ភ្នំពេញ – គំរូអហិង្សា ឬការអប់រំតាមបែបវិជ្ជមានមានដូចជា ការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ មិនដាក់ពិន័យកុមារដោយសកម្មភាពវាយតប់ និងមិនដាក់សម្ពាធផ្លូវចិត្តលើកុមារ ។ សម្រាប់អ្នកជំនាញអប់រំពាក់ព័ន្ធ និងធ្វើការងារលើកកម្ពស់សិទ្ធិកុមារ បានបញ្ជាក់ថា អំពើហិង្សាលើកុមារពិតជាមានផលប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្ស ព្រោះកាលណាកុមារទទួលរងអំពើហិង្សា មិនមែនប៉ះពាល់តែផ្នែកសុខភាពផ្លូវកាយប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ផ្លូវចិត្តកុមារផងដែរ ។ ទន្ទឹមគ្នានេះ កុមារនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍ ត្រូវយកចិត្តទុកដាក់ និងអប់រំដោយគំរូអហិង្សា ។
ឯកឧត្តមបណ្ឌិត ចាន់ សុភា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិដើម្បីអភិវឌ្ឍយុវជន និងជាប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា លុបបំបាត់អំពើហិង្សាលើកុមារ និងអប់រំកុមារតាមបែបគំរូអហិង្សា ផ្តើមចេញពីឥរិយាបថអប់រំវិជ្ជមានរបស់គ្រូបង្រៀន ។ ប្រសិនបើកុមារទទួលរងពិន័យអប់រំតាមបែបហិង្សា នោះនឹងផ្តល់ផលប៉ះពាលយ៉ាងដល់គុណភាពជីវិតកុមារ ។

“បើសិនជាគ្រូបង្រៀនវាយសិស្សហើយសិស្សចេះ ក្រសួងអប់រំមិនបាច់ធ្វើសៀវភៅសិក្សាឱ្យល្អ មិនបាច់ធ្វើកម្មវិធីសិក្សាទេ តម្រង់ជួរវាយសិស្សតែម្តងចេះ ! ប៉ុន្តែការអប់រំពិតមិនមែនអីចឹងទេ ដូចនៅក្នុងក្រសួងអប់រំ ពិសេសនាយកដ្ឋានបឋមសិក្សាមានរៀបចំជាគោលនយោបាយការពារកុមារនៅក្នុងសាលារៀន ដែលយើងបានអភិវឌ្ឍន៍ឯកសារនេះតាំងពីឆ្នាំ ២០១៦”
ឯកឧត្តមបណ្ឌិត ចាន់ សុភា ។
ឯកឧត្តមបណ្ឌិត ចាន់ សុភា បានបញ្ជាក់បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានយកគោលនយោបាយការពារកុមារនៅតាមសាលារៀន បំបែកជាសៀវភៅផ្សេងៗ សម្រាប់ណែនាំដល់លោកគ្រូអ្នកគ្រូ គណៈគ្របគ្រងសាលារៀន ឬសហគមន៍ ដើម្បីបង្ហាញថា តើអ្វីទៅជាធ្វើជាគំរូអហិង្សាក្នុងការអប់រំ ។
“ការអប់រំត្រូវសិក្សាពីតម្រូវការរបស់សិស្ស គ្រូបង្រៀនខុសពីកសិករ ដោយសារកសិករពួកគាត់ស្ទូងស្រូវ គាត់ដាក់ទឹកចូលស្រែទាំងអស់នឹងទទួលបានផល ប៉ុន្តែសិស្សក្នុងថ្នាក់ពីសាបសិបប្រាំនាក់ទៅសែសិបនាក់ គ្រូមិនអាចប្រើវិធីតែមួយសម្រាប់សិស្សទាំងអស់នោះទេ ! អីចឹងគាត់ត្រូវដឹងថា សិស្សមួយណាត្រូវការអ្វី ដើម្បីឱ្យសិស្សនឹងទទួលខ្លឹមសារមេរៀន សិស្សប៉ុន្មាននាក់ទៀតដែលគ្រូបង្រៀនត្រូវប្រើវិធីផ្សេងៗទៀត ដើម្បីឱ្យសិស្សទទួលបានមេរៀន”
ឯកឧត្តមបណ្ឌិត ចាន់ សុភា
ជុំវិញកិច្ចការអប់រំកុមារ និងការលើកកម្ពស់គំរូអហិង្សានៅតាមសាលារៀន ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ទៀតថា កន្លងទៅក្រសួងអប់រំបានបើកវគ្គបំប៉នសមត្ថភាពគ្រូបង្រៀនពីកិច្ចការពារកុមារនៅតាមសាលារៀន និងគំរូអហិង្សានៅក្នុងសាលារៀននៅខេត្តចំនួនបី រួមមានខេត្ត បាត់ដំបង ខេត្តកំពត ខេត្តព្រៃវែង មានគណៈគ្រប់គ្រងសាលាចំនួន ១៨៦៦នាក់ និងគ្រូបង្រៀមចំនួន ១០១៧៣នាក់ ។ ទន្ទឹមគ្នានេះ សាលារៀនកម្រិតបឋមសិក្សាគោលដៅបច្ចុប្បន្នចំនួន ១៤៣១សាលា បានអនុវត្តកម្មវិធីអប់រំវិន័យបែបវិជ្ជមាន (មិនមានប្រើហិង្សាក្នុងសាលារៀន) និងមានសិស្សសរុបប្រមាណ ៣៥ម៉ឺននាក់ ។
ស្របគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីទប់ស្កាត់អំពើហិង្សាលើកុមារតាមរយៈឯកសារកម្មវិធីសាលាកុមារមេត្រី ត្រង់ចំណុចទីបីស្តីពី សុខភាព សុវត្ថិភាព និងការការពារកុមារ ។ សៀវភៅស្តីពីវិន័យបែបវិជ្ជមាននិងការគ្រប់គ្រងថ្នាក់រៀនដោយប្រសិទ្ធភាព សម្រាប់អ្នកស្របសម្រួល សម្រាប់គ្រូបង្រៀនបឋមសិក្សា និងសម្រាប់នាយកសាលា បានក្លាយជាឯកសារថ្មីមួយជំនួយឱ្យសាលារៀនទាំងអស់ចាប់ផ្តើមអប់រំកុមារតាមបែបគំរូអហិង្សា ។
យោងតាមរបាយការណ៍អង្កេតរបស់យូនីសេហ្វអំពីអំពើហិង្សាលើកុមារ ឆ្នាំ២០១៣ បង្ហាញថា កុមារច្រើនជាង ៧៥% ( ២៥៦០ នាក់ដែលបានចូលរួមសម្ភាស)បានទទួលរងទម្រង់មួយនៃអំពើហិង្សាមុនពេលពួកគេមានអាយុ១៨ឆ្នាំ ។ អំពើហិង្សាលើរូបរាងកាយត្រូវបានរាយការណ៍ជាញឹកញាប់បំផុត ក្នុងនោះកុមារជាង៥០% បានទទួលរងអំពើហិង្សាផ្លូវកាយ ។ ក្នុងចំណោមកុមារ ៤នាក់មាន ១នាក់ប្រាប់ថា ធ្លាប់រងអំពើហិង្សាផ្លូវចិត្ត ។ អំពើហិង្សាផ្លូវភេទ គឺជាក្តីបារម្ភមួយ ក្នុងនោះកុមារម្នាក់ក្នុងចំណោម ២០នាក់ រាយការណ៍ថាយ៉ាងហោចណាស់ទទួលរងនូវអំពើហិង្សាផ្លូវភេទមុនពេលពួកគេពេញវ័យ ។
ទម្រង់អំពើហិង្សាដែលកើតឡើងជាញឹកញាប់គឺអំពើហិង្សាផ្លូវកាយ និងផ្លូវចិត្ត ដែលកុមារនៅប្រទេសកម្ពុជាបានទទួលរងនោះ គឺការប្រើទណ្ឌកម្មដោយការវាយ និងការធ្វើអោយអាម៉ាស់សម្រាប់ជាវិធីសាស្រ្តអប់រំកុមារ ។ គ្រូ និងអាណាព្យាបាលធ្វើទណ្ឌកម្មដោយការវាយ និងធ្វើឱ្យអាម៉ាស់ ដែលទង្វើនេះភាគច្រើនមហាជនទទួលយកបាន និងគិតថាមានប្រសិទ្ធភាពក្នុងការអប់រំ និងកែប្រែកំហុសរបស់កុមារ ។ មានភស្តុតាងបង្ហាញថាការអនុវត្តបែបនេះជាទម្រង់អំពើហិង្សាមួយដែលមានផលអវិជ្ជមានចំពោះកុមារ ។
ទន្ទឹមគ្នានេះដែរ លោកស្រី សរ ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី មានប្រសាសន៍ថា ថ្វីត្បិតតែបច្ចុប្បន្នអំពើហិង្សាទៅលើកុមារថយចុះក៏ពិតមែន ប៉ុន្តែរូបភាពអំពើហិង្សាបែបអប់រំកុមារនៅតាមគ្រួសារ ប្រជាជនកម្ពុជាមួយចំនួនយល់ថាជារឿងសាមញ្ញ ហើយបន្តអប់រំកូនបែបហិង្សាទាំងមិនដឹងពីផលប៉ះពាល់លើកុមារ ។

លោកស្រី សរ ស៊ីណែត បានបញ្ជាក់បន្តថា របៀបដោះស្រាយបញ្ហាមួយជាមួយកុមារនៅក្នុងគ្រួសារ ម្តាយឪពុកកម្ពុជាភាគច្រើនយល់ថា មិនបានប្រើអំពើហិង្សាលើកូននោះទេ គ្រាន់តែសម្លុតគំរាមកូនក្នុងនាមជាឪពុក ឬម្តាយ តែពួកគាត់ពុំដឹងថានេះជារូបភាពអប់រំបែបហិង្សាឡើយ ។ លោកស្រីបានឱ្យដឹងទៀតថា គំរូអហិង្សាជាវិធីសាស្ត្រអប់រំកូនល្អបំផុតដែលមា្តយឪពុក ឬអាណាព្យាបាលត្រូវអនុវត្តន៍ ។
“ទន្ទឹមនឹងកិច្ចការដែលក្រសួងកិច្ចការនារីធ្វើ ខ្ញុំសុំឱ្យក្រសួងពាក់ព័ន្ធ ក៏ដូចជាអង្គការធ្វើការងារលើកកម្ពស់សិទ្ធិកុមារចូលរួមគាំទ្រទៅដល់ការងារមួយឱ្យបានខខ្លាំងក្លា ព្រោះការងារមួយនេះជាការងារចម្បង យើងអាចរក្សាធនធានមនុស្សបានល្អសម្រាប់គ្រួសារក៏ដូចជាសង្គមជាតិ”
លោកស្រី សរ ស៊ីណែត
សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលការអប់រំឯកជន ការងារលើកកម្ពស់សិទ្ធិកុមារ និងទប់ស្កាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀនជាអាទិភាពចម្បងដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត ។ លោកស្រី អ៊ុក សូនីតា អ្នកជំនាញអប់រំកុមារ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប យល់ឃើញថា គំរូអហិង្សា ឬការអប់រំតាមបែបវិជ្ជមានផ្តល់ផលចំណេញជាច្រើនដល់កុមារ គ្រួសារ និងសង្គម ។

លោកស្រី អ៊ុក សូនីតា បានឧទាហរណ៍ថា ការប្រើប្រាស់ប្រព័ន្ធប័ណ្ណដាក់វិន័យបែបវិជ្ជមានដោយកំណត់ជាបណ្ណប្រភេទ ជាជម្រើសអប់រំបែបគំរូអហិង្សា ។ លោកស្រីពន្យល់ថា កុមារមានឥរិយាបថមិនល្អនឹងទទួលបាន “ប័ណ្ណពណ៌លឿង” ដែលតំណាងឱ្យការព្រមានផ្ទាល់មាត់ពីគ្រូ ។ ប្រសិនបើស្ថានភាពនេះនៅតែបន្តកើតឡើងទៀត ពួកគេនឹងទទួលបានប័ណ្ណមួយទៀត ហើយនឹងត្រូវដាក់ឱ្យនៅដោយឡែកពីមិត្តភក្តិរបស់ពួកគេ ។
គួររំលឹកថា រដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍គោនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩ -២០២៩ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយនឹងអង្គការដៃគូ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការអនុវត្តន៍គោនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩ -២០២៩ ក្រោមអធិបតីភាពលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ។
លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិដើម្បីកុមារ ទោះបីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលបង្កើតនូវយន្តការជាច្រើនជួយដល់កុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាករងគ្រោះ ត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់ ។ ក្រុមប្រឹក្សាជាតិដើម្បីកុមារ បន្តសកម្មភាពលើកកម្ពស់គំរូអហិង្សាលើកុមារ តាមរយៈគោលនយោបាយ និងឯកសារដែលមានស្រាប់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

លើសពីនេះក្រុមប្រឹក្សាជាតិដើម្បីកុមារ ប្រសិនបើកុមារកម្ពុជា មិនទទួលរងអំពើហិង្សា ពួកគេនឹងក្លាយជាកម្លាំងចលករដ៏មានថាមពលសម្រាប់ជំរុញកម្ពុជាឱ្យសម្រេចគោលដៅសំខាន់ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍក្នុងឆ្នាំ២០៥០ ។
“ការលុបបំបាត់អំពើហិង្សាលើកុមារ មិនមែនជាតួនាទីរបស់រាជរដ្ឋាភិបាលតែមួយមុខនោះទេ ប៉ុន្តែត្រូវការចូលរួមពីគ្រប់ផ្នែកទាំងអស់ ទាំងអាជ្ញាធរជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន សាលារៀន និងសមាជិកគ្រួសារទាំងអស់”
លោកជំទាវ សម្បត្តិ សុគន្ធា
សូមជម្រាបថា តាមរយៈគោនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩ -២០២៩ បានបង្ហាញពីការប្តេជ្ញាចិត្តជាក់ស្ដែងមួយចំពោះការអនុវត្តការការពារកុមារជាប្រព័ន្ធនៅកម្ពុជា រួមមាន ទីមួយ. ភាពចាំបាច់ក្នុងការការវិនិយោគបន្ថែមលើមន្ត្រីសង្គម ឬបុគ្គលិកសង្គមកិច្ចនៅថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់សេវាគាំពារកុមារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល សង្គតិភាព និងទាន់ពេលវេលាសម្រាប់កុមារ និងគ្រួសារនៅក្នុងសហគមន៍។
ទីពីរ. គោនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារថ្មីនេះ បន្តធានាថាកុមារអាចទទួលបានសេវាផ្លូវច្បាប់ និងសមធម៌សង្គម តាមរយៈការផ្តល់នូវកញ្ចប់ អប្បបរមានៃ សេវាសង្គមកិច្ចសម្រាប់កុមារ និងគ្រួសារដែលត្រូវការកិច្ចការពារ ។ ទីបី.ការឆ្លើយតបទៅនឹងកុមារ និងគ្រួសាររបស់ពួកគេដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងធានាការពារកុមារប្រកបបរិយាកាសគ្រួសារ ក្តីស្រឡាញ់ ការយកចិត្តទុកមាន លក្ខណកុមារមេត្រី និងធានានូវឧត្តមប្រយោជន៍របស់កុមារ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរបស់កុមារ ត្រូវការពារនិងលើកតម្កើង ដោយចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ។
ស្របតាមស្ថានភាពកុមារមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិជាច្រើន ជាអាទិ៍អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២ ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ និងពិធីសារស្តីពីការជួញដូរកុមារ អំពើរពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារនៅឆ្នាំ២០០២ អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩ អនុសញ្ញាលេខ១៨២ ស្តីពីការហាមប្រាមនិងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅឆ្នាំ២០០៥ និងអនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារនិងសហប្រតិបត្តិការទាក់ទងនឹងសុំកូនអន្តរប្រទេសនៅឆ្នាំ២០០៧ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2024
សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...
អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...
គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2023
លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...
អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....
អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2024
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្សនារីដែលរស់នៅតាមបណ្តាខេត្តដែលកំពុងសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...
អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...






























