ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ កម្មវិធីសិក្សាត្រៀមចូលសាកលវិទ្យាល័យនៅប្រទេសអូស្ត្រាលី (Foundation Program) របស់សាកលវិទ្យាល័យ New South Wales (UNSW) កាលពីថ្ងៃពុធ (១៨ មីនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានសាទរចំពោះការដាក់ឱ្យដំណើរការកម្មវិធី ដោយថា វានឹងជួយដល់សិស្សនិស្សិតកម្ពុជាត្រៀមសម្របខ្លួននឹងវិធីសាស្រ្តសិក្សាបែបថ្មី។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរំលឹកពីបទពិសោធន៍ ដែលឯកឧត្តមធ្លាប់ទៅសិក្សានៅបរទេស បានជួបនឹងបរិយាកាសសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ ហើយជួបបញ្ហាប្រឈមគឺ ការរស់នៅឆ្ងាយពីក្រុមគ្រួសារ ការរៀនរស់នៅដោយឯករាជ្យ និងការសម្របខ្លួនទៅនឹងវិធីសាស្រ្តសិក្សាបែបថ្មី ដែលជារឿងពិបាក ទាមទារការតាំងចិត្តខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ដូច្នេះ កម្មវិធីសិក្សាត្រៀមសម្រាប់ការសិក្សានៅបរទេស មានសារៈសំខាន់ក្នុងការជួយសម្រួលដល់ការផ្លាស់ប្តូរការសិក្សានេះ ដោយបណ្តុះបណ្តាលសិស្សនិស្សិតឱ្យស៊ាំទៅនឹងប្រព័ន្ធអប់រំស្តង់ដាអន្តរជាតិ និងពង្រឹងជំនាញស្រាវជ្រាវតាំងពីនៅក្នុងស្រុក ជួយឱ្យពួកគេមានទំនុកចិត្ត និងអាចជោគជ័យក្នុងការសិក្សានៅក្រៅប្រទេសងាយស្រួលជាងមុន។
ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏ជឿជាក់ថា យុវជនដែលបានសិក្សាកម្មវិធីត្រៀមនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹង និងបទពិសោធអន្តរជាតិត្រឡប់មកវិញ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន នៅក្នុងយុគសម័យឌីជីថល៕





























