របៀបដែលអ្នកចាប់ផ្តើមពេលព្រឹក អាចកំណត់ទិសដៅសុខភាពពេញមួយថ្ងៃរបស់អ្នក។ ទម្លាប់សាមញ្ញៗប៉ុន្មានម៉ោងដំបូងក្រោយភ្ញាក់ពីគេង មិនត្រឹមតែជួយគ្រប់គ្រងកម្រិតថាមពល និងកាត់បន្ថយអារម្មណ៍ឃ្លានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគន្លឹះសំខាន់ក្នុងការសម្រកទម្ងន់ផងដែរ ប្រសិនបើអនុវត្តបានត្រឹមត្រូវ និងទៀងទាត់។
ខាងក្រោមនេះជាទម្លាប់ពេលព្រឹកទាំង ៥ ដែលអ្នកជំនាញណែនាំ៖
១. ញ៉ាំទឹកមួយកែវភ្លាមៗក្រោយភ្ញាក់ពីគេង
បន្ទាប់ពីសម្រាកពេញមួយយប់ រាងកាយត្រូវការបំពេញជាតិទឹកឡើងវិញជាចាំបាច់។ ការទទួលទានទឹកមួយកែវនៅពេលព្រឹក ជួយដាស់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ។ ផ្អែកតាមគេហទំព័រសុខភាព Healthline ការញ៉ាំទឹកមុនពេលទទួលទានអាហារពេលព្រឹក ជួយបង្កើនអារម្មណ៍ឆ្អែត កាត់បន្ថយការញ៉ាំច្រើនហួសកំណត់ និងជួយរាងកាយដុតរំលាយថាមពលបន្តិចបន្តួចបន្ថែមទៀត ដើម្បីកម្ដៅជាតិទឹកនោះឱ្យស្មើនឹងសីតុណ្ហភាពរាងកាយ។
២. ជ្រើសរើសអាហារពេលព្រឹកសម្បូរប្រូតេអ៊ីន

ការតមអាហារពេលព្រឹកមិនមែនជាដំណោះស្រាយល្អសម្រាប់ការសម្រកទម្ងន់នោះទេ។ ផ្ទុយទៅវិញ អាហារពេលព្រឹកដែលសម្បូរដោយជាតិប្រូតេអ៊ីន ជួយរក្សាអារម្មណ៍ឆ្អែតបានយូរ និងទប់ស្កាត់ការឃ្លានចំណីផ្តេសផ្តាសនៅពាក់កណ្តាលថ្ងៃ។ ជម្រើសអាហារដែលគួរទទួលទានរួមមាន ៖ ស៊ុត យ៉ាអួ ទឹកដោះគោមានជាតិស្ករទាប គ្រាប់ធញ្ញជាតិ និងសាច់គ្មានខ្លាញ់។
៣. ប្រយ័ត្នប្រយែងចំពោះកាហ្វេពេលព្រឹក
កាហ្វេជាភេសជ្ជៈពេញនិយមពេលព្រឹក ប៉ុន្តែការបន្ថែមស្ករ ទឹកដោះគោខាប់ ក្រែម ឬរសជាតិបន្ថែមផ្សេងៗ អាចផ្ទុកកាឡូរីខ្ពស់ដែលជាមូលហេតុធ្វើឱ្យឡើងទម្ងន់ដោយមិនដឹងខ្លួន។ ដើម្បីជួយដល់ការសម្រកទម្ងន់ អ្នកគួរជ្រើសរើសកាហ្វេខ្មៅសុទ្ធ ឬប្រើប្រាស់ទឹកដោះគោមានជាតិខ្លាញ់ទាប និងស្ករកាត់បន្ថយកាឡូរី។ ឬអាចប្តូរមកទទួលទានតែបៃតងម្តងម្កាល ព្រោះតែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (Catechins) ដែលជួយជំរុញការដុតរំលាយជាតិខ្លាញ់ និងបង្កើនភាពស្វាហាប់។
៤. ហាត់ប្រាណពី ២០ ទៅ ៣០ នាទី

ការចំណាយពេលព្រឹកដើរ រត់ ជិះកង់ ឬធ្វើលំហាត់ប្រាណបែបកាយវប្បកម្មស្រាលៗ ជួយឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថិរភាព។ នៅពេលជាតិស្ករក្នុងឈាមចុះទាបខ្លាំង រាងកាយនឹងងាយឃ្លានអាហារផ្អែម និងពិបាកគ្រប់គ្រងចំណង់អាហារ។ ការហាត់ប្រាណពេលព្រឹកមិនត្រឹមតែជួយដុតកាឡូរីប៉ុណ្ណោះទេ ថែមទាំងជួយទប់ស្កាត់ការញ៉ាំលើសកម្រិតនៅពេលថ្ងៃទៀតផង។ សម្រាប់អ្នកទើបចាប់ផ្តើម អាចអនុវត្តក្នុងរយៈពេលខ្លីជាមុនសិន រួចសឹមបង្កើនកម្រិតជាបន្តបន្ទាប់។
៥. រៀបចំគម្រោងបញ្ជីអាហារសម្រាប់ថ្ងៃថ្មី
កង្វះការរៀបចំទុកជាមុន ងាយនឹងរុញច្រានអ្នកឱ្យជ្រើសរើសអាហាររហ័ស (Fast food) ដែលសម្បូរជាតិខ្លាញ់ និងស្ករខ្ពស់នៅពេលឃ្លានខ្លាំង។ យោងតាមសារព័ត៌មានសុខភាព Health Shots ការចំណាយពេលត្រឹមតែប៉ុន្មាននាទីនៅពេលព្រឹកដើម្បីរៀបចំអាហារថ្ងៃត្រង់ ឬត្រៀមចំណីសម្រន់សុខភាព ដូចជា ផ្លែឈើស្រស់ យ៉ាអួគ្មានជាតិស្ករ ឬគ្រាប់ធញ្ញជាតិ អាចជួយអ្នកគ្រប់គ្រងរបបអាហារបានយ៉ាងមានប្រសិទ្ធភាព និងចៀសផុតពីការឡើងទម្ងន់៕













































































