កាលពីចុងខែមេសា ឆ្នាំ២០១៩ កន្លងទៅ កម្ពុជា និងចិនបានចុះហត្ថលេខាលើការប្រើបច្ចេកវិទ្យា 5G ដែលកម្ពុជាក្លាយប្រទេសដំបូងគេចុះហត្ថលេខាជាមួយចិនក្នុងចំណោមប្រទេសអាស៊ាន ។ កាលនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក វ៉ុ វ៉ៃតាវ ប្រធានក្រុមហ៊ុន Huawei ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងប៉េកាំងប្រទេសចិន ។ កិច្ចពិភាក្សានេះ សម្ដេចតេជោមានប្រសាសន៍ថា ប្រសិនបើប្រទេសកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត 5G គឺពិតជាល្អបំផុតដោយសារអ៊ីនធឺណេតមានល្បឿនលឿន ។
ជាមួយគ្នានេះដែរ បើនិយាយពីការអភិវឌ្ឍឌីជីថលនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ជាមួយចក្ខុវិស័យកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយកនិងបរិត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គមទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមតាមគន្លងប្រក្រតីថ្មី ។ ចំណែកកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ក៏បានដាក់បញ្ចូលសកម្មភាពលើកកម្ពស់ឌីជីថលនេះផងដែរ ។
តើប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត 5G សំខាន់យ៉ាងដូចម្តេចសម្រាប់ការរស់នៅ និងការងាររបស់មនុស្ស?
ពិតណាស់ 5G គឺជាប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលអាចផ្តល់អ៊ីនធឺណិតលឿនជាង 4G និង 3G ដែលកម្ពុជាកំពុងតែប្រើប្រាស់ ។ ទន្ទឹមគ្នានេះ 5G អាចឱ្យប្រជាជនប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកមើលវីដេអូតាមយូធូប និងទាញយកកម្មវិធីផ្សេងៗ មកប្រើប្រាស់បានលឿនជាងមុន ។ ត្រង់ចំណុចនេះ អាចនិយាយបានថា បច្ចេកវិទ្យា 5G នឹងចូលរួមជំរុញឥរិយាបថនៃរបៀបរស់នៅ និងការងាររបស់មនុស្ស ។

តាមការស្រាវជ្រាវនិងចុះផ្សាយដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ បានបង្ហាញថា អ្នកជំនាញជាច្រើនបានជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យា 5G នឹងដើរតួយ៉ាងសំខាន់ជំរុញនិងកសាងសង្គមឌីជីថលឱ្យបានកាន់តែមានភាពប្រសើរឡើងជាងមុន និងពង្រឹងទំនាក់ទំនងជាសកល ។ លើសពីនេះទៀត បច្ចេកវិទ្យានេះក៏បានចូលរួមចំណែកក្នុងការបង្កើនឱកាសការងារ, ជំរុញកំណើនសេដ្ឋកិច្ច , ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់សង្គម ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ៥ចំណុចដែលបង្ហាញដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ ។
១. ជំរុញការកសាងទីក្រុងឆ្លាត (Smart Cities) ៖ បច្ចេកវិទ្យានេះបានជំរុញសមត្ថភាពនៃបច្ចេកវិទ្យាឌីជីថលសំខាន់ៗ ដូចជា បញ្ញាសិប្បនិម្មិត ឬអ៊ីនធឺណិតនៃវត្ថុ ដោយជួយធ្វើឱ្យការទាញយក និងការប្រមូលនូវទិន្នន័យពីចរាចរណ៍, មនុស្ស, និងហេដ្ឋារចនាសម្ព័ន្ធក្នុងពេលវេលាជាក់ស្ដែងឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ។ ទិន្នន័យទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំផែនការទីក្រុង ដោយអនុញ្ញាតឱ្យមនុស្សអាចសិក្សាពីបញ្ហាប្រឈមនិងឱកាស ដែលធ្វើឱ្យការកែទម្រង់មានភាពត្រឹមត្រូវឆ្លើយតបនឹងតម្រូវការនៃប្រជាពលរដ្ឋ ។

បន្ថែមពីនេះ ទិន្នន័យក៏អនុញ្ញាតឱ្យមនុស្សយល់ដឹងកាន់តែប្រសើរលើការអនុវត្តគោលការណ៍សំខាន់ៗនៃទីក្រុងឆ្លាត រួមមាន កាត់បន្ថយការបំភាយឧស្ម័ន, ធ្វើឱ្យប្រសើរឡើងនូវការសេវាសាធារណៈ, កាត់បន្ថយចរាចរណ៍, និងធ្វើឱ្យប្រសើរឡើងគុណភាពខ្យល់ក្នុងទីក្រុងជាដើម ។
២. វិស័យសុខាភិបាល ៖ បច្ចេកវិទ្យា 5G បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យសុខាភិបាល ដោយបានជំរុញប្រសិទ្ធភាពការព្យាបាល ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានតាមពេលវេលាជាក់ស្ដែងទម្រង់ជាវីដេអូ ។ បន្ថែមពីនេះ បច្ចេកវិទ្យា 5G ក៏បានពង្រឹងបន្ថែមលើសមត្ថភាពនៃឧបករណ៍ដែលអាចពាក់បានឱ្យមានសមត្ថភាពខ្ពស់ជាងមុន និងអាចប្រើប្រាស់ក្នុងគោលបំណងជាច្រើន ដូចជា មានសមត្ថភាពក្នុងការត្រួតពិនិត្យសុខភាពក្នុងពេលវេលាជាក់ស្ដែង, ផ្តល់ព័ត៌មានបានកាន់តែប្រសើរទាក់ទងនឹងសុខភាពរបស់អ្នកប្រើប្រាស់, និងជាឧបករណ៍ជំនួយដ៏សំខាន់សម្រាប់គ្រូពេទ្យក្នុងការស្វែករកមុខសញ្ញានៃជំងឺផ្សេងៗផងដែរ ។
៣. ការគ្រប់គ្រងបរិស្ថាន ៖ បច្ចេកវិទ្យា 5G មានសក្តានុពលក្នុងការគ្រប់គ្រងបរិស្ថាននៅក្នុងប្រទេស ជំរុញប្រសិទ្ធភាពនៃការបញ្ជូនព័ត៌មាន និងប្រើប្រាស់ថាម ពលតិចបើធៀបនឹងបណ្តាញជំនាន់មុន ។ បច្ចេកវិទ្យា 5G គាំទ្រដល់ការត្រួតពិនិត្យគុណភាពនៃបរិស្ថានក្នុងពេលវេលាជាក់ស្តែង រួមមាន ការបំភាយឧស្ម័ន, គុណភាពខ្យល់, គុណភាពទឹក, និងសូចនាករបរិស្ថានសំខាន់ៗផ្សេងទៀត ។ បច្ចេកវិទ្យា 5G ក៏បានជួយជំរុញដល់ការអភិវឌ្ឍយានយន្តអគ្គិសនី ការកសាងអគារឆ្លាតវៃ និងការបំពេញការងារពីចម្ងាយ ដែលទាំងនេះបង្ហាញពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា 5G តាមរយៈការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយការបំពុលបរិស្ថាន ។
៤. ឱកាសថ្មីៗសម្រាប់អាជីវកម្ម ៖ បច្ចេកវិទ្យា 5G បានជួយឱ្យការធ្វើទំនាក់ទំនងកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ដែលជួយឱ្យអាជីវកម្មអាចពង្រីកប្រតិបត្តិការរបស់ពួកគេទៅកាន់ទីផ្សារថ្មី ដើម្បីបង្កើនប្រាក់ចំណូល និងធ្វើឱ្យអាជីវកម្មមានភាពរីកចម្រើន ។

៥. ការបង្កើនប្រសិទ្ធភាពនៃអាជីវកម្ម ៖ បច្ចេកវិទ្យា 5G បានជំរុញឱ្យការផ្ទេរទិន្នន័យបានកាន់តែលឿនជាងមុន ដែលជួយឱ្យអាជីវកម្មអាចដំណើរការ និងធ្វើការវិភាគទិន្នន័យក្នុងពេលវេលាជាក់ស្ដែងពីតម្រូវការចំនួនផលិតផល ដែលនឹងជួយឱ្យអាជីវកម្មអាចធ្វើការសម្រេចចិត្តបានឆាប់រហ័ស ។ បច្ចេកវិទ្យានេះ ក៏ជួយឱ្យអាជីវកម្មធ្វើស្វ័យប្រវត្តិកម្មការងារកាន់តែច្រើនជំរុញផលិតភាពរបស់អាជីវកម្ម និងកាត់បន្ថយការចំណាយ ។
សូមជម្រាបដែរថា ផ្អែកលើលក្ខណៈពិសេសនៃបច្ចេកវិទ្យាចុងក្រោយនេះ គឺ 5G តំណាងឱ្យជំនាន់ ឬអាចហៅថា 5th Generation Mobile Networks ឬ 5th Generation Wireless Systems ។ បច្ចេកវិទ្យា 5G នឹងដើរតួជាជំនាន់ទី៥ ចុងក្រោយគេនៃបច្ចេកវិទ្យាបណ្ដាញឥតខ្សែ ខណៈក្រុមហ៊ុនស្មាតហ្វូនធំៗលំដាប់ថ្នាក់ពិភពលោកចំនួន៤ កំពុងតែត្រៀមលក្ខណៈ និងសម្ភាៈ ដើម្បីតំឡើងប្រព័ន្ធមួយនេះ ។ បច្ចេកវិទ្យា 5G មានសក្តានុពលផ្ដល់ល្បឿនអ៊ីនធឺណេតលើសពីល្បឿន 4Gរហូតទៅដល់ ៤០ដង ដែលអាចទស្សនាវីដេអូមានទំហំ 8K និងទាញយកភាពយន្ដ 3D បានដោយគ្រាន់តែចំណាយពេលត្រឹម ៦វិនាទីប៉ុណ្ណោះ ដែលបច្ចេក 4G ត្រូវចំណាយពេលទាយយករហូតដល់ទៅ ៦នាទី ។ យ៉ាងណាល្បឿនអ៊ីនធឺណេតនេះអាចប្រែប្រួលនៅតាមបណ្ដាប្រទេសមួយចំនួន ៕































