កម្ពុជាពិតជាមានមោទនភាពលើឆាកអន្តរជាតិ តាមរយៈការគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ យុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនតំណាងកម្ពុជា បានលើកទឹកចិត្តយុវជនខ្មែរឱ្យចូលរួមស្វែងយល់ពីវប្បធម៌ចម្រុះជាតិសាសន៍ក្នុងព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» និងព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» ដើម្បីបង្កើនការយល់ដឹងនៃភាពជាពលរដ្ឋសកល។
កញ្ញា សេង ជីងអឺ យុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនតំណាងកម្ពុជា និយាយថា ក្នុងនាមជាយុវជនហ្វ្រង់កូហ្វូន ក៏ដូចជាអ្នកប្រើប្រាស់ភាសាបារាំងមួយរូប កញ្ញាពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំង និងសប្បាយចិត្តក្នុងការចូលរួមព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីធ្លាសួនច្បារមុខវត្តបទុមវតី និងព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅកោះពេជ្រ។

និស្សិតឆ្នាំទី៤ ផ្នែកភាសាបារាំង នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបនេះ បន្ថែមថា យុវជនដែលស្រឡាញ់វិស័យបច្ចេកវិទ្យា ក៏អាចទៅចូលរួមព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ដើម្បីដឹងពីការរីកចម្រើនរបស់ប្រទេសជុំវិញពិភពលោក និងដឹងពីស្ថានភាពប្រទេសកម្ពុជា ដើម្បីអាចឱ្យយើងឈានទៅដល់ឆាកអន្តរជាតិបាន។
ក្នុងការចូលរួមជាផ្នែកមួយក្នុងការរៀបចំព្រឹត្តិការណ៍នេះ កញ្ញា សេង ជីងអឺ បានទទួលការចាត់តាំងឱ្យក្លាយជាយុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនម្នាក់ក្នុងចំណោមយុវជនកម្ពុជា១២នាក់ ដែលជាផ្នែកមួយនៃយុវជន ១ពាន់នាក់ជុំវិញពិភពលោក។ ក្រុមយុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនតំណាងឱ្យកម្ពុជា ក៏មានរៀបចំស្តង់នៅពន្លាហ្រ្វង់កូហ្វូន ដែលទាក់ទងនឹងយុវជនអគ្គរាជទូតហ្វ្រង់កូហ្វូន ដើម្បីញ៉ាំងឱ្យកម្មវិធីមានភាពសប្បាយរីករាយសម្រាប់ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិឱ្យស្វែងយល់បន្ថែមពីវប្បធម៌ខ្មែរ និងវប្បធម៌របស់ប្រទេសជាសមាជិកហ្រ្វង់កូហ្វូនមកពី៨៩ប្រទេសផងដែរ។
យុវជនអគ្គរាជទូតហ្វ្រង់កូហ្វូនតំណាងកម្ពុជា រូបនេះ យល់ថា នេះជាពេលវេលាមួយដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះ។ កន្លងមក នៅតំបន់អាស៊ីអាគ្នេយ៍ ធ្លាប់ប្រារព្ធធ្វើកម្មវិធីនេះនៅប្រទេសវៀតណាម កាលពី៣០ឆ្នាំមុន ហើយសម្រាប់ឆ្នាំ២០២៦នេះ គឺធ្វើនៅប្រទេសកម្ពុជា។

ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កញ្ញា សេង ជីងអឺ ក៏បានលើកទឹកចិត្តដល់ប្រជាជនខ្មែរ ជាពិសេសយុវជន យុវនារី គ្រប់រូប មិនថាកំពុងរៀនជំនាញអ្វីក៏ដោយ មិនថាចេះនិយាយភាសាបារាំង ឬមិនចេះនិយាយភាសាបារាំង សូមចូលរួមទាំងអស់គ្នា ដើម្បីញ៉ាំងកម្មវិធីនេះឱ្យកាន់តែមានភាពរស់រវ៉ើក។ លើសពីនេះ ក៏កុំភ្លេចទៅចូលរួមដើម្បីមើលឃើញ និងស្គាល់ពីវប្បធម៌ប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត ព្រោះកម្មវិធីនេះជាកម្មវិធីដែលធំជាងកិច្ចប្រជុំកំពូលអាស៊ាន រហូតដល់ ៨ដង បើប្រៀបធៀបចំនួនប្រទេសដែលជាសមាជិកហ្វ្រង់កូហ្វូនី និងប្រទេសដែលនិយាយភាសាបារាំង។ កញ្ញាក៏លើកទឹកចិត្តឱ្យយុវជនទាំងអស់នៅពេលឃើញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនឹងមកចូលរួមសូមស្វាគមន៍ដោយស្នាមញញឹមរួសរាយរាក់ទាក់។ កញ្ញាជឿជាក់ថា ខ្មែរយើងនឹងរីកចម្រើនទៅមុខលើសនេះទៀត ហើយនេះគឺជាជំហានដ៏ធំមួយដែលប្រទេសខ្មែរបានបោះជំហានដើម្បីអនាគត ក៏ដូចជាការរីកចម្រើននៃប្រទេសកម្ពុជា។
គួរជម្រាបជូនថា កញ្ញា សេង ជិញអឺ ធ្លាប់បានជាប់ចំណាត់ថ្នាក់ជ័យលាភីលេខ១ ក្នុងការប្រកួតថ្លែងជាសាធារណៈជាភាសាបារាំង នៅក្នុងមហោស្រពហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤ (Francophonie 2024) ដែលជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយ រៀបចំឡើងនៅទីក្រុងប៉ារីស ស្របទៅនឹងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីផងដែរ៕













































































