ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់កម្ពុជា លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ព្រីតថេន (ចក្រភពអង់គ្លេស) បានចុះទៅកាន់តំបន់គោកប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពកុមារ និងគ្រួសារដែលរងផលប៉ះពាល់ពីភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
យោងតាមស្ថានទូតព្រីតថេនប្រចាំកម្ពុជាឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Winterton បានជួបសហគមន៍ដែលរងផលប៉ះពាល់ ដើម្បីស្តាប់ពីបញ្ហាប្រឈម អាទិភាព និងតម្រូវការរបស់គ្រួសារ ព្រមទាំងស្វែងយល់ពីផលប៉ះពាល់ដែលកុមារកំពុងប្រឈមមុខ។
លោកស្រីក៏បានចុះពិនិត្យកម្មវិធីអប់រំដែលទទួលបានការគាំទ្រពីព្រីតថេន និងបានជួបកុមារដែលបានឆ្លងកាត់បទពិសោធន៍លំបាក ប៉ុន្តែនៅតែបន្តខិតខំសិក្សា។ ជាមួយគ្នានេះ លោកស្រីបានស្តាប់ពីគ្រួសារ និងថ្នាក់ដឹកនាំសហគមន៍អំពីតម្រូវការជាក់ស្តែងនៅមូលដ្ឋានផងដែរ។

ក្នុងជំនួបជាមួយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោកស្រីរដ្ឋមន្ត្រីបានពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការរវាងព្រីតថេន និងដៃគូក្នុងស្រុក ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងជួយឱ្យកុមារអាចបន្តការសិក្សាបាន។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យយល់ឃើញថា វត្តមានរបស់លោកស្រី Rosie Winterton មកកាន់ទឹកដីខេត្តឧត្តរមានជ័យ និងការចុះផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនព្រីតថេន ក្នុងការរួមចំណែកស្តារឡើងវិញនូវវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមាររងគ្រោះដោយសារសង្គ្រាម។ កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រឬការអភិវឌ្ឍន៍ខ្លួនឡើយ។
ស្ថានទូតព្រីតថេនបានបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ កុមារភាព និងការអប់រំត្រូវតែបន្ត។ ព្រីតថេនប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា និងដៃគូ ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ជួយឱ្យកុមារបន្តការសិក្សា និងលើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធីរវាងកម្ពុជា និងថៃ។
លោកស្រី Rosie Winterton បានមានប្រសាសន៍ថា កម្ពុជាស្ថិតនៅចំកណ្តាលតំបន់ដែលមានសារៈសំខាន់សម្រាប់សន្តិសុខ និងវិបុលភាពរបស់ព្រីតថេន។ លោកស្រីបានបញ្ជាក់ថា ព្រីតថេនប្តេជ្ញាចិត្តចំពោះស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា ព្រមទាំងធ្វើការរួមគ្នាដើម្បីតំបន់មួយដែលមានសន្តិភាព និងវិបុលភាព។
ស្ថានទូតព្រីតថេនបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះក៏ជាការបង្ហាញពីការគាំទ្ររបស់ព្រីតថេនចំពោះសន្តិភាពប្រកបដោយចីរភាព និងការអនុវត្តពេញលេញនៃបទឈប់បាញ់ដែលបានឯកភាពកាលពីខែធ្នូ ឆ្នាំ២០២៥។


ក្រៅពីចុះទស្សនកិច្ចនៅខេត្តឧត្តរមានជ័យ លោកស្រី Rosie Winterton ក៏មានគម្រោងជួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដើម្បីពិភាក្សា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕












































































