ករណីការបៀតបៀនផ្លូវចិត្ត តាមរយៈការគំរាមកំហែង ការរើសអើង/មាក់ងាយ អំពើហិង្សាគ្រប់ទម្រង់ ដូចជា Bullying ជាដើម គឺត្រូវបានហាមឃាត់ដាច់ខាតនៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន និងតម្រូវអនុវត្តគោលនយោបាយវិន័យបែបវិជ្ជមាន ដែលមានផែនការសកម្មភាពពិនិត្យតាមដានយ៉ាងម៉ត់ចត់។ នេះបើតាមការលើកឡើងរបស់លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួងសុខភាពសិក្សា។
លោកជំទាវបណ្ឌិត សឿ សុជាតា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា ពិតជាបានយកចិត្តទុកដាក់លើករណីសុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន ក៏ដូចជាមន្រ្តីអប់រំ និងគ្រូបង្រៀន ព្រោះបានដឹងនិងទទួលស្គាល់ថា សុខភាពផ្លូវចិត្ត ដើរតួនាទីសំខាន់ ជាផ្នែកគាំទ្រសុខភាពផ្លូវកាយ ផ្លូវអារម្មណ៍ និងជាកត្តាជំរុញការលូតលាស់របស់សរីរាង្គកាយ និងបញ្ញាស្មារតី តែវាក៏ជាផ្នែកបំផ្លាញដោយសម្ងាត់ទៅលើការវិវត្តខាងលើផងដែរ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្ត។
អនុរដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់ថា ករណីមានការរំលោភបំពាន ជនរងគ្រោះមានសិទ្ធិប្តឹងដល់គ្រឹះស្ថានសិក្សា ឬមកក្រសួង។ ចំណែក ករណីវិន័យចំពោះជនរំលោភបំពាន ការអនុវត្តនៅតាមគ្រឹះស្ថានសិក្សាជាទូទៅ គឺការអនុវត្តតាមកម្រិតនៃការរំលោភបំពាន ហើយអនុវត្តវិន័យដូចជា ការអប់រំដោយផ្ទាល់ ជាសាធារណៈ ការចុះក្នុងប្រវត្តិរូបសិក្សា និងធ្ងន់ធ្ងរគឺការបញ្ឈប់ឱ្យសិក្សាក្នុងគ្រឹះស្ថានសិក្សា។ ករណីរំលោភបំពាន ក្រសួងក៏មានយន្តការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលផងដែរ ដែលជនរងគ្រោះអាចធ្វើសេចក្តីរាយការណ៍ និងដាក់ពាក្យបណ្តឹង ដូចជា ការរំលោភបំពានក្នុងការប្រើប្រាស់បច្ចេកវិទ្យា online bullying គឺមានអង្គការអេបផល, អង្គការ CPU អង្គការភ្លែនអន្តរជាតិ…។ល។ ចំពោះរចនាសម្ព័ន្ធរដ្ឋ ក្រសួងមានគណៈកម្មការទប់ស្កាត់អំពើជួញដូរមនុស្ស គណៈកម្មការទប់ស្កាត់អំពើហិង្សា គណៈកម្មការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និង App NoDrug ផងដែរ។

ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួងសុខភាពសិក្សា សង្កត់ធ្ងន់ថា សុខភាពផ្លូវចិត្ត វិវត្តអាស្រ័យកត្តាខាងក្នុងពីធម្មជាតិ និងពីកត្តាបង្ក និងពីបរិស្ថានជុំវិញ។ លោកជំទាវបណ្ឌិត បន្តថា ពាក់ព័ន្ធសុខភាពផ្លូវចិត្តនេះ ក្រសួងបានចាត់ចែងយន្តការ ក្រោមទិសដៅរបស់គោលនយោបាយជាតិស្តីពីសុខភាពសិក្សា ឆ្នាំ២០១៩ ដែលបានធ្វើបច្ចុប្បន្នភាពពី គោលនយោបាយអប់រំសុខភាព ឆ្នាំ២០១២ របស់ក្រសួងអប់រំ និងបានបង្កើតជាគណៈកម្មាធិការអន្តរក្រសួង/វិស័យពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រាជធានីខេត្ត ខណ្ឌ ស្រុក រហូតដល់គ្រឹះស្ថានសិក្សា ដែលមានសមាសភាពចូលរួមពីសំណាក់មាតាបិតា ឬអាណាព្យាបាលសិស្ស។ យន្តការទាំងនោះ រួមមាន៖
ទី១. ការគិតគូរដល់សុវត្ថិភាពផ្លូវចិត្ត តាមរយៈការអនុវត្តការបញ្ចូលមេរៀនអប់រំសុខភាពផ្លូវចិត្តទៅក្នុងកម្មវិធីសិក្សាពីកម្រិតមតេយ្យសិក្សារហូតមធ្យមសិក្សាទុតិយភូមិ ព្រមទាំងការអប់រំក្រៅប្រព័ន្ធ ក្នុងមេរៀនអប់រំសុខភាព និងសិក្សាសង្គម។ ទន្ទឹមនេះ ក្រសួងបានរៀបចំ និងផ្តល់ដល់គ្រប់គ្រឹះស្ថានសិក្សា នូវបទដ្ឋានពាក់ព័ន្ធនានា ដែលមានទំនាក់ទំនងនឹងការអភិវឌ្ឍសុខភាពជារួម សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងបរិស្ថាន តាមគ្រឹះស្ថានសិក្សាផងដែរ។
ទី២. ចំពោះកត្តាបង្កដែលជាហានិភ័យដល់សុខភាពផ្លូវចិត្ត/អារម្មណ៍របស់សិស្ស/គ្រូ ត្រូវបានសិក្សានិងរកឃើញពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចគ្រួសារ ការវិវត្តក្នុងបច្ចេកវិទ្យា/ឌីជីថល ការរើសអើង អំពើហិង្សាគ្រប់ទម្រង់ អំពើជួញដូរមនុស្សគ្រប់ទម្រង់ ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន បារីអេឡិចត្រូនិក/វេប/cvd ។ល។ ដែលក្រសួងបាននឹងកំពុងពង្រឹងការបណ្តុះបណ្តាលជនបង្គោលតាមគ្រឹះស្ថានសិក្សា (គ្រូ យុវជន មាតាបិតា) ឱ្យបានយល់ពីទម្រង់នៃផលប៉ះពាល់សុខភាពផ្លូវចិត្ត ការគំរាមកំហែងសុខភាពផ្លូវចិត្ត ឬផលជះនៃបញ្ហាសុខភាពផ្លូវចិត្ត និងវិធានអប់រំ និងដោះស្រាយ។
ទី៣. បញ្ចូលកម្មវិធីគ្រប់គ្រងនិងវាយតម្លៃទៅលើដំណើរការសាលារៀន និងលទ្ធផលបំពេញការងាររបស់គ្រូបង្រៀន ដែលផ្សារភ្ជាប់ទៅនឹងសមិទ្ធផលរបស់សិស្ស។
គួរជម្រាបជូនថា គោលនយោបាយជាតិស្តីពីសុខភាពសិក្សា ឆ្នាំ២០១៩ មានយុទ្ធសាស្រ្តក្នុងការលើកកម្ពស់សន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សា ដោយជំរុញការអនុវត្តគោលការណ៍ “សាលារៀនមួយ តំបន់សុខសាន្តមួយ”។ តាមរយៈគោលការណ៍ប្រតិបត្តិស្តង់ដា ស្ដីពី ការលើកកម្ពស់សុខភាពសិក្សា ឆ្នាំ២០២២ បានហាមឃាត់អំពើហិង្សាគ្រប់ប្រភេទ និងរើសអើងគ្រប់ទម្រង់ និងហាមប្រើសម្ដីអសុរោះនៅសាលារៀន។ ពេលមានបញ្ហាផ្លូវចិត្ត ឬការបៀតបៀន មន្ត្រីទទួលបន្ទុកបន្ទប់សុខភាព ត្រូវទំនាក់ទំនងជាមួយមិត្តភក្តិ អ្នកអាណាព្យាបាល គ្រូប្រចាំថ្នាក់ និងសាមីខ្លួន និងរៀបចំយន្តការផ្តល់ប្រឹក្សា ដោយរក្សាការសម្ងាត់ និងជួយដោះស្រាយបញ្ហាដែលកើតមានឡើង៕














































































