នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ បានប្រកាសជាផ្លូវការ នូវឈ្មោះសិស្សឆ្នើម៦រូប ដែលបានជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ សម័យប្រឡង ២៦ មេសា ឆ្នាំ២០២៦។
សម្រាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី៩ ចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ បានទៅលើ យុវតី យឿន កល្យាន មកពីវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង, ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា បានទៅលើ យុវជន ធេង លីហុង មកពីវិទ្យាល័យជប់វារី ខេត្តបន្ទាយមានជ័យ និងចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យា បានទៅលើ យុវតី ឈាង យូអ៊ី អនុវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ដោយឡែក ជ័យលាភីសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២ ចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ បានទៅលើ យុវតី រស់ ដា មកពីវិទ្យាល័យពងទឹក ខេត្តស្វាយរៀង, ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា បានទៅលើ យុវជន ថន រិនសុភៈ មកពីវិទ្យាល័យព្រៃដើមថ្នឹង ខេត្តព្រៃវែង និងចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យា បានទៅលើ យុវជន ស៊ីម ម៉ុយឈីវ មកពីសាលាអន្តរជាតិវេស្ទលែនដ៍ ខេត្តកណ្ដាល។
បេក្ខជនដែលជាប់ជ័យលាភីក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ ពួកគេទទួលបានរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជា ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់, មេដាយមួយគ្រឿង សម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ព្រមទាំងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់។
ជាមួយគ្នានេះ ជ័យលាភីសិស្សពូកែពីលេខ១ ដល់លេខ៥ ក៏ទទួលបានជាប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ពី ២លាន៣សែនរៀន ដល់ ៣លាន៥សែនរៀល ហើយអាចមានប្រាក់រង្វាន់ ឬវត្ថុផ្សេងៗបន្ថែមទៀតពីសប្បុរសជន។
គួរជំរាបជូនថា ក្រសួងអប់រំ ក៏បានប្រកាសទទួលស្គាល់បេក្ខជនចំនួន ៣០រូប ជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៦ ដោយក្នុងនោះ ៣នាក់ មកពីរាជធានីភ្នំពេញ, ៥នាក់ មកពីខេត្តកណ្ដាល, ២នាក់ មកពីខេត្តបាត់ដំបង, ៣នាក់ មកពីកំពង់ឆ្នាំង, ៣នាក់ មកពីខេត្តសៀមរាប, ៣នាក់ មកពីខេត្តព្រៃវែង, ២នាក់ មកពីខេត្តកំពង់ធំ, ២នាក់ មកពីខេត្តពោធិ៍សាត់ និង៣នាក់ មកពីខេត្តតាកែវ។ ខេត្តដែលមានសិស្សជាប់ ១នាក់ គឺ កំពង់ចាម, បន្ទាយមានជ័យ, ស្វាយរៀង និងព្រះសីហនុ៕






























