នាំជាប្រពៃណីរយៈពេល៣ថ្ងៃនោះ គឺនៅមិនទាន់ចប់ទេ គឺគេនៅបន្តជួបជុំ និងលេងល្បែងរបាំ ធម្មតា។

លោក ជី រដ្ឋា មានប្រសាសន៍ថា តាមការបញ្ជាក់របស់អ្នកស្រុក ការឆ្លងឆ្នាំថ្ងៃទី៣ នៅវត្តអារាមនោះ ចំពោះពួកគាត់ មិនទាន់ចប់ជាស្ថាពរទេ ហើយការឆ្លងនៅវត្តនោះ ពួកគាត់ចាត់ទុកថា ជាការឆ្លងសម្រាល។ ទាល់តែគាត់ធ្វើកិច្ចមួយទៀត ហៅថា ឆ្លងសម្រេច រួចរាល់ ទើបចប់ជាស្ថាពរ។ ចំពោះពេលវេលា ដែលត្រូវធ្វើកិច្ចឆ្លងសម្រេចនោះ គឺខុសគ្នា ពីភូមិមួយទៅភូមិមួយ។ ដោយតំបន់ខ្លះ អាចធ្វើបុណ្យឆ្លងសម្រេចមានរយៈពេល ៣ថ្ងៃក្រោយចូលឆ្នាំ តំបន់ខ្លះ ១សប្ដាហ៍ក្រោយចូលឆ្នាំ និងតំបន់ខ្លះទៀត ២សប្ដាហ៍ក្រោយចូលឆ្នាំ ទៅតាមទម្លាប់របស់អ្នកស្រុករៀងខ្លួន។

បើតាមការបញ្ជាក់របស់លោក ជី រដ្ឋា ចំពោះអ្នកស្រុក ការឆ្លងឆ្នាំសម្រេច គឺជាការឆ្លងឆ្នាំស្រូវ ព្រោះមុខរបររបស់អ្នកស្រុកពឹងផ្អែកខ្លាំងលើការដាំដុះដំណាំស្រូវ ដូច្នេះ ការឆ្លងសម្រេចរបស់គាត់ គឺឆ្លងឆ្នាំស្រូវ ឬឆ្លងវដ្តស្រូវ។ វាគឺជាការចប់រដូវ ធ្វើស្រែចាស់ ហើយបន្ទាប់ពីចូលឆ្នាំ គឺជាការបើករដូវធ្វើស្រែថ្មី ដូច្នេះយើងអាចមើលដឹងថា កិច្ចដែលពួកគាត់រៀបចំ សម្រាប់ឆ្លងសម្រេច គឺធ្វើនៅខ្ទមអ្នកតា តាមភូមិនីមួយៗ។ “ចំពោះរឿងស្រូវនេះ អមនុស្សសំខាន់ ដែលទាក់ទងនឹងរឿងស្រូវនេះ គឺ អ្នកតា ដែលគាត់ជាអមនុស្ស ដែលទាក់ទងនឹងរឿងកសិកម្ម និងរឿងសុំឱ្យមានទឹកភ្លៀង”។

អត្ថន័យ ពិធីបុណ្យចូលឆ្នាំខ្មែរ

លោក ជី រដ្ឋា បញ្ជាក់ថា ប្រសិនបើយើងពិនិត្យឱ្យបានល្អិតល្អន់ អំពីការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរទាំងមូល យើងឃើញមានអត្ថន័យ ២យ៉ាង។ ន័យទី១ គឺការចូលឆ្នាំ ដែលជាការឆ្លងវដ្ត ១២ខែ ដែលបញ្ចប់ត្រឹមថ្ងៃទី៣ នៃពិធីចូលឆ្នាំខ្មែរ តាមប្រតិទិន និងតាមមហាសង្ក្រាន្តត ថ្ងៃទី៣ គេហៅថា ថ្ងៃឡើងស័ក ឬថ្ងៃឆ្លងឆ្នាំបញ្ចប់។ រីឯន័យទី២ វិញ គឺជាការចូលឆ្នាំនៃវដ្តស្រូវ ដែលបញ្ចប់ ដោយកិច្ចដែលគេធ្វើនៅខ្ទមអ្នកតា ទៅតាមពេលវេលា ដែលស្រុកកំណត់រៀងៗខ្លួន។ ខណៈការប្រារព្ធ បុណ្យសម្រេច ឬចូលឆ្នាំនៃវដ្តស្រូវនេះ មិនប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃអ្នកស្រុកនោះទេ ព្រោះមុខរបរគាត់គឺ ការធ្វើស្រែនេះតែម្ដង។

តើពិធីបុណ្យចូលឆ្នាំខ្មែរ អាចជួយរក្សាអត្តសញ្ញាណជាតិយ៉ាងដូចម្តេច?

ពិធីបុណ្យចូលឆ្នាំ បានបញ្ចូលនូវអត្តសញ្ញាណខ្មែរជាច្រើនតាមរយៈប្រពៃណី ទំនៀមទម្លាប់ សកម្មភាពជាកិច្ច ជាពិធី និងការលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ និងល្បែងរបាំជាច្រើនទៀត។ នៅពេលដែលបង្ហាញល្បែងរបាំ ជាប្រពៃណី ដែលយើងធ្លាប់អនុវត្តតាំងពីដូនតាមក គេនឹងស្គាល់ថា ពិធីចូលឆ្នាំនេះ ជាពិធីចូលឆ្នាំរបស់ខ្មែរ។ “ហេតុនេះ អ្នកជំនាន់ក្រោយ ជាពិសេស គឺយុវជន និងប្រជាជនខ្មែរបច្ចុប្បន្ន ត្រូវរក្សា កុំឱ្យបាត់បង់ល្បែងរបាំទាំងអស់ហ្នឹង ចេញពីទំនៀមទម្លាប់ ប្រពៃណីចូលឆ្នាំ កាលណា វាបាត់ នឹងធ្វើឱ្យមានបញ្ហាអត្តសញ្ញាណ” នេះបើតាមការបញ្ជាក់របស់លោក ជី រដ្ឋា។

ពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យចូលឆ្នាំរបស់ប្រទេសមួយចំនួននៅអាស៊ី

ជាការកត់សម្គាល់គេសង្កេតឃើញថា មានប្រទេស​ជាច្រើននៅ​តំបន់អាស៊ី ដូចជា​ភូមា ថៃ នេប៉ាល់ ឥណ្ឌាភាគខាងត្បូង និង​តំបន់មួយ​ចំនួនទៀត បានប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ខ្លួន​នៅក្នុងខែនេះជាមួយប្រទេស​កម្ពុជាដែរ បើតាម​ប្រសាសន៍របស់លោក ជី រដ្ឋា ការជ្រើសរើសខែឆ្នាំដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ គឺទទួល​ឥទ្ធិពល​ពីឥណ្ឌា ហេតុ​នេះ​ហើយ មិនមានប្រទេសណាមួយ ក្នុងចំណោមប្រទេសដែលទទួលឥទ្ធិពលនេះ មានវប្បធម៌ដាច់ដោយឡែកទាំងស្រុង ១០០ភាគរយនោះទេ។

តែយ៉ាងណាក៏ដោយ ក៏មានកន្លែងខ្លះ ដាច់ដោយឡែកពីគ្នាដែរ ហើយកន្លែងដាច់ដោយឡែកពីគ្នានោះ គឺជាអត្តសញ្ញាណ របស់ជាតិសាសន៍នីមួយៗតែម្ដង។ ឧទាហរណ៍ ជាក់ស្ដែង ម៉ុងសាយ គឺជាអត្តសញ្ញាណដាច់ដោយឡែករបស់ចិន រីឯខ្មែរយើង គឺរបាំត្រុដិ ជាអត្តសញ្ញាណមួយរបស់ខ្មែរ ដែលមិនដូចជាតិសាសន៍ដទៃទាល់តែសោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។