ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បណ្ឌិត ឱម យ៉ិនទៀង បានណែនាំដល់មន្ត្រីសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ឱ្យអនុវត្តភារកិច្ចដោយប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមស្មារតីកំណែទម្រង់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមទស្សនវិស័យ «ចេះ គឺជាប់»។
ការណែនាំនេះ ធ្វើឡើងក្នុងវគ្គបំប៉នស្តីពី «តួនាទី ភារកិច្ចមន្ត្រី អ.ប.ព. ដឹកនាំការសង្កេតការណ៍ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦» ដែលមានមន្ត្រីចូលរួមប្រមាណ ៦០០ នាក់ កាលពីថ្ងៃទី២៨ ខែកក្កដា។
បណ្ឌិត ឱម យ៉ិនទៀង បានលើកឡើងថា មន្ត្រី អ.ប.ព. ត្រូវប្រកាន់ខ្ជាប់សីលធម៌ វិន័យ និងបទបញ្ជាផ្ទៃក្នុង មានភាពសុភាពរាបសា មិនជ្រៀតជ្រែកកិច្ចការបច្ចេកទេសរបស់ក្រសួងអប់រំ ប៉ុន្តែត្រូវអនុវត្តតួនាទីដោយភាពម៉ឺងម៉ាត់ ឈ្លាសវៃ និងបត់បែន ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ និងតម្លាភាព។
លោកបានបញ្ជាក់ថា ការចូលរួមរបស់មន្ត្រី អ.ប.ព. និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តរាប់ម៉ឺននាក់ក្នុងរយៈពេលកន្លងមក បានរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតសង្គមពីការពឹងផ្អែកលើភាពមិនប្រក្រតី មកជាការខិតខំរៀនសូត្រ ដោយប្រកាន់ខ្ជាប់គោលការណ៍ «ចេះ គឺជាប់»។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមន្ត្រីដឹកនាំការសង្កេតការណ៍ បង្ការ និងទប់ស្កាត់រាល់អំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការប្រឡង ព្រមទាំងដឹកនាំក្រុមអ្នកសង្កេតការណ៍ស្ម័គ្រចិត្តឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព ដើម្បីធានាភាពសុក្រឹតនៃការប្រឡង។

សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤,១៥០នាក់ ដើម្បីចូលរួមសង្កេតការណ៍នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងឆ្នាំ២០២៦ នឹងបន្តអនុវត្តគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» ឬ «ចេះ គឺជាប់» ដដែល។ ទន្ទឹមនឹងនេះ ក្រសួងក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ឱ្យសិក្សាស្វែងយល់ពីលក្ខន្តិកៈប្រឡងឱ្យបានច្បាស់ បន្តខិតខំរៀនសូត្រ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងនាពេលខាងមុខ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មានបេក្ខជនសរុប ១៥១,២៣៨ នាក់ ចែកជា ២៤៤មណ្ឌល និង ៦,១០៤ បន្ទប់ប្រឡង៕











































































