ក្រសួងបរិស្ថានផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាតទំនើបនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ

ភ្នំពេញ – ទឹកស្អាត និងអនាម័យជាតម្រូវការមូលដ្ឋានចាំបាច់គាំទ្រដល់សុខភាពសិស្សានុសិស្សនៅតាមសាលារៀន ។ ការលើកកម្ពស់ទឹកស្អាត និងអនាម័យនៅតា​ម​​សាលារៀនជាលើកកម្ពស់សេវាសុខភាពសាធារណៈនិងអាហារូបត្ថម្ភ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ផលិតភាពការ​​ងារ​ខ្ពស់ និងសុ​ខ​​ភាពរឹងមាំ ។ ដោយមើលឃើញពីសារៈសំខាន់នេះ ក្រសួងបរិស្ថានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការបំពាក់​ម៉ាស៊ីនចម្រោះទឹក​ស្អាត​នៅ​តាម​បណ្តា​សាលា​រៀន​ក្នុង​រាជធានីភ្នំពេញ ។

ម៉ាស៊ីនចម្រោះទឹក​ស្អាត​នេះនាំចូលពីបរទេស មានលក្ខណៈស្តង់ដារបច្ចេកវិទ្យាខ្ពស់ អាចចម្រោះទឹកឱ្យមានគុណភាពមិនចាញ់ទឹកបរិសុទ្ធដាក់លក់នៅតាមទីផ្សារ ។ ម៉ាស៊ីនចម្រោះទឹក​ស្អាតមានបំពាក់បច្ចេកទេសចម្រោះទឹកដែលអាចជួយទ្រទ្រង់ដល់រាង្គកាយ​ និងជួយដល់បញ្ហាផ្លូវដង្ហើម ។

លោក ប៉ិច ចាម នាយកវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន កោះដាច់ រាជធានីភ្នំពេញ មានប្រសាសន៍ថា ម៉ាស៊ីនចម្រោះទឹកនេះបានជួយកាត់បន្ថយថវិកាចំណាយថ្លៃទឹក​របស់សិស្ស ​កាត់បន្ថ​យ​​សំ​បក​​ដបប្លាស្ទិក និងជួយទៅដល់បរិស្ថាន ។ ទន្ទឹមគ្នានេះ តាមរយៈការទទួលទាន​សិស្សានុសិស្សនឹងមានសុខភាពល្អ ហើយការសិក្សារបស់ពួកគេនឹងទទួលលទ្ធផល​ប្រសើរជាក់ជាពុំខាន ។

ទើបទទួលបានម៉ាស៊ីនចម្រោះទឹក​ស្អាតថ្មី ​លោក លឹម ចាន់ថា នាយកវិទ្យាល័យ ​ហ៊ុន សែន ជម្ពូវ័ន បាននិយាយថា លោកអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលបានគាំទ្រទឹកស្អាតនៅក្នុងសាលារៀនរបស់លោក ។ ​លោក​សង្ឃឹមថា ម៉ាស៊ីនចម្រោះទឹក​នេះ នឹង​ជួយឱ្យ​សិស្ស​មានទម្លាប់​ផឹក​ទឹកស្អាត រស់នៅស្អាត កាត់បន្ថយ​សំរាម ហើយ​សាលា​រៀនមានបរិយាកាសកាន់តែស្និទ្ធស្នាល ។

រហូតមកដល់ខែធ្នូ ឆ្នាំ២០២១ នេះ ក្រសួងបរិស្ថាន និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានផ្តល់​ម៉ាស៊ីនចម្រោះទឹក​ស្អាត​ទៅ​ដល់​សាលារៀន​ក្នុង​ភូមិ​សា​ស្រ្ត​រាជធានីភ្នំពេញចំនួន ១៦ សាលារៀន ។ លើសពីនេះ​នឹងបន្ត​ចែកម៉ាស៊ីនចម្រោះទឹកឱ្យ​គ្រប់​ចំនួន ២៨ ធុងសម្រាប់ដំណាក់កាលទី១ ដល់សាលារៀន និងស្ថាប័នមិនមែនសាលារៀន ដូ​ច​ជា​គ្រឹះស្ថា​ន​សាធារណៈ​របស់​រដ្ឋជាដើម ។ ស.ស.យ.ក. រាជធានីភ្នំពេញ ក៏កំពុងពិចារណាបង្កើនចំនួនម៉ាស៊ីនចម្រោះទឹក​ស្អាតបន្ថែមទៀត ដើម្បីចែកទៅសាលារៀនដែលមានលក្ខណៈសម្បត្តិអាចតម្លើងបាន ។

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ​មាន​ប្រសាសន៍ថា សាលារៀនដែលអាចតម្លើងម៉ាស៊ីនចម្រោះទឹកនេះបាន ទីមួយត្រូវពិនិត្យទៅលើភាពជាអ្នកដឹកនាំ នៃគណៈគ្រប់គ្រងសាលា និងទីពីរមើលទៅលើសាលាដែលមានលក្ខណៈស្អាត សាលារៀនគំរូ ហើយជាសាលាដែលមានលក្ខណៈមេត្រី ។ ចំណែកចំណុចទីបី ពិនិត្យលើចំនួនកូនសិស្សនិងតម្រូវការទឹកស្អាតជាក់ស្តែងដែលសាលាត្រូវការ ។

លោក សុំ មនោរម្យ

“ម៉ាស៊ីនចម្រោះទឹក នឹងចូលរួមលើកកម្ពស់សុខភាពកុមារ និងយុវជន ដែលទឹកស្អាតជាតម្រូវការចាំបាច់សម្រាប់ពួកគេ ។ ប្រសិនបើពុំយកចិត្តទុកដាក់​លើបញ្ហានេះ យ៉ាងហោចណាស់មួយថ្ងៃកុមារម្នាក់នឹងត្រូវការទិញទឹកបរិសុទ្ធបួនទៅប្រាំដប តែបើគាត់កាន់តែដបមួយមក គាត់ប្រើបានរហូត ។ លើសពីនេះតាមរយៈការគាំទ្រទឹក​​ស្អាត​នឹងអាចកាត់បន្ថយសំណល់ប្លាស្ទិកក្នុងបរិស្ថាន ព្រមទាំង​បន្ថយការចំណាយរបស់អាណាព្យាបាលសិស្សមួយចំណែក ”

ដោយឡែក​ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ​មានប្រសាសន៍ថា ការ​ផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាតរបស់ ស.ស.យ.ក. រាជធានីភ្នំពេញនៅ​តាមសាលារៀននៅពេលនេះ បានជួយដល់​សុខភាពកុមារ និងសុខភាពសិក្សាយ៉ាងពិតប្រាកដ ។ ​សាលារៀន​ដែលពុំទាន់មានប្រព័ន្ធ​ទឹកស្អាតគ្របដណ្តប់​នៅ​ជាយក្រុង ជា​តំបន់​កំពុង​អភិវឌ្ឍក៏ត្រូវការចាំបាច់ដើម្បីលើកកម្ពស់សុខភាពសិក្សា ។

– ឯកឧត្តម ចាន់ សុភា

“ទឹកស្អាតនេះសំខាន់ខ្លាំងណាស់ ពិសេសកុមាររស់នៅជាយទីក្រុងដែលពុំទាន់​មានប្រព័ន្ធទឹកស្អាតទូលំទូលាយ ។ ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កំពុងធ្វើកិច្ចការផ្តល់គុណប្រយោជន៍ខ្លាំងដល់កុមារ ព្រោះទឹកស្អាតជួយឱ្យកុមារមាន​សុខភាពល្អ ការសិក្សារបស់ពួកគេកាន់តែល្អប្រសើរ”

សូមជម្រាបថា បច្ចុប្បន្ន​ក្រសួងអប់រំ យុវជន និងកីឡា កំពុងពង្រឹង​ប្រព័ន្ធទឹកស្អាត និងអនាម័យនៅតាមសាលា ដើម្បីលើក​កម្ពស់​សុខភាព​អ្នក​សិក្សា ។ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខភាពសិក្សា ដោយបានរៀបចំជាសំណុំយុទ្ធសាស្ត្រនិងសកម្មភាពអន្តរកម្មរវាងគ្រឹះស្ថានសិក្សានិងសេវាកម្មសុខភាពនានា ដើម្បីលើកកម្ពស់សុខភាព តាមរយៈការអប់រំសុខភាព ការបង្ការជំងឺ ការផ្តល់សេវាសុខភាពចាំបាច់ ការលើកកម្ពស់អនាម័យ បរិស្ថាន និងការផ្គត់ផ្គង់ទឹកស្អាតដល់បុគ្គលិកអប់រំនិងអ្នកសិក្សាជាដំណាក់កាលៗ ។

គោលនយោបាយជាតិស្តីពីសុខភាពសិក្សានឹងចូលរួមលើកកម្ពស់គុណភាពអប់រំ ដើម្បីឱ្យកម្ពុជាសម្រេចបានគោលដៅនៃការអប់រំ តាមរយៈការផ្តល់នូវចំណេះដឹងសុខភាពស្របតាមការលូតលាស់រាងកាយនិងស្មារតីប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ បំណិនសម្រាប់បង្ការជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះថ្នាក់ផ្សេងៗ និងវិធីជួយសង្គ្រោះ​បឋម គុណតម្លៃនិងឥរិយាបថដែលនាំឱ្យពួកគេអភិវឌ្ឍខ្លួនប្រកបដោយសុខភាពពេញលេញទាំងកាយ ទាំងប្រាជ្ញា ទាំងស្មារតី និងចេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...