ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» របស់កម្មវិធី «មនសិការ ពលរដ្ឋល្អ» ប្រចាំវិទ្យាល័យ អង្គរ ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀនសូត្រតាមរយៈការអនុវត្តគម្រោងដែលបង្កប់នូវបំណិនសតវត្សទី២១ បានផ្តល់ឱកាសឱ្យយុវជនស្វែងយល់ពីបញ្ហាក្នុងមូលដ្ឋាន អនុវត្តការងារជាក់ស្តែង ចេះរៀបចំផែនការ ធ្វើការជាក្រុមប្រមូលធនធាន សហការជាមួយអ្នកពាក់ព័ន្ធ និងទទួលខុសត្រូវចំពោះដំណោះស្រាយដែលខ្លួនបានផ្តួចផ្តើម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកម្មវិធី «មនសិការ ពលរដ្ឋល្អ» គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» របស់ ក្លឹបស្រុកស្រីស្នំ នៃវិទ្យាល័យអង្គរ ដែលបានចូលរួមយ៉ាងសកម្មក្នុងគ្រប់ដំណាក់កាលសំខាន់ៗនៃគម្រោង ចាប់ពីការសិក្សាបញ្ហា រៀបចំផែនការ ប្រមូលធនធាន សម្របសម្រួលការអនុវត្ត តាមដានលទ្ធផល រហូតដល់ការបញ្ចប់។

រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានវាយតម្លៃខ្ពស់ចំពោះការសហការគ្នាដ៏ល្អរវាងក្រុមការងារ ក្នុងការបន្តចូលរួមលើកកម្ពស់ និងថែរក្សាសមិទ្ធផល ដែលបានផ្តួចផ្តើមនៃគម្រោង «ស្នាមញញឹមក្រោមជម្រកក្នុងសហគមន៍យើង» តាមរយៈការរៀបចំសំយ៉ាបរង់ចាំពីរកន្លែងនៅក្លោងទ្វារខាងក្រោយវិទ្យាល័យអង្គរ ដើម្បីបង្កើនកន្លែងជ្រកថ្ងៃជ្រកភ្លៀង និងអង្គុយរង់ចាំប្រកបដោយផាសុកភាព និងសុវត្ថិភាព ព្រមទាំងរួមចំណែកលើកកម្ពស់សណ្តាប់ធ្នាប់ និងកាត់បន្ថយការឈររង់ចាំនៅដងផ្លូវ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ក្នុងន័យនេះ គម្រោងមិនមែនគ្រាន់តែជា «ការសាងសង់សំយ៉ាប» នោះទេ ថែមទាំងជាការប្រែក្លាយបញ្ហាជាក់ស្តែងទៅជាឱកាសសម្រាប់ការរៀនសូត្រ ការចូលរួម និងការផ្លាស់ប្តូរ ដោយបណ្តុះស្មារតី «មើលឃើញបញ្ហា ចូលរួមដោះស្រាយ និងទទួលខុសត្រូវចំពោះសហគមន៍» ដែលជាគុណតម្លៃស្នូលនៃមនសិការពលរដ្ឋល្អ។

គួរជម្រាបជូនថា គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធី «មនសិការ ពលរដ្ឋល្អ» នៅក្នុងឆ្នាំ២០២៥ ដែលជាវិធីសាស្រ្តការសិក្សាគម្រោងអាស្រ័យលើគម្រោង (Project-Based Learning – PBL) និងផ្តល់ឱកាសយុវជនដែលជាសមាជិកក្លឹប ចូលរួមដោះស្រាយនូវបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួនតាមរយៈការរៀបចំផែនការសកម្មភាព ការអនុវត្តគម្រោង ការវាយតម្លៃ កម្រិតថ្នាក់រាជធានី-ខេត្ត និងការជ្រើសរើស ដើម្បីបំពាក់ជ័យលាភីថ្នាក់ជាតិ ទៅលើគម្រោងឆ្នើម គម្រោងល្អ និងគម្រោងគំរូ៕













































































