ភ្នំពេញ ៖ ការជួយសិស្សរៀនយឺត ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ជាអាទិភាពចម្បង ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ វិធានការនេះធ្វើឡើងតាមរយៈការដាក់ឱ្យអនុវត្ត «កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» ក្នុងគោលបំណងកសាងគ្រឹះដ៏រឹងមាំជូនសិស្សានុសិស្ស ឱ្យចេះអាន ចេះសរសេរ និងចេះគិតលេខ ចាប់តាំងពីកម្រិតចាប់ផ្តើម។
ក្នុងកិច្ចសម្ភាសន៍ជាមួយ AMS លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា មានប្រសាសន៍ថា សិស្សដែលរៀននៅកម្រិតថ្នាក់ដំបូងហើយមានគន្លាតសមត្ថភាព មានន័យថា ពួកគេមិនទាន់មានមូលដ្ឋានគ្រឹះរឹងមាំ ដែលចាំបាច់ត្រូវបន្តបំប៉ន និងជួយពួកគេបន្ថែមទៀត។ លោកបណ្ឌិតថា ការបង្រៀនសិស្សរៀនយឺត គឺជារឿងលំបាកមួយ ដូច្នេះគ្រូបង្រៀន មិនអាចបង្រៀនពួកគេដូចសិស្សទូទៅឡើយ ពោលគឺចាំបាច់ត្រូវតែមានវិធីសាស្រ្តបង្រៀន និងសម្ភារៈបង្រៀនទាក់ទាញ ហើយគ្រូបង្រៀនត្រូវដឹង និងស្គាល់ថា សិស្សរៀនយឺតមានប៉ុន្មានប្រភេទ និងត្រូវបង្រៀនសិស្សទៅតាមរបៀបរៀនរបស់ពួកគេ។

ដើម្បីឆ្លើយតប និងជាដំណោះស្រាយសម្រាប់ជួយសិស្សរៀនយឺត ប្រធាននាយកដ្ឋានបឋមសិក្សា បានបង្ហាញពីវិធានការសំខាន់ពីររបស់ក្រសួងអប់រំ នោះគឺ ទី១. ក្រសួងបានដាក់ចេញនូវកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង គឺដើម្បីកសាងមូលដ្ឋានគ្រឹះលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ដោយផ្ដោតលើការចេះអាន ចេះសរសេរ និងចេះគិតលេខ និង ទី២. ក្រសួង ក៏បានដាក់ចេញយុទ្ធសាស្រ្តបំប៉នសិស្សរៀនយឺត ដោយមានការបង្រៀននៅរៀងរាល់ថ្ងៃព្រហស្បតិ៍ តាមរយៈការអនុវត្តនូវសេចក្ដីណែនាំកាលពីខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពី ការបំប៉នសិស្សរៀនយឺត ជាពិសេសសិស្សដែលមានគន្លាតសមត្ថភាពក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តសៀវភៅណែនាំប្រតិបត្តិស្ដីពី ការបង្រៀនសម្របតាមសមត្ថភាពសិស្ស ដែលក្រសួងបានដាក់ចេញកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។
បើតាមលោកបណ្ឌិត កាន់ ពុទ្ធី រាល់ឆ្នាំមានសិស្សត្រួតថ្នាក់ច្រើន ជាពិសេសសិស្សថ្នាក់ទី១ ដែលមានអត្រាខ្ពស់ជាងគេ។ ទោះជាសិស្សរៀនយឺតមានបញ្ហាច្រើនក៏ដោយ លោកបញ្ជាក់ថា គ្រូបង្រៀនអាចជួយពួកគេបាន ប៉ុន្តែទាមទារឱ្យមានការអត់ធ្មត់ខ្ពស់ និងវិធីសាស្រ្តបង្រៀនប្លែកៗសម្រាប់សិស្សនីមួយៗ។
លោកបានលើកជាឧទាហរណ៍ ដូចជាករណី អ្នកគ្រូ ណាម សុភិន គ្រូបង្រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សាព្រលឹត ស្រុកពួក ខេត្តសៀមរាប ដែលបង្រៀនសិស្សសរុប ៤២នាក់ក្នុងមួយថ្នាក់ ក្នុងនោះមានសិស្ស ១០នាក់មិនទាន់ចេះអានអក្សរត្រឹមត្រូវ។ លោកបណ្ឌិតថា អ្នកគ្រូ ណាម សុភិន បានចំណាយពេលវេលា ពីខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ ជួយសិស្សទាំង១០នាក់នោះ ឱ្យរៀនទាន់សិស្សដទៃទៀត។ ការជួយនេះ គឺអ្នកគ្រូត្រូវជួយបង្រៀនសិស្សរៀនយឺតបន្ថែម៣០នាទីរាល់ម៉ោងចេញលេង ហើយទៅជួបឪពុកម្ដាយសិស្សដល់ផ្ទះ ជួនកាលទៅដឹកសិស្សពីផ្ទះយកមករៀននៅសាលាថែមទៀតករណីអវត្តមានសិស្ស។ ”នេះគឺជាទឹកចិត្តគ្រូបង្រៀន ដែលជួយសិស្សរៀនយឺតពិតប្រាកដ និងជំរុញឱ្យឪពុកម្ដាយសិស្សផ្លាស់ប្ដូរផ្នត់គំនិតដោយចង់ឱ្យកូនទៅសាលារៀន”។


លោកបណ្ឌិត កាន់ ពុទ្ធី បញ្ជាក់ថា គ្រូបង្រៀនម្នាក់ឯង ក៏មិនអាចធ្វើបានដែរ គឺទាមទារឱ្យមានការចូលរួមនិងគាំទ្រពីនាយកសាលា និងបុគ្គលិកអប់រំផ្សេងៗទៀត តាមរយៈការលើកទឹកចិត្ត ការផ្ដល់កម្លាំងចិត្ត និងការគាំទ្រ ហើយជាមួយគ្នាក៏ត្រូវមានកិច្ចសហការពីមាតាបិតា និងអាណាព្យាបាលសិស្សដែរ។
«ខ្ញុំនៅតែជឿជាក់ថា សិស្សរៀនយឺត គឺនៅតែអាចជួយពួកគាត់បាន ក្នុងករណីដែលយើងបានជួយគ្រូបង្រៀនយើងឱ្យមានសមត្ថភាពប្រសើរឡើង ស្គាល់សិស្ស ដឹងវិធីជួយសិស្ស ហើយដឹងពីរបៀបទំនាក់ទំនងជាមួយមាតាបិតាសិស្ស និងគណៈគ្រប់គ្រងសាលា គឺយើងនឹងអាចជួយគ្នាបាន»
ក្នុងនាមជាថ្នាក់ដឹកនាំនាយកដ្ឋានបឋមសិក្សា លោកបណ្ឌិត កាន់ ពុទ្ធី ចង់ឃើញសិស្សនៅកម្រិតបឋមសិក្សាទាំងអស់ មានមូលដ្ឋានគ្រឹះលើការអាន ការសរសេរ និងការគិតលេខ ដែលនេះគឺជាចក្ខុវិស័យធំ ដែលត្រូវកសាង ព្រោះបើសិស្សមិនចេះអាន មិនចេះសរសេរ និងមិនចេះគិតលេខ ពួកគេនឹងមិនអាចទៅរៀននៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត ឬមុខវិជ្ជាដទៃទៀតបានទេ ហើយគេនឹងប្រឈមនឹងការបោះបង់ការសិក្សាចោល។
លោកបណ្ឌិត កាន់ ពុទ្ធី ក៏បានប្ដេជ្ញាចិត្តលើកកម្ពស់លទ្ធផលនៃតេស្តរង្វាយតម្លៃថ្នាក់តំបន់ CPLM នៅឆ្នាំ២០២៩ ជុំទី៣ មានការកើនឡើងខ្ពស់ ដោយធានាថា សិស្សបឋមសិក្សាទាំងអស់ មានមូលដ្ឋានគ្រឹះរឹងមាំលើផ្នែកអំណាន ការសរសេរ និងការគិតលេខ៕




























