តើការបញ្ចេញមតិនៅលើបណ្តាញសង្គមដោយគ្មានការសិក្សាច្បាស់លាស់អាចជះផលអវិជ្ជមានអ្វីខ្លះ?

ភ្នំពេញ – ដោយសារតែការរីកចម្រើន​នៃបច្ចេកវិទ្យា ជាការកត់សម្គាល់នាពេលបច្ចុប្បន្ន​នេះ នៅពេល​ដែល​មានព្រឹត្តិការណ៍នានាកើតឡើងនៅ​ក្នុងសង្គម ឬបញ្ហាផ្ទាល់ខ្លួនអ្វីមួយ ប្រជាពលរដ្ឋ​យើង​តែង​តែប្រើប្រាស់បណ្តាញសង្គមដើម្បីបង្ហាញពីរឿងរ៉ាវទាំងនោះ ឬក៏​បញ្ចេញមតិជាដើម ។ តើ​ការ​បញ្ចេញមតិពីរឿងរ៉ាវដែល​មិន​ទាន់សិក្សា​ច្បាស់លាស់​ទៅ​លើ​បណ្តាញ​សង្គមវានឹងអាចជះផលអវិជ្ជមានអ្វីខ្លះ?

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ផ្អែកលើអ្វីដែលកើតឡើងក្នុងសង្គមជាក់ស្តែងថ្មីៗនេះ លោកយល់ថា ក្នុងករណីមួយចំនួន ការបញ្ចេញមតិរបស់សាធារណៈជនចំពោះបញ្ហាអ្វីមួយលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ អាចមានលក្ខណៈភ្លើងចំបើង ពោលគឺដុតរោលរាល និងរាលដាលលឿនពិបាកនឹងទប់ស្កាត់ទាន់ពេល។

លោកបណ្ឌិត សុខ សូត្រ បន្តថា អ្នកបញ្ចេញមតិប្រតិកម្មទៅអ្វីដែលគេចែករំលែក ឬផូសត៍ (Post) លើបណ្តាញសង្គម ភាគច្រើនគឺហាក់ធ្វើឡើងចេញពីមនោរម្មណ៍មួយវិបប៉ុណ្ណោះ មិនបានពិចារណាលើ ៤ចំណុចឱ្យគ្រប់ជ្រុងជ្រោយនោះទេ។ ទី១. បរិបទ និងបុព្វបទនៃការលើកឡើងនោះគឺអ្វីពិតប្រាកដ? ទី២. អ្នកនិយាយនោះជាអ្នកណាពិតប្រាកដ ហើយគោលបំណងគេ ឬគេចង់បានអ្វីពិតប្រាកដ បានជានិយាយដូច្នេះ? ទី៣. អ្វីដែលគេលើកឡើងនោះសំអាងលើភស្តុតាងអ្វីពិតប្រាកដ និងតើភស្តុតាងនោះអាចជឿជាក់បានដល់កម្រិតណាដែរ ហើយមានអ្នកណាខ្លះដែលដឹងពីរឿងនេះ? និង ទី៤. បើយើងប្រតិកម្មទៅនឹងអ្វីដែលគេនិយាយ យើងចំណេញ ឬខូចខាតអ្វីខ្លះ អ្នកនិយាយខាងដើមចំណេញនិងខូចខាតអ្វីខ្លះ និងសង្គមយើងចំណេញនិងខូចខាតអ្វីខ្លះ?

លោកបណ្ឌិត សុខ សូត្រ

“ការមិនដឹងច្បាស់ពីកត្តាទំាងនេះ នាំឱ្យអ្នកបញ្ចេញយោបល់ឆ្លើយតបបែបភ្លើងចំបើង ដោយវានឹងដុតរោលអារម្មណ៍អ្នកបញ្ចេញមតិ និងអ្នកស្តាប់ ហើយបង្កបានជាការបញ្ឆេះកំហឹងបន្ត រាលដាលឆាបឆេះដូចភ្លើងចំបើង ដែលឆេះលឿន ហើយមានកំដៅខ្លាំង នឹងបន្សល់ទុកនូវតែភាពវិនាសច្រើននិងលឿន”

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់បន្ថែមថា ការបញ្ចេញមតិនៅលើបណ្តាញសង្គមដោយគ្មានការសិក្សាច្បាស់លាស់មានផលប៉ះពាល់ច្រើនយ៉ាង រួមមាន ទី១. ការប៉ះពាល់ដល់អារម្មណ៍របស់អ្នកប្រតិកម្ម។ ការនិយាយឆ្លើយតបបែបរោលរាល និងមិនបានឆ្លងកាត់ការពិចារណាលើបួនចំណុចខាងដើម ទោះបីពីដំបូងអាចធ្វើឱ្យធូរទ្រូងគេមែន តែអ្វីដែលកើតឡើងបន្ទាប់មកអាចនាំមកជាផលវិបាកផ្សេងៗ ជាពិសេសពេលគេប្រតិកម្មខុស។ ទី២. អ្នកបញ្ចេញយោបល់ពីខាងដើម អាចនឹងទទួលរងគ្រោះ ដោយការប្រមាថមើលងាយផ្សេងៗព្រោះតែការបកស្រាយខុសពីគោលបំណងដើមរបស់គេ។ ទី៣. អាចមានការប្រឈមជាមួយការបង្កើតក្រុមបដិបក្ខ ការពារមតិគ្នាដោយមិនមានប្រយោជន៍ច្បាស់លាស់ នាំដល់ការខឹងសម្បារ និងការគុំគួន និងទី៤. ការងាកទៅផ្តោតលើអ្វីដែលមិនសូវជាមានខ្លឹមសារសម្រាប់ការអភិវឌ្ឍបុគ្គល គ្រួសារ និងសង្គម។

លោកបណ្ឌិត សុខ សូត្រ

“ខ្ញុំសំណូមពរដល់អ្នកចង់ប្រតិកម្មលើបណ្តាញសង្គម សូមគិតឱ្យច្បាស់ពីបួនចំណុចដែលខ្ញុំបានលើកឡើងពីខាងលើ និងបូកផ្សំជាមួយចំណុចផ្សេងទៀត ដែលបានពីបទពិសោធន៍ផ្ទាល់ខ្លួនថា មតិអាចដុតរោល ឬអាចនាំឱ្យមានការរីកចម្រើនរួបរួមគ្នា”

លោកបណ្ឌិត សុខ សូត្រ បញ្ជាក់ថា មុនបញ្ចេញមតិតាមបណ្តាញសង្គម គួរចាំនូវចំណុចដូចជា ១. អ្វីដែលយើងចង់បញ្ចេញមតិ តើអ្នកណាខ្លះគេនឹងស្តាប់ ហើយគេអាចនឹងគិតច្រឡំអ្វីខ្លះ នាំមកនូវការប្រឈមអ្វីខ្លះ, ២. កុំម៉ៅអួរ ព្រោះអ្វីដែលកើតឡើងអាចជាករណីតែមួយចំនួនប៉ុណ្ណោះ, ៣.សូមបញ្ចេញមតិពេញដោយការគោរពចំពោះអ្នកស្តាប់ និងសង្គម, ៤. សូមផ្តោតលើការពិត ភស្តុតាង និងទិន្នន័យ និង ៥. សូមគិតផងថា យើងអាចបំពានច្បាប់អ្វីខ្លះ ។ អ្វីដែលមិនចំណេញ កុំនិយាយចេញ។

សម្រាប់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community បានលើកឡើងដែរថា ការបញ្ចេញមតិរបស់សាធារណៈជនចំពោះបញ្ហាអ្វីមួយលើបណ្តាញសង្គម នាពេលបច្ចុប្បន្ននេះអាចមានលក្ខណៈល្អ និងមិនល្អ។ ចំណុចល្អ គឺប្រជាជនចាប់ផ្ដើមចេះឈឺឆ្អាលច្រើន ធ្វើឱ្យបញ្ហាមួយចំនួនត្រូវបានដោះស្រាយតាមមតិរបស់ប្រជាពលរដ្ឋ ។ ចំណែកចំណុចមិនល្អ គឺបច្ចុប្បន្នការបញ្ចេញមតិយោបល់តាមគ្នាភាគច្រើន ប្រសិនជាមានបុគ្គលពូកែបង្កើតជាព្រឹតិ្តការណ៍ទាញចំណាប់អារម្មណ៍ខ្លាំង ហើយដោយសារប្រជាពលរដ្ឋយើងភាគច្រើនមិនបានស្វែងយល់ឱ្យបានស៊ីជម្រៅពី ហេតុ និងផល ឱ្យបានពិតប្រាកដ គឺឆាប់ធ្លាក់ទៅក្នុងការអូសទាញរបស់គេ ទម្រាំតែដឹងរឿងហេតុពិតប្រាកដចង់ហួសពេល មានន័យថា អ្វីដែលយើងខំនិយាយកន្លងមកមិនត្រូវសោះ ដែលនាំឱ្យកើតមានកំហុសឆ្គង។

លោក គីម ដារ៉ា បន្តថា ការបញ្ចេញមតិនៅលើបណ្តាញសង្គមដោយគ្មានការសិក្សាច្បាស់លាស់អាចឱ្យមានការលំអៀង បាត់ភាពយុត្តិធម៌ ឬធ្វើឱ្យមនុស្សមួយចំនួនមានភាពខ្លាចរអា ។ លើសពីនេះ ជាការដាក់សម្ពាធទៅលើបុគ្គលណាម្នាក់ បើនៅស្រុកគេ ការបញ្ចេញមតិយោបល់មិនត្រឹមត្រូវអាចឈានដល់ការគិតខ្លី ដោយសារមានសម្ពាធផ្លូវចិត្តខ្លាំងទៀតផង។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

“ខ្ញុំគិតថាចេតនាអ្នកបញ្ចេញមតិយោបល់គឺមានចេតនាល្អ មានន័យថា គាត់ចេះឈឺឆ្អាល ប៉ុន្តែសូមកុំឱ្យភាពឈឺឆ្អាលនេះ បង្កជាបញ្ហាដល់សង្គមបន្ថែមទៀតព្រោះមិនមែនជារឿងល្អនោះទេ”

ស្ថាបនិកសាលាបង្វឹក Startup Community បន្ថែមថា រឿងបញ្ចេញមតិនៅលើបណ្តាញសង្គមដោយគ្មានការសិក្សាច្បាស់លាស់ គ្មានប្រភពត្រឹមត្រូវ គឺមិនមែនជារឿងល្អទេ ប៉ុន្តែប្រសិនបើមនុស្សគ្រប់គ្នាមិនបញ្ចេញយោបល់ក៏មិនមែនជារឿងល្អដែរ ព្រោះសង្គមយើងជារបស់យើងទាំងអស់គ្នាប្រសិនម្នាក់ៗអង្គុយតែសំងំមិនបញ្ចេញគំនិតអ្វីសោះ ក៏មិនកើតដែរ វានឹងធ្វើឱ្យសង្គមកាន់តែពិបាក។ លោក គីម ដារ៉ា បន្តថា យើងគួរតែបញ្ចេញមតិយោបល់ចំពោះបញ្ហាអ្វីមួយ ប៉ុន្តែមុននឹងបញ្ចេញមតិយោបល់ត្រូវសិក្សាស្វែងយល់អំពីបញ្ហាទាំងនោះឱ្យច្បាស់លាស់ជាមុនសិន ព្រោះការមិនបានស្វែងយល់ច្បាស់លាស់អាចបង្កការឈឺចាប់ដល់អ្នកដទៃ ឈានដល់ការជេរប្រមាថគេទាំងមិនដឹងមូលហេតុជាដើម។

លោក គីម ដារ៉ា ក៏បានសំណូមពរដល់ស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈទាំងអស់ នៅពេលមានព្រឹត្តិការណ៍អ្វីមួយកើតឡើង សូមជួយសរសេរបកស្រាយរឿងហេតុណាមួយឱ្យបានច្បាស់លាស់ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត។ ប្រសិនបើសារព័ត៌មានមិនចូលរួមទេ ក៏ពិបាកដែរពីព្រោះប្រជាពលរដ្ឋចំណេះដឹងនៅមានកម្រិត ហើយមិនសូវមានជំនាញពិបាកបែងចែករឿងណាពិត និងរឿងណាមិនពិត។ ដូច្នេះ សារព័ត៌មានគួរតែជាបុគ្គលដែលឯករាជ្យ មានវិជ្ជាជីវៈ អ្វីដែលផ្ដល់ឱ្យជាព័ត៌មានដែលសុក្រឹតដើម្បីផ្ដល់ឱ្យអ្នកមើលយកពិចារណាទៅតាមផ្នត់គំនិតផ្សេងៗគ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...