យុវជនឆ្នើម ៖ ការងារស្ម័គ្រចិត្តផ្ដល់ទាំងចំណេះដឹង និងអាចចូលរួមចំណែកជួយសង្គមបានច្រើន

ការងារស្ម័គ្រចិត្ត ជាបរិយាកាសការងារមួយដែលផ្ដល់ឱកាសដល់យុវជនចូលរួមអនុវត្តការងារជាក់ស្ដែង ព្រមទាំងបណ្ដុះផ្នត់គំនិត ការសហការ ការដោះស្រាយបញ្ហា ក៏ដូចជាបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ម៉្យាងវិញទៀត ការងារស្ម័គ្រចិត្ត ផ្ដល់ឱកាសដល់យុវជន សិស្ស និស្សិត ដែលមិនទាន់មានបទពិសោធន៍ការងារ អាចកសាងសមត្ថភាព ចំណេះជំនាញ ដើម្បីអភិវឌ្ឍខ្លួនទៅរកការងារល្អក្រោយបញ្ចប់ការសិក្សា។

ជាមួយគ្នា យុវតីពីររូបដែលជាអតីតជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២២ កន្លងទៅ បានយល់ឃើញថា ការងារស្ម័គ្រផ្ដល់ទាំងចំណេះដឹង និងអាចចូលរួមចំណែកជួយសង្គមបានច្រើន។

កញ្ញា ផន ម៉ាន់ស៊ី ជានិស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៃសាលកលវិទ្យាល័យភូមិន្ទភ្នំពេញ

កញ្ញា ផន ម៉ាន់ស៊ី ជានិស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៃសាលកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ឱ្យដឹងថា រូបគេចង់សាកល្បងធ្វើការងារស្ម័គ្រចិត្តចាប់តាំងពីរនៅថ្នាក់វិទ្យាល័យ ប៉ុន្តែមិនដឹងចូលធ្វើដោយរបៀបណា។ ម៉ាន់ស៊ី បន្តថា រហូតបានចូលរួមប្រកួតក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ទើបធ្វើឱ្យខ្លួនឯងយល់ច្បាស់ថា នៅពេលបានជួយសង្គម នឹងធ្វើឱ្យយើងមានអារម្មណ៍ សប្បាយចិត្ត។ ទើបក្នុងឆ្នាំ២០២៤ មានការប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ រូបគេប្ដេជ្ញាចិត្តថា ត្រូវតែចូលរួមធ្វើការងារស្ម័គ្រចិត្តក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឱ្យបាន បើទោះជាមានកិច្ចការរវល់យ៉ាងណាក៏ដោយ។

និស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៃសាលកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបនេះ បញ្ជាក់បន្ថែមថា រូបគេស្រឡាញ់ការងារស្ម័គ្រចិត្តជាខ្លាំង បើទោះជាដឹងថាការងារស្ម័គ្រចិត្តមិនបានទទួលប្រាក់កម្រៃក៏ពិតមែន ប៉ុន្តែនៅពេលបានចូលរួមធ្វើ គឺឃើញថាខ្លួនឯងផ្លាស់ប្ដូរការគិត ទទួលចំណេះដឹងល្អៗ និងអាចសម្របខ្លួនទៅតាមសង្គមបានច្រើន។

និស្សិតឆ្នាំទី២ ផ្នែកវិស្វកម្មកុំព្យូទ័រ នៃសាលកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបនេះ បញ្ជក់បន្ថែមថា ទោះបីរៀនមុខវិជ្ជាអ្វីក៏ដោយ យើងនៅតែអាចចូលរួមស្ម័គ្រចិត្តក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិបាន ព្រោះកម្មវិធីនេះ ផ្ដលចំណេះដឹងដល់យើងលើសពីអ្វីដែលយើងរៀននៅសាលា។ ឧទាហរណ៍ បើយើងរៀនផ្នែក ពត៌មានវិទ្យា គឺយើងដឹងតែពីចំណេះដឹងពាក់ព័ន្ធនឹងពត៌មានវិទ្យា យើងមិនសូវដឹងចំណេះដឹងផ្សេងៗទៀតទាក់ទងទៅនឹងសង្គមខាងក្រៅ ប៉ុន្តែនៅពេលយើងចូលរួមការងារស្ម័គ្រចិត្ត ធ្វើឱ្យយើងដឹងមួយផ្នែកទៀតច្រើនជាងអ្វីដែលដឹងនៅសាលា។ ជាពិសេស ពីមុនខ្ញុំមិនសូវហ៊ាននិយាយ ប៉ុន្តែនៅពេលបានចូលរួមការងារស្ម័គ្រចិត្ត បានជួបបងៗច្រើន ហ៊ាននិយាយជាមួយពួកគាត់ ស្គាល់មនុស្សកាន់តែច្រើន។

កញ្ញា ផន ម៉ាន់ស៊ី លើកឡើងដែរថា បើទោះជារូបគេរៀននៅថ្នាក់វិទ្យាល័យផ្នែកវិទ្យាសាស្រ្តសង្គម ហើយធ្លាប់ជាបេក្ខជនដែលមានសមត្ថភាពក្នុងការប្រកួត ប៉ុន្តែការជ្រើសរើសបន្តការសិក្សាមកសាកលវិទ្យាល័យផ្នែកព័ត៌មានវិទ្យា គឺជាអ្វីដែលរូបគេស្រឡាញ់។ ទន្ទឹមគ្នានេះ ការចូលរួមស្ម័គ្រចិត្តក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ គឺមានតាមផ្នែក ក្នុងនោះផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Madia) ក៏ជាផ្នែកមួយក្នុងជំនាញ ព័ត៌មានវិទ្យា។ ​ម៉ាន់ស៊ី បន្តថា ពេលចូលរួម​ការងារស្ម័គ្រចិត្ត ក៏ជាពេលវេលាមួយអាចសិក្សាស្រាវជ្រាវបន្ថែមទៀត បង្កើនទំនាក់ទំនងជាមួយសិស្សច្បងជាច្រើនដែលមានជំនាញខុសគ្នាៗ ដែលអាចចែករំលែកបទពិសោធន៍ ព័ត៌មានអាហារូបករណ៍ ក៏ដូចជាជំនាញផ្សេងៗជាច្រើន។

ម៉ាន់ស៊ី បន្ថែមថា ការរៀនផ្នែកព័ត៌មានវិទ្យា ទាមទារពេលវេលារៀនច្រើន ដូច្នេះ ត្រូវបែងចែកពេលវេលារៀនឱ្យបានច្បាស់លាស់ ព្រោះការងារស្ម័គ្រចិត្ត គឺធ្វើនៅថ្ងៃសៅរ៍ និងអាទិត្យ ហើយថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចំណាយពេលសម្រាប់រៀននៅសាកលវិទ្យាល័យ។ ចំពោះ ម៉ាន់ស៊ី ការធ្វើកិច្ចការសាលា ការសរសេរកូដ ច្រើនធ្វើនៅពេលយប់។ ការធ្វើបែបនេះ ជួយឱ្យខ្លួនមានទំនួលខុសត្រូវចំពោះកិច្ចការសាលាផង និងការងារស្ម័គ្រចិត្តផង។ ហើយចំពោះការងារស្ម័គ្រចិត្ត រូបគេ ជាអ្នកសម្របសម្រួល និងជាពិធីការិនីផងដែរ។

កញ្ញា អ៊ាង ណាវីត ជានិស្សិតឆ្នាំទី២ ផ្នែកវិស្វកម្មកុំព្យូទ័រ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ចំណែក កញ្ញា អ៊ាង ណាវីត ជានិស្សិតឆ្នាំទី២ ផ្នែកវិស្វកម្មកុំព្យូទ័រ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបន្ថែមថា កាលរៀននៅវិទ្យាល័យ ក្រៅពីជួយកិច្ចការសាលារូបគេមិនធ្លាប់ចូលរួមការងារស្ម័គ្រចិត្តនោះឡើយ ប៉ុន្តែនៅពេលបានចូលរួមក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ កន្លងមក ទើបដឹងថា សង្គមជាតិត្រូវការអ្វីជាច្រើនទៀតដែលយើងជាយុវជនអាចចូលរួមជួយបាន។

កញ្ញា អ៊ាង ណាវីត បន្ថែមថា នៅថ្ងៃកម្មវិធី នាងបានឃើញសិស្សច្បងម្នាក់ៗមានភាពរួសរាយរាក់ទាក់ ដោយដំបូងគិតថា ខ្លួនជាសិស្សមកពីខេត្តប្រហែលគ្មានអ្នកស្គាល់ ឬចង់និយាយជាមួយ ប៉ុន្តែនៅពេលទៅដល់បានឃើញសិស្សច្បងម្នាក់ៗមានភាពរួសរាយរាក់ទាក់ ក៏មានអារម្មណ៍ថា សប្បាយចិត្ត ស្រឡាញ់ពួកគាត់ ហើយចង់ចូលរួមស្ម័គ្រចិត្តដូចពួកគាត់ដែរ។ ក្រោយមក តែងតែតាមដានកម្មវិធីនេះរហូត ហើយនៅពេលក្រសួងប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្តក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ ក៏បានដាក់ពាក្យ ហើយសម្ភាសន៍ក៏ជាប់។ ណាវីត និយាយថា ប្រសិនបើយើងស្រឡាញ់ ឬមានឆន្ទៈ ទោះជារវល់យ៉ាណាក៏ដោយក៏នៅតែអាចឆ្លៀតពេលធ្វើអ្វីដែលយើងស្រឡាញ់ ទោះជាការងារស្ម័គ្រចិត្តក៏ពិតមែន ប៉ុន្តែត្រូវធ្វើជាមួយទំនួលខុសត្រូវ។ ចំពោះការងារស្ម័គ្រចិត្តនេះ រូបគេ ធ្វើនៅផ្នែករដ្ឋបាល ដែលជា ការងារមុនពេលកម្មវិធី និងក្រោយកម្មវិធី ទើបអាចចូលរួមជួយកម្មវិធីផង និងមានពេលវេលារៀនសូត្រផង។

កញ្ញា អ៊ាង ណាវីត ក៏បានលើកទឹកចិត្តឱ្យយុវជនទាំងអស់ងាកមកចាប់អារម្មណ៍ការងារស័គ្រចិត្ត ព្រោះវាអាចជួយឱ្យយើងទទួលបានអ្វីលើសពីការរៀននៅក្នុងសាលា រួមមាន ទី១. បង្កើនទំនាក់ទំនង ទី២. រៀនជំនាញទន់ ការចេះសហការក្រុម ការត្រិះរិះពិចារណា ការរៀនរស់នៅចុះសម្រុងជាមួយអ្នកដទៃ និងទី៣. អភិវឌ្ឍសមត្ថភាព។ លើសពីនេះ ជួយឱ្យសុខភាពផ្លូវចិត្តរឹងមាំជាងមុន ព្រោះមនុស្សមានអត្តចរិតខុសៗគ្នា ធ្វើឱ្យយើងចេះបើកចិត្តទូលាយជាងមុន និងមិនប្រកាន់ច្រើន។ ចំណែក កញ្ញា ផន ម៉ាន់ស៊ី លើកទឹកចិត្តឱ្យយុវជនទាំងអស់សាកល្បងចូលរួមក្នុងការងារស័្មគ្រចិត្ត ដើម្បីទទួលបានចំណេះដឹង ការសហការក្រុម ទំនាក់ទំនង ការនិយាយស្ដី សីលធម៌ និងមានឥរិយាបថល្អក្នុងការរស់នៅប្រចាំថ្ងៃ។ លើសពីនេះ ការអភិវឌ្ឍជំនាញ ការអនុវត្តការងារជាក់ស្ដែង ពង្រឹងសមត្ថភាពឱ្យកាន់តែខ្ពស់ មានទំនួលខុសត្រូវខ្ពស់ជាងមុន និងអាចអភិវឌ្ឍខ្លួនឱ្យកាន់តែល្អទៅមុខទៀត។ ម៉ាន់ស៊ី ថា «ឮគេនិយាយមួយរយដង មិនស្មើនឹងបានជួយដោយផ្ទាល់បានម្ដង ដើម្បីដឹងអំពីការងារស្ម័គ្រចិត្ត»។

ជាមួយគ្នានេះ កញ្ញា អ៊ាង ណាវីត និងកញ្ញា ផន ម៉ាន់ស៊ី លើកឡើងដូចគ្នាថា​ ក្រោយចប់កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤នេះ រូបគេក៏នៅតែចូលរួមជួយកម្មវិធីនៅឆ្នាំក្រោយៗទៀត ប៉ុន្តែអាស្រ័យលើពេលវេលាជាក់ស្ដែង ប្រសិនបើមានកិច្ចការរវល់ ក៏អាចនៅតែឆ្លៀតពេលចូលរួមជួយ ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...