តើអ្វីជាបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា?

ក្រសួងអប់រំ យុវជន និងកីឡា គ្រោង​នឹងសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ក្នុងពេលឆាប់ៗនេះ ដោយ​រំពឹងថា បណ្ដាញសាកលវិទ្យាល័យនេះ នឹង​រួម​ចំណែក​កាត់បន្ថយ​គម្លាតរវាងសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ក៏ដូចជាលើកកម្ពស់គុណភាពអប់រំ។

អ្នកសារព័ត៌មាន​នៃ AMS Education បានធ្វើ​បទ​សម្ភាសន៍​ជាមួយនឹង លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា ដើម្បីយល់ឱ្យកាន់តែច្បាស់ពាក់ព័ន្ធនឹងការង្កើត បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា និង របៀបដែលប្រព័ន្ធនេះដំណើរការ ក៏ដូចជាតួនាទីរបស់គ្រូបង្រៀន និងនិស្សិតក្នុងការប្រើប្រាស់បណ្ដាញសាកលវិទ្យាល័យសាយប័រនេះផ្ទាល់។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា

តើអ្វីជាបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ?

“បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា” សរសេរជាអក្សរកាត់ថា “ប.ស.ស.ក” និងភាសាអង់គ្លេសថា Cambodian Cyber University Network សរសេរជាអក្សរកាត់ថា “C.C.U.N” គឺជាកម្មវិធីមួយដែលបានរៀបចំឡើងតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចេញនៅក្នុងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅក្នុងទិសដៅកែលម្អគុណភាព និងសមធម៌នៃការអប់រំកម្រិតឧត្តមសិក្សា ក្នុងការកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង។

បើតាម អនុក្រឹត្យស្ដីពី ការបង្កើតបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ក្នុងមាត្រា២ បង្ហាញថា ប.ស.ស.ក ធ្វើការបណ្ដុះបណ្ដាលពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល លើវគ្គសិក្សា និងមុខវិជ្ជា និង/ឬមុខជំនាញនៃកម្មវិធីសិក្សា ដែលទទួលអជ្ញាបណ្ណពីក្រសួងអប់រំ យុវជន និងកីឡា ឬពីរាជរដ្ឋាភិបាលរួចហើយ។

តើមានសាកលវិទ្យាល័យណាខ្លះចូលរួមក្នុងបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ?

នៅក្នុងដំណាក់កាលដំបូង មានសាកលវិទ្យាល័យចំនួន៦ ដែលបានចូលរួមក្នុងបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា រួមមាន ទី១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ទី៣. សាកលវិទ្យាល័យស្វាយរៀង, ទី៤. សាកលវិទ្យាល័យជាតិបាត់ដំបង, ទី៥. សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និង ទី៦. សាកលវិទ្យាល័យភូមិន្ទកសិកម្ម។

សកម្មភាពថតវីដេអូមេរៀន

តើបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជាដំណើរការយ៉ាងដូចម្ដេច?

បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ចូលរួមការកសាងធនធានមនុស្ស ការផលិតមេរៀនវីដេអូ កិច្ចការសម្រាប់និស្សិត និងឧបករណ៍សម្រាប់វាយតម្លៃសមត្ថភាពនិស្សិត ក៏ដូចជាការបង្កើត និងគ្រប់គ្រងប្រព័ន្ធរៀន និងបង្រៀនតាមបែបឌីជីថល។ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជាដំណើរការតាមរយៈ ៖

ទី១. ការរៀបចំប្រព័ន្ធឌីជីថលក្នុងការចែករំលែកចំណេះដឹងតាមរយៈវីដេអូ និងមេរៀន គឺដើម្បីពង្រឹងការអប់រំ ក៏ដូចជា ការអនុវត្តវិធីសាស្រ្តបង្រៀនថ្មី គឺការរៀនបែបត្រឡប់ (Flipped Classroom) ដោយសិស្សអាចរៀនក្នុងថ្នាក់ជាមួយគ្រូផ្ទាល់ផង និងរៀនតាមប្រព័ន្ធអនឡាញផង។ ការផលិតវីដេអូ ក៏ដូចជា ការងារនៅតាមទម្រង់ (Platform) នេះ ដើម្បីសិស្សអាចចូលអានបាន ហើយប្រើប្រាស់ធនធាននេះបាន ដើម្បីពង្រឹងសាកលវិទ្យាល័យទាំងអស់ព្រមពេលជាមួយគ្នា។ លើសពីនេះ ចូលរួមកាត់បន្ថយគម្លាតរវាងសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ​ និងនៅតាមបណ្ដាខេត្ត ឱ្យមានគុណភាពប្រហាក់ប្រហែលគ្នាតាមរយៈការចែករំលែកធនធាន មេរៀនជាវីដេអូសម្រាប់សិស្សានុសិស្ស។

ទី២. ការអនុវត្តសមត្ថភាពគ្រូបង្រៀន ដើម្បីប្រើប្រាស់ប្រព័ន្ធនេះ នៅក្នុងការបង្រៀន

ទី៣. ការបំពាក់ហេដ្ឋារចនាសម័ន្ធបច្ចេកវិទ្យា រួមមាន បន្ទប់ស្ទូឌីអូ សម្រាប់ផលិតវីដេអូ និងមេរៀន, ប្រព័ន្ធគ្រប់គ្រងការសិក្សាតាមបែបឌីជីថល សម្រាប់ការដំណើរការការបង្រៀនពីចម្ងាយ, ការរៀបចំឱ្យមានជាមជ្ឈមណ្ឌលទិន្នន័យ (Data Center) និងហេដ្ឋារចនាសម្ព័ន្ធអ៊ីធឺណិតដែលមានល្បឿនលឿននៅក្នុងបរិវេនសាលារៀន។

ការរចនារូបភាព Graphic Design និងការថត និងកាត់តរូបភាព

ចំពោះ ដំណើរការនៃការបង្កើតមេរៀនសម្រាប់ការសិក្សាពីចម្ងាយ របស់បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា រួមមាន ដំណើរការមុនពេលអភិវឌ្ឍមេរៀន គឺ​ ១. ការវិភាគ និងត្រៀមលក្ខណៈ ២. ការរៀបចំគម្រោងបង្កើតមេរៀន ៣. គំនូសព្រាងនៃមេរៀន។ បន្ទាប់មក ដំណើរការកំឡុងពេលអភិវឌ្ឍមេរៀន គឺ១. ការរចនារូបភាព Graphic Design ២. ការថត និងកាត់តរូបភាព ៣. ការបង្កើតមេរៀនក្នុងទម្រង់ផ្សេងៗ។ ចុងក្រោយ ដំណើរការក្រោយពេលអភិវឌ្ឍមេរៀន គឺការដាក់បង្ហោះមេរៀន។

មិនថាការមើលវីដេអូមេរៀន ការធ្វើកិច្ចការ និងការពិភាក្សានោះទេ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ផ្ដល់បទពិសោធន៍ដល់អ្នកសិក្សាអាចរៀនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ជាមួយធនធានប្រព័ន្ធ និងឧបករណ៍នៃបណ្ដាញសាកលវិទ្យល័យសាយប័រកម្ពុជា គ្រូបង្រៀន សាស្រ្តាចារ្យ អាចអនុវត្តតាមដានវឌ្ឍនភាពការសិក្សារបស់សិស្ស ដូចជាការបង្កើតកិច្ចការ តាមដានអវត្តមានរបស់សិស្ស ការដាក់ជាកម្រងសំណួរ និងកែដាក់ពិន្ទុជាដើម។ ហើយសាស្រ្តាចារ្យនឹងនៅចាំគាំទ្រ ផ្ដល់មតិកែលម្អ និងពិភាក្សាដល់សិស្សរហូតពួកគេបានទទួលជោគជ័យក្នុងការសិក្សា។ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ផ្ដល់នូវលទ្ធភាពក្នុងការរៀនគ្មានដែនកំណត់ មិនថាអ្នកកំពុងស្វែងរកការងារអាជីព ឬចង់រៀនជំនាញថ្មីដើម្បីអភិវឌ្ឍសមត្ថភាព។

តើបណ្ដាញសាកលវិទ្យាល័យសាយប័រនេះ ផ្ដល់សារៈសំខាន់បែបណាសម្រាប់វិស័យអប់រំ ?

ការរៀបចំឱ្យមានបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជានេះ ក្រៅពីការផ្ដល់អត្ថប្រយោជន៍ ក្នុងការចែករំលែកធនធានដែលមាន ការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការរៀន និងបង្រៀន យើងឃើញថា ការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ មិនមែនគ្រាន់តែជាការត្រៀមខ្លួននៅពេលអនាគត ប៉ុន្តែហ្វឹកហាត់សិស្សឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងពេលបច្ចុប្បន្ន ជាពិសេសប្រើប្រាស់ជាប្រយោជន៍ក្នុងការរៀន និងបង្រៀនតែម្ដង។​

គួរជម្រាបជូនថា បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អគុណភាព និងសមធម៌នៃការអប់រំឧត្តមសិក្សា ដើម្បីកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង ដោយក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ “កម្មវិធីវិនិយោគសាធារណៈអនុវិស័យឧត្តមសិក្សា ២០២២-២០២៣ ស្តីពីបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា” នៅខែមិថុនា ឆ្នាំ២០២២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។