ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃព្រហស្បត្តិ៍ (៣១ តុលា) បានអនុម័តប្រាក់កម្ចីចំនួន៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ “សតវត្សទី២១” ដូចជាការគិតស៊ីជម្រៅ និងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុស និងសិស្សស្រី និងការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា«កម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរទៅរកសកម្មភាពសេដ្ឋកិច្ចដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាពដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យ កត់សម្គាល់របស់ខ្លួនកន្លងមកនេះ។
“កម្លាំងពលកម្មប្រកបដោយជំនាញ និង ការអប់រំ គឺជាតម្រូវការ មូលដ្ឋានដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុង វិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះមានគោលបំណងពង្រីកសក្តានុពលនៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត”
លោកជំទាវ ឃួន វិច្ឆិកា មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ថវិកានៃកម្ចី៨០លានដុល្លារនេះ នឹងត្រូវប្រើប្រាស់ក្នុងគម្រោងមធ្យមសិក្សា សម្រាប់ការប្រកួតប្រជែអមូលធនមនុស្ស ដោយរំពឹងថា នឹងនាំមកនូវភាពប្រសើរឡើងចំពោះការអប់រំមធ្យមសិក្សាទុតិយភូមិដែលមានគុណភាព, ការអប់រំមធ្យមសិក្សាដែលស្របជាមួយជំនាញសតវត្សទី២១, រង្វាយតម្លៃលទ្ធផលការរៀនមធ្យមសិក្សា និង ការអប់រំក្រោយមធ្យមសិក្សា។
ជាមួយគ្នានេះ បើយោងតាមសេចក្តីប្រកាសរបស់ ADB គម្រោងអប់រំថ្នាក់មធ្យមសិក្សានេះ នឹងបង្កើនចំនួនអគារសិក្សាដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនបន្ថែមចំនួន៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និងពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូិប្រកបដោយគុណភាព។ គម្រោងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ ជាពិសេសសម្រាប់សិស្សានុសិស្សដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រសាលាមធ្យមសិក្សាអប់រំពិសេស។ គម្រោងនេះនឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម។

សម្រាប់គោលដៅដូចគ្នានេះដែរ គម្រោងក៏នឹងអភិវឌ្ឍជំនាញទន់ ដូចជាការ ទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការត្រិះរិះ និង ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត សម្រាប់សិស្សានុសិស្ស។ គម្រោងនេះនឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បី ជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោង ដែលរួមបញ្ចូលការងារជាក្រុម ការដោះស្រាយបញ្ហា ជាក់ ស្តែង និងការចូលរួមជាមួយសហគមន៍៕































