រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ WHO Healthy Cities Recognition Awards ឆ្នាំ២០២៦ ពីអង្គការសុខភាពពិភពលោក (WHO) សម្រាប់សមិទ្ធផលក្នុងការអនុវត្ត «គម្រោងតំបន់សាលារៀនសុវត្ថិភាព» ដែលរួមចំណែកកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងបង្កើតបរិយាកាសធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្ស។
រាជធានីភ្នំពេញ ទទួលបានការទទួលស្គាល់ក្នុងប្រភេទ «ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព សកម្ម និងអំណោយផលដល់សុខភាព៖ ការលើកកម្ពស់សុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធ្វើដំណើរនៅទីក្រុង»។
តាមការប្រកាសរបស់ WHO ចេញផ្សាយនៅថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២៦បានឱ្យដឹងថា គម្រោងនេះបានរួមបញ្ចូលវិធានការជាច្រើន ដូចជា ការប្រើប្រាស់ទិន្នន័យសុវត្ថិភាពចរាចរណ៍ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងល្បឿន ការអនុវត្តច្បាប់ ការអប់រំ និងការចូលរួមរបស់សហគមន៍ ដើម្បីពង្រឹងសុវត្ថិភាពនៅជុំវិញសាលារៀនដែលមានហានិភ័យខ្ពស់។
ក្នុងតំបន់អនុវត្តគម្រោង ត្រូវបានកំណត់ល្បឿនអតិបរមា ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ជាផ្នែកមួយនៃវិធានការកាត់បន្ថយហានិភ័យសម្រាប់កុមារ និងអ្នកប្រើប្រាស់ផ្លូវនៅជុំវិញសាលារៀន។
អង្គការ WHO បានឱ្យដឹងថា បន្ទាប់ពីអនុវត្តវិធានការសុវត្ថិភាព ស្ថានភាពនៅសាលារៀនគោលដៅចំនួន២ មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយសាលារៀនដែលធ្លាប់ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពត្រឹម ១ផ្កាយ បានកើនឡើងដល់ ៤,២ផ្កាយ និង ៣,៥ផ្កាយ។
ជាមួយគ្នានេះ ល្បឿនយានយន្តនៅតំបន់អនុវត្តបានថយចុះ ខណៈសិស្សានុសិស្សប្រមាណ ៥០០នាក់ បានទទួលការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍។ គម្រោងក៏បានរាយការណ៍ពីការថយចុះ ៥៨% នៃករណីគ្រោះថ្នាក់ដែលរាយការណ៍ដោយអ្នកពាក់ព័ន្ធនៅតំបន់អនុវត្ត។
«គម្រោងតំបន់សាលារៀនសុវត្ថិភាព» ត្រូវបានដាក់ឱ្យអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ Partnership for Healthy Cities កាលពីខែសីហា ឆ្នាំ២០២៥ ដោយជ្រើសរើសសាលាបឋមសិក្សាចំនួន២ ជាទីតាំងអាទិភាព រួមមាន សាលាមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា រាជធានីភ្នំពេញមានសិស្សសាលាជាង ៣៥០,០០០នាក់ ដែលធ្វើដំណើរទៅ-មករវាងផ្ទះ និងសាលារៀនជារៀងរាល់ថ្ងៃ។ ដូច្នេះ ការធានាសុវត្ថិភាពនៅតំបន់ជុំវិញសាលារៀន គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ខ្ពស់។
លោកស្រីបន្តថា គម្រោងនេះផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំយុទ្ធនាការអប់រំស្តីពីការបន្ថយល្បឿន ការបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ និងការរឹតបន្តឹងការអនុវត្តច្បាប់នៅតំបន់ជុំវិញសាលារៀន។
សូមជម្រាបថា ពានរង្វាន់ WHO Healthy Cities Recognition Awards ឆ្នាំ២០២៦ នឹងត្រូវប្រគល់ជូនក្នុងអំឡុងសន្និសីទសកលលើកទី១១ នៃសម្ព័ន្ធទីក្រុងសុខភាពល្អ (Alliance for Healthy Cities) ដែលប្រព្រឹត្តទៅនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៕











































































