បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត (AI) បានជ្រៀតចូលយ៉ាងជ្រៅក្នុងជីវិតប្រចាំថ្ងៃរបស់កុមាររួចទៅហើយ។ មិនថាតែការជួយធ្វើកិច្ចការផ្ទះ ឬការដោះស្រាយចម្ងល់ផ្សេងៗនោះទេ បច្ចេកវិទ្យានេះអាចឆ្លើយតបបានយ៉ាងរហ័សក្នុងរយៈពេលត្រឹមប៉ុន្មានវិនាទីតែប៉ុណ្ណោះ។
ការយល់ដឹងពីរបៀបប្រើប្រាស់ AI ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ឪពុកម្តាយ និងអាណាព្យាបាល។ ខាងក្រោមនេះជាគន្លឹះសាមញ្ញៗ ដែលត្រូវបានណែនាំដោយអង្គការយូណេសេហ្វ ដើម្បីជួយគ្រួសារក្នុងការស្វែងយល់អំពីបញ្ញាសិប្បនិម្មិត (AI) ជាមួយគ្នា និងបង្កើតទម្លាប់ប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។
១. បង្រៀនឱ្យពួកគេយល់ពីក្មេង
កុមារសម័យថ្មីនេះបានពើបប្រទះបញ្ញាសិប្បនិម្មិត (AI) ក្នុងជីវិត រស់នៅប្រចាំថ្ងៃ ទោះបីជាមិនបានប្រើប្រាស់ដោយផ្ទាល់ក៏ដោយ ដូចជានៅផ្ទះ សាលារៀន ឬក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅពេលកូនអ្នកសួរ ឬសម្គាល់ឃើញអ្វីទាក់ទងនឹង AI សូមចាប់យកឱកាសនោះ ដើម្បីពន្យល់បន្ថែមអំពី AI ថា វាគឺជាអ្វី និងមានដំណើរការយ៉ាងដូចម្តេច។
២. យល់ដឹងពីហានិភ័យនៃការប្រើប្រាស់
ឧបករណ៍ ឬប្រព័ន្ធ AI មួយចំនួនអាចប្រមូលទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ បង្ហាញខ្លឹមសារ ឬចម្លើយគ្រោះថ្នាក់ ឬទាក់ទាញកុមារដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម។
គួរលើកទឹកចិត្តឱ្យកុមារប្រើប្រាស់ក្នុងកម្រិតសមស្រប និងដោយប្រុងប្រយ័ត្នបែបរលឹកដឹងខ្លួន ដើម្បីឱ្យកូនរបស់អ្នកបន្តអភិវឌ្ឍ ជំនាញជីវិតពិត ដូចជាការប្រាស្រ័យទាក់ទង និងការដោះស្រាយបញ្ហា។

៣. លើកឧទាហរណ៍ជិតៗខ្លួន
កុមារតូចៗអាចយល់ដឹងអំពី AI បានល្អបំផុត នៅពេលអ្នកភ្ជាប់វា ទៅនឹងអ្វីដែលពួកគេស្គាល់ក្នុងជីវិតប្រចាំថ្ងៃ។
ស្វែងយល់អំពី AI ជាមួយកូនៗ ដោយសាកល្បងសួរសំណួរសាមញ្ញៗទៅកាន់ Chatbot ឬជំនួយការសំឡេង (Voice Assistant) ហើយពិភាក្សាអំពីចម្លើយដែលទទួលបាន។ វានឹងជួយឱ្យកូនយល់ថា AI អាចធ្វើអ្វីបាន និងមិនអាចធ្វើអ្វីបាន។
៤. ប្រើប្រាស់ AI ជាជំនួយការសិក្សា
AI អាចជួយគាំទ្រការសិក្សារបស់កុមារ ដោយវាអាចពន្យល់មេរៀនឱ្យកាន់តែងាយយល់ ឆ្លើយសំណួរបានភ្លាមៗ និងផ្តល់ លំហាត់ដែលសមស្របទៅនឹងតម្រូវការរបស់កុមារម្នាក់ៗ។
ទោះជាយ៉ាងណា ការពឹងផ្អែកលើ AI ច្រើនពេក អាចប៉ះពាល់ដល់ភាពច្នៃប្រឌិតរបស់កុមារ។ សូមលើកទឹកចិត្តកូនឱ្យប្រើប្រាស់ AI ជាឧបករណ៍ជំនួយសម្រាប់ការសិក្សា មិនមែនជាផ្លូវកាត់ក្នុងការសិក្សានោះទេ។
៥. ការពារឯកជនភាពរបស់កូនអ្នក
ឧបករណ៍ AI មួយចំនួនអាចស្នើសុំព័ត៌មាន ដូចជា អាយុរបស់កុមារ ឬព័ត៌មានទំនាក់ទំនងរបស់ឪពុកម្តាយ។
ក្នុងអំឡុងពេលប្រើប្រាស់ប្រចាំថ្ងៃ កុមារអាចចែករំលែកព័ត៌មាន ទាំងនោះដោយមិនដឹងខ្លួនដូចជា ឈ្មោះ ទម្លាប់ប្រចាំថ្ងៃ មិត្តភក្តិ ឬអារម្មណ៍របស់ពួកគេ។ សូមពិនិត្យការកំណត់ឯកជនភាព (Privacy Settings) ជាមួយកូន និងស្វែងយល់ថា តើវេទិកា AI នីមួយៗប្រមូល និងចែករំលែកទិន្នន័យអ្វីខ្លះ។
៦. រៀនប្រើប្រាស់ AI ជាមួយគ្នា
អាណាព្យាបាលភាគច្រើនមានអារម្មណ៍មិនប្រាកដប្រជា ក្នុងការណែនាំកុមារ ព្រោះបច្ចេកវិទ្យា AI រីកចម្រើនលឿនរហ័ស។ ប៉ុន្តែឪពុកម្តាយមិនចាំបាច់ក្លាយជាអ្នកជំនាញខាង AI ដើម្បីតែជួយកូនរៀនសូត្រពីវាទេ។
ការរៀនស្វែងយល់អំពី AI ជាមួយកូន គឺជាចំណុចចាប់ផ្តើមដ៏ល្អ ដែលអាចជួយគាំទ្រ និងលើកទឹកចិត្តកូនឱ្យប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

៧. សង្កេតមើលសញ្ញាព្រមាន
ការប្រើប្រាស់ AI ក្នុងរបៀបមិនសមស្រប ដូចជាការប្រើប្រាស់ហួសកម្រិត និងការបង្ហាញអារម្មណ៍មួម៉ៅ ឬខឹងសម្បារនៅពេលត្រូវបានប្រាប់ឱ្យឈប់។
ប្រសិនបើកើតមានសញ្ញាទាំងនេះ គួរចាប់ផ្តើមសួរសំណួរដោយទន់ភ្លន់ និងបើកចំហ។ អ្នកអាចព្រមព្រៀងគ្នាលើដែនកំណត់ និងការជជែកពិភាក្សាជាទៀងទាត់ ដើម្បីឱ្យការប្រើប្រាស់ AI ប្រកបដោយសុខភាពល្អ និងមានតុល្យភាព។
៨. ពិភាក្សាជាមួយសាលារៀន
ឪពុកម្តាយអាចសាកសួរសាលារៀន អំពីរបៀបដែល AI ត្រូវបានប្រើប្រាស់ក្នុងការបង្រៀន និងការធ្វើកិច្ចការផ្ទះ។
ប្រសិនបើកុមារប្រើ AI ដើម្បីធ្វើកិច្ចការផ្ទះ ខុសពីគោលការណ៍ណែនាំរបស់សាលា វាអាចនឹងមកពីកុមារខ្វះការជំរុញទឹកចិត្ត និងអាចជាបញ្ហា។ ការសហការជិតស្និទ្ធរវាងគ្រួសារ និងសាលារៀន នឹងជួយណែនាំពួកគេឱ្យប្រើប្រាស់ AI បានយ៉ាងត្រឹមត្រូវ។
៩. មើល AI ក្នុងរូបភាពទូលំទូលាយ
AI កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការលេង ការរៀន និងជីវិតរស់នៅរបស់កុមារ ប៉ុន្តែវាក៏គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។
អ្វីដែលសំខាន់បំផុត គឺបរិយាកាសដែលកុមារកំពុងរស់នៅ រៀនសូត្រ និងលូតលាស់។ ការរក្សាទស្សនៈប្រកបដោយតុល្យភាពបែបនេះ នឹងជួយឱ្យឪពុកម្តាយធ្វើការសម្រេចចិត្តអំពីការប្រើប្រាស់ AI ប្រកបដោយការពិចារណា និងមានទំនុកចិត្ត៕
Via: UNICEF













































































