រាជរដ្ឋាភិបាល​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើកស្ទួយ​សុខុមាលភាព​ប្រជាជន តាមរយៈ​ការ​លើក​កម្ពស់​សុខភាព​សាធារណៈ និង​អាហារូបត្ថម្ភ

ក្នុង​សារលិខិត​ចូលរួម​អបអរ​ទិវា​អាហារូបត្ថម្ភ លើកទី១១ ក្រោម​ប្រធានបទ «អាហារូបត្ថម្ភ​ដើម្បី​ការលូតលាស់ និងកំណើន» សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​​ក្នុង​ការ​លើក​ស្ទួយ​សុខុមាលភាព​របស់​ប្រជាជន តាមរយៈ​ការ​លើក​កម្ពស់​សេវា​សុខភាព​សាធារណៈ និង​អាហារូបត្ថម្ភ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​ស្បៀង​ឱ្យ​កាន់តែ​រឹងមាំ ឆ្លាតវៃ ធន់ បរិយាប័ន្ន ផ្ដល់​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​សម្រាប់​ប្រជាជន​គ្រប់រូប។

តាម​លទ្ធផល នៃ​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ចាប់​ពីឆ្នាំ​២០០០ ដល់​ឆ្នាំ​២០២១-២០២២ បាន​បង្ហាញថា អត្រា​ក្រិស​ក្រិន​របស់​កុមារ​អាយុ​ក្រោម​៥ឆ្នាំ បាន​ធ្លាក់​ចុះ​ពី​៥០ភាគរយ មក​ត្រឹម ២១,៩០ភាគរយ អត្រា​ស្គម​ស្គាំង​បាន​ធ្លាក់ចុះ​ពី​១៧ភាគរយ មក​ត្រឹម​ ៩,៦០ភាគរយ អត្រា​កុមារ​មិន​គ្រប់​ទម្ងន់ បាន​ធ្លាក់ចុះ​ពី​៣៩ភាគរយ មក​ត្រឹម​១៦ភាគរយ ហើយ​អត្រា​មិន​គ្រប់​ទម្ងន់​របស់​ស្រ្តី​ក្នុងវ័យ​បន្ត​ពូជ ក៏​បានធ្លាក់ចុះ​ពី ២០,៦០ភាគរយ មក​ត្រឹម ១០,៥៥ភាគរយ។

បើតាម​ការ​បញ្ជាក់​របស់​សម្តេច​នាយករដ្ឋមន្ត្រី ឈរ​លើ​បរិបទ នៃការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ឱ្យ​​ប្រជាជន​ផ្លាស់ប្ដូរ​របៀបរស់នៅ និង​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការ​បរិភោគ​អាហារ។ ការ​ផ្លាស់ប្ដូរ​ទាំងនេះ មាន​ឥទ្ធិពល​ជា​វិជ្ជមាន​លើ​ស្ថានភាព​អាហារូបត្ថម្ភ​របស់​ប្រជាជន។ ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ បញ្ហា​កង្វះ​មីក្រូ​សារជាតិ និង​បញ្ហា​ថយ​ចុះ​អត្រា​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់ បញ្ហា​ធាត់ និង​លើស​ទម្ងន់ ក៏​មាន​និន្នាការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់។

ទន្ទឹម​នេះ របប​អាហារ​មិន​ល្អ និង​ការ​ធ្វើ​លំហាត់​ប្រាណ​មិន​បាន​គ្រប់គ្រាន់ ក៏​ជា​កត្តា​ហានិភ័យ នៃ​បញ្ហា​សុខភាព​សាធារណៈ និង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​គ្រប់​ប្រភេទ។ ការ​ទទួល​ទាន​អាហារ​ដែល​មាន​ថាមពល​ខ្ពស់ ជាតិ​ខ្លាញ់ ស្ករ ឬ​អំបិល​ច្រើន និង​ការ​បរិភោគ​បន្លែ ផ្លែឈើ​មិន​បាន​គ្រប់គ្រាន់ គឺជា​ហេតុផល​ចម្បង​បណ្ដាល​ឱ្យ​មាន​ជំងឺ​មិន​ឆ្លង​នានា ដូចជា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺបេះដូង ជំងឺ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​មហារីក។ល។ ឈរ​លើ​កត្តា​ទាំងនេះ រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ផ្លាស់ប្ដូរ​របៀប​ផលិត របៀប​កែច្នៃ របៀប​ធ្វើ​អាជីវកម្ម របៀប​របរ​ការ​បរិភោគ​អាហារ និង​ការ​រស់នៅ ដើម្បី​ថែ​រក្សា​សុខភាព និង​សុខុមាល​ភាព​ម្នាក់ៗ​ឱ្យ​បាន​ល្អ។

ជាមួយ​គ្នា​នេះ ដើម្បី​លុបបំបាត់​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​នៅ​កម្ពុជា សម្ដេច​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា គឺ​ទាមទារ​ឱ្យ​មាន​កិច្ច​សហការ ការ​សម្របសម្រួល កិច្ច​អន្តរាគមន៍ និង​ការ​វិនិយោគ​នៅ​ក្នុងវិស័យ​កសិកម្ម សុខាភិបាល អប់រំ កិច្ច​គាំពារ​សង្គម ទឹក​ស្អាត និង​អនាម័យ និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

សូម​បញ្ជាក់​ថា ទិវា​ជាតិ​អាហារូបត្ថម្ភ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់ឆ្នាំ នាថ្ងៃទី៦ ខែ​វិច្ឆិកា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អប់រំ​ និង​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ឱ្យ​បាន​ទូលំទូលាយ​អំពី​សារៈសំខាន់ នៃ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​មូលធន​មនុស្ស បង្កើន​ប្រសិទ្ធភាព​ការងារ ជំរុញ​កំណើន​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម។ នៅ​ឆ្នាំ​២០២៤នេះ ទិវាជាតិ​អាហារូបត្ថម្ភ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «អាហារូបត្ថម្ភ​ដើម្បី​ការ​លូតលាស់ និង​កំណើន» ស្រប​ពេល​ដែល​អង្គការ​សហប្រជាជាតិ​នឹង​រៀបចំ​សន្និសីទ​កំពូល​ស្ដីពី​អាហារូបត្ថម្ភ​ដើម្បី​ការលូតលាស់ និង​កំណើន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ខែមីនា ឆ្នាំ២០២៥ ខាងមុខ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​រដ្ឋ​ជា​សមាជិក​បង្ហាញ​ពីការ​ប្ដេជ្ញា​ចិត្ត​ជាថ្មី​ស្តីពី​អាហារូបត្ថម្ភ ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​២០៣០ ពិសេស​គោលដៅទី២ គឺ​បញ្ចប់​ភាព​អត់ឃ្លាន សម្រេច​ឱ្យ​បាន​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​មាន​ភាព​ប្រសើរ​ឡើង និង​លើក​កម្ពស់​កសិកម្ម​ប្រកប​ដោយ​ចីរភាព និង​គោលដៅទី៣ គឺ ធានា​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​មាន​សុខភាព​ល្អ និង​លើក​កម្ពស់​សុខុមាលភាព​របស់​មនុស្ស​គ្រប់​រូប និង​គ្រប់​វ័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *