ជំងឺថ្លើមគឺជាបញ្ហាសុខភាពមួយដែលកំពុងមានទំហំកាន់តែធំឡើងនៅលើពិភពលោក។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺ ជំងឺនេះមិនមែនកើតឡើងភ្លាមៗនោះទេ វាទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងអ្វីដែលយើងញ៉ាំ របៀបដែលយើងរស់នៅប្រចាំថ្ងៃ និងស្ថានភាពសុខភាពទូទៅរបស់រាងកាយ។ ដំណឹងល្អគឺថា ជាធម្មតាជំងឺថ្លើមអាចត្រូវបានទប់ស្កាត់ ហើយក្នុងករណីខ្លះ អាចព្យាបាលឱ្យប្រសើរឡើងវិញបានដោយគ្រាន់តែផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ។
តួនាទីសំខាន់របស់ថ្លើម
ថ្លើមជាសរីរាង្គដែលដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយមនុស្ស។ វាធ្វើកិច្ចការច្រោះឈាម រក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព ស្តុកទុកថាមពល និងចូលរួមយ៉ាងសកម្មក្នុងដំណើរការរំលាយអាហារ។ នៅពេលដែលរបបអាហារមិនសមស្រប ខ្វះការធ្វើលំហាត់ប្រាណ ឬមានបញ្ហាសុខភាពផ្សេងទៀត ថ្លើមអាចប្រឈមនឹងហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺថ្លើមមានជាតិខ្លាញ់ រហូតដល់មហារីកថ្លើម។ ជាសំណាងល្អ ការកែប្រែរបបអាហារ និងរបៀបរស់នៅអាចជួយទប់ស្កាត់ ឬសូម្បីតែធ្វើឱ្យស្ថានភាពថ្លើមប្រសើរឡើងវិញបាន។
ទម្លាប់ចំនួនបីដែលបង្កគ្រោះថ្នាក់ដល់ថ្លើម
១. ការទទួលទានគ្រឿងស្រវឹងលើសកម្រិត ៖ ការផឹកស្រាជាប្រចាំ ជាពិសេសនៅពេលរួមផ្សំជាមួយបញ្ហាមេតាបូលីស អាចនាំឱ្យកើតជំងឺថ្លើមមានជាតិខ្លាញ់។ អ្នកជំនាញពន្យល់ថា នៅពេលជាតិខ្លាញ់កកកុញនៅក្នុងថ្លើម វាអាចបណ្តាលឱ្យមានការរលាក ការកកើតស្លាកស្នាម និងចុងក្រោយទៅជាជំងឺក្រិនថ្លើម។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺលើសឈាម ឬមានជាតិខ្លាញ់ច្រើនតំបន់ពោះ ត្រូវប្រុងប្រយ័ត្នជាពិសេស ព្រោះទោះការទទួលទានស្រាក្នុងបរិមាណតិច ក៏អាចធ្វើឱ្យស្ថានភាពថ្លើមកាន់តែធ្ងន់ធ្ងរដែរ។ ការផឹកស្រាច្រើនក្នុងពេលតែមួយ ជាពិសេសចាប់ពី ៥ កែវឡើងទៅ ត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់បំផុត។ ចំពោះអ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ គួរជៀសវាងស្រាទាំងស្រុង រីឯអ្នកដែលមិនទាន់មានជំងឺ ក៏គួរកម្រិតការទទួលទានឱ្យស្ថិតក្នុងកម្រិតទាបបំផុតដែរ។

២. ការទទួលទានជាតិស្ករលើសកម្រិត ៖ ជាតិស្ករគឺជាកត្តាមួយដែលជំរុញឱ្យកើតមានជាតិខ្លាញ់នៅក្នុងថ្លើម។ នៅពេលទទួលទានជាតិស្ករច្រើនពេក រាងកាយនឹងទទួលបន្ទុកធ្ងន់ធ្ងរ ហើយកោសិកាថ្លើមនឹងស្ថិតក្នុងភាពតានតឹងជាបន្តបន្ទាប់។ ជាងនេះទៀត ការទទួលទានជាតិស្ករច្រើនហួសហេតុជាប្រចាំ ក៏អាចនាំឱ្យរាងកាយកាន់តែធន់នឹងអាំងស៊ុយលីន ដែលជាកត្តាមួយបន្ថែមទៀតដែលរួមចំណែកឱ្យថ្លើមប្រមូលផ្តុំជាតិខ្លាញ់។ អ្នកជំនាញបញ្ជាក់ថា មានទំនាក់ទំនងច្បាស់លាស់រវាងការទទួលទានជាតិស្ករខ្ពស់ ជាពិសេសពីភេសជ្ជៈមានជាតិផ្អែម និងជំងឺថ្លើមមានជាតិខ្លាញ់ដែលទាក់ទងនឹងបញ្ហាមេតាបូលីស។ អាហារកែច្នៃ និងភេសជ្ជៈមានហ្គាសដែលមានជាតិស៊ីរ៉ូពោតខ្ពស់ គឺជាប្រភពសំខាន់នៃហានិភ័យនេះ។ តាមការណែនាំផ្នែកសុខភាព ស្ត្រីមិនគួរទទួលទានជាតិស្ករបន្ថែមលើសពី ២៥ក្រាមក្នុងមួយថ្ងៃ រីឯបុរសមិនគួរលើសពី ៣៦ក្រាមឡើយ។
៣. ការពឹងផ្អែកលើអាហារបំប៉នដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ៖ មនុស្សជាច្រើនងាកទៅរកផលិតផលដែលអះអាងថាអាច “សម្អាតថ្លើម” ឬ ”បន្សាបជាតិពុល” ប៉ុន្តែជាក់ស្តែងមានភស្តុតាងវិទ្យាសាស្ត្រតិចតួចណាស់ដែលបញ្ជាក់ពីប្រសិទ្ធភាពរបស់ផលិតផលទាំងនេះ។ ជាការពិត ថ្លើមខ្លួនឯងគឺជាប្រព័ន្ធបន្សាបជាតិពុលធម្មជាតិរបស់រាងកាយស្រាប់ទៅហើយ ដូច្នេះមិនចាំបាច់ត្រូវការការ “សម្អាត” បន្ថែមណាមួយឡើយ។ ជាងនេះទៀត អាហារបំប៉នមួយចំនួនក៏អាចបង្កគ្រោះថ្នាក់ផងដែរ ប្រសិនបើវាមានផ្ទុកសារធាតុផ្សំមិនច្បាស់លាស់ ឬសារធាតុមួយចំនួនក្នុងកម្រិតលើសហួស ដោយសារផលិតផលទាំងនេះភាគច្រើនមិនមានការត្រួតពិនិត្យស្តង់ដារត្រឹមត្រូវ។
ទម្លាប់ចំនួនបីដែលការពារ និងជួយស្តារថ្លើម
១. ការធ្វើលំហាត់ប្រាណ និងការគ្រប់គ្រងទម្ងន់ខ្លួន ៖ ការសម្រកទម្ងន់ សូម្បីតែត្រឹមតែ ៣ ភាគរយ ក៏អាចធ្វើឱ្យសូចនាករសុខភាពថ្លើមប្រសើរឡើង។ ប៉ុន្តែដើម្បីកាត់បន្ថយ ឬស្តារស្លាកស្នាមថ្លើមឱ្យវិលត្រឡប់ទៅសភាពដើមវិញ ចាំបាច់ត្រូវសម្រកទម្ងន់យ៉ាងតិច ១០ ភាគរយ។ ការធ្វើលំហាត់ប្រាណបែប aerobic ដូចជាការដើរលឿន ការជិះកង់ ឬការហែលទឹក យ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ រួមផ្សំជាមួយការហាត់ពង្រឹងសាច់ដុំពីរដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយជាតិខ្លាញ់នៅតំបន់ពោះ និងកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនផងដែរ។
២. ការទទួលទានតាមរបបអាហារបែបមេឌីទែរ៉ាណេ ៖ របបអាហារនេះផ្តោតលើផ្លែឈើស្រស់ បន្លែ ត្រី និងគ្រាប់ធញ្ញជាតិ ព្រមទាំងសម្បូរទៅដោយជាតិខ្លាញ់ល្អសម្រាប់សុខភាព។ ការសិក្សាបានបង្ហាញថា របបអាហារនេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ដែលជាមូលហេតុចម្បងបណ្តាលឱ្យស្លាប់ក្នុងចំណោមអ្នកជំងឺថ្លើមមានជាតិខ្លាញ់ដែលមិនបណ្តាលមកពីគ្រឿងស្រវឹង។ ចំណុចសំខាន់មួយទៀតគឺ របបអាហារនេះមានជាតិខ្លាញ់ឆ្អែតទាប ដែលជាតិខ្លាញ់ប្រភេទនេះច្រើនមាននៅក្នុងសាច់ក្រហម ផលិតផលទឹកដោះគោ និងប្រេងដូង។ ទោះជាការប្រកាន់ខ្ជាប់តាមរបបអាហារនេះយ៉ាងតឹងរ៉ឹង ១០០ភាគរយ អាចមិនងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក៏ដោយ ក៏អ្នកជំនាញផ្នែកអាហារូបត្ថម្ភណែនាំឱ្យសាកបញ្ចូលធាតុផ្សំមួយចំនួន ដូចជាបន្លែស្លឹកបៃតង ត្រី ឬសាច់ពណ៌ស ព្រមទាំងកាត់បន្ថយសាច់ក្រហម និងអាហារបំពង ដោយងាកទៅរកការចម្អិនតាមរបៀបអាំងជំនួសវិញ។

៣. ការតាមដានសុខភាពជាប្រចាំតាមរយៈការថែទាំសុខភាពបឋម ៖ ចំពោះអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B ឬ C ការតាមដានស្ថានភាពថ្លើមតាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍ជាប្រចាំ គឺជាចំណុចសំខាន់ក្នុងការវាយតម្លៃហានិភ័យ។ ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីលទ្ធភាពធ្វើតេស្តវាស់ភាពរឹងរបស់ថ្លើម ដែលអាចជួយកំណត់ការវិវត្តនៃជំងឺថ្លើមតាំងពីដំណាក់កាលដំបូង។
សរុបមកវិញ ការកាត់បន្ថយគ្រឿងស្រវឹង ការគ្រប់គ្រងការទទួលទានជាតិស្ករ ការជៀសវាងអាហារបំប៉នគ្មានមូលដ្ឋានវិទ្យាសាស្ត្រ រួមផ្សំជាមួយការធ្វើលំហាត់ប្រាណទៀងទាត់ ការញ៉ាំតាមរបបអាហារមានតុល្យភាព និងការពិនិត្យសុខភាពជាប្រចាំ គឺជាគន្លឹះសំខាន់ដែលអាចជួយការពារថ្លើមរបស់អ្នកឱ្យនៅមានសុខភាពល្អរយៈពេលវែង៕













































































