ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) ដោយមានការសហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកទទួលពាក្យជាផ្លូវការនូវ «ការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន» (Youth Renaissance Competition 2026) ក្រោមប្រធានបទរួម «ការអនុវត្តសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី» ដើម្បីជំរុញការស្រាវជ្រាវ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ។
កម្មវិធីនេះផ្តោតសំខាន់លើនិស្សិតសាកលវិទ្យាល័យ អ្នកស្រាវជ្រាវវ័យក្មេង និងយុវជនកម្ពុជា និងចិន។ តាមរយៈការប្រកួតប្រជែងនេះ បេក្ខជននឹងទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី គោលនយោបាយ និងការទូតរវាងប្រជាជន និងប្រជាជន ព្រមទាំងមានឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវ ការសរសេរអត្ថបទវិភាគ និងការធ្វើបទបង្ហាញជាសាធារណៈផងដែរ។
លក្ខខណ្ឌ និងទម្រង់នៃការប្រកួត
ជាយុវជនកម្ពុជា ឬចិន ដែលមានអាយុចន្លោះពី ១៨ ដល់ ២៥ ឆ្នាំ និងមានកម្រិតភាសាចិនយ៉ាងតិច HSK 4 ឬមានសមត្ថភាពទំនាក់ទំនង និងមានជំនាញសរសេរភាសាចិនបានស្ទាត់ជំនាញ។
ទម្រង់ក្រុម ៖ ត្រូវបង្កើតជាក្រុមដែលមានសមាជិក ៣ នាក់ (អាចមកពីគ្រឹះស្ថាន/ស្ថាប័នដូចគ្នា ឬខុសគ្នា) ដោយត្រូវតែងតាំងប្រធានក្រុមម្នាក់ជាតំណាង។
ដំណើរការជ្រើសរើស ៖ ការប្រកួតបែងចែកជា ៣ វគ្គ គឺវគ្គដាក់ពាក្យ (ជ្រើសរើស ១០ ក្រុម), វគ្គជម្រុះ (ជ្រើសរើស ៥ ក្រុម) និងវគ្គផ្តាច់ព្រ័ត្រ។

កាលវិភាគសំខាន់ៗនៃការប្រកួត (ឆ្នាំ២០២៦)
ថ្ងៃទី១៤ ខែកក្កដា៖ បើកទទួលពាក្យជាផ្លូវការ
ថ្ងៃទី១៦ ខែសីហា៖ បិទការទទួលពាក្យ
ថ្ងៃទី២៦ - ២៨ ខែសីហា៖ ប្រកាសលទ្ធផលវគ្គដាក់ពាក្យ
ដើមខែកញ្ញា៖ កម្មវិធីតម្រង់ទិស (Orientation Session) តាម Zoom
ថ្ងៃទី០៨ ខែតុលា៖ ការប្រកួតវគ្គជម្រុះ
ថ្ងៃទី១៩ ខែវិច្ឆិកា៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ
ប្រាក់រង្វាន់ និងឱកាសពិសេស
ក្រុមជ័យលាភីនឹងទទួលបានមេដាយ លិខិតសរសើរ និងប្រាក់រង្វាន់លើកទឹកចិត្ត រួមមាន៖
ជ័យលាភីលេខ ១៖ មេដាយមាស + ប្រាក់រង្វាន់ $១,៥០០ + លិខិតសរសើរ
ជ័យលាភីលេខ ២៖ មេដាយប្រាក់ + ប្រាក់រង្វាន់ $១,០០០ + លិខិតសរសើរ
ជ័យលាភីលេខ ៣៖ មេដាយសំរឹទ្ធ + ប្រាក់រង្វាន់ $៥០០ + លិខិតសរសើរ
លើសពីនេះ ក្រុមជ័យលាភីទាំង ៣ និងក្រុមដែលមានស្នាដៃលេចធ្លោ នឹងទទួលបានឱកាសអភិវឌ្ឍអត្ថបទស្រាវជ្រាវរបស់ខ្លួនជាភាសាអង់គ្លេស ដើម្បីបោះពុម្ពផ្សាយនៅក្នុង «ទស្សនាវដ្ដីពិភពលោកសហសម័យកម្ពុជា» (Cambodia World in Modern Context - CWMC)។

របៀបដាក់ពាក្យ
បេក្ខជនត្រូវរៀបចំឯកសារជាភាសាចិន រួមមាន៖
1. ពាក្យស្នើសុំចូលរួម (ភ្ជាប់ជាមួយ Link វីដេអូណែនាំខ្លួនរយៈពេល ១ នាទីជាភាសាចិន រៀបចំលើ Google Drive)
2. លិខិតចំណាប់អារម្មណ៍ (Statement of Interest) ចំនួន ៣០០ ពាក្យ ដែលពន្យល់ពីចំណាប់អារម្មណ៍ និងការយល់ដឹងរបស់ក្រុមអំពីប្រធានបទ នៃការប្រកួតប្រជែង
3. អត្ថបទ ចំនួន ៥០០ ពាក្យ លើប្រធានបទ «តើអ្វីជាការអនុវត្តសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី?»
ឯកសារទាំង ៣ ត្រូវចងក្រងជាឯកសារ PDF តែមួយ ដោយដាក់ឈ្មោះ Youth Competition-[ឈ្មោះក្រុមជាភាសាចិន]-APP រួចផ្ញើទៅកាន់អ៊ីមែល project@youthhouse-ccf.org ដោយដាក់ Subject ថា ”Application for Youth Renaissance Competition 2026” ត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង កញ្ញា ស៊ឹម បុញ្ញាវតី (មន្ត្រីគ្រប់គ្រងគម្រោង) តាមរយៈ Telegram: 011 884 563 ឬ Email: project@youthhouse-ccf.org៕











































































