ខណៈសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាន់តែកៀកមកដល់ ច្បាស់ណាស់ថា បេក្ខជនជាច្រើនប្រាកដជាកំពុងមមាញឹកក្នុងការទន្ទេញរូបមន្ត រហូតដល់បេក្ខជនខ្លះកំពុងមានអារម្មណ៍តានតឹងក្នុងការត្រៀមខ្លួនថែមទៀត។ ដើម្បីជាជំនួយស្មារតី និងគន្លឹះជោគជ័យសម្រាប់ការប្រឡងនាពេលខាងមុខ អតីតសិស្សឆ្នើមនិទ្ទេស A កាលពីឆ្នាំ២០២២ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការចងចាំរូបមន្តគោលសំខាន់ៗ សម្រាប់ថ្នាក់វិទ្យាសាស្រ្ត។
កញ្ញា លឹម ឈីងអ៊ី គឺជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ មកពីវិទ្យាល័យជាស៊ីម សន្ធរម៉ុក បានលើកឡើងថា ដើម្បីទទួលបានលទ្ធផលល្អលើមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រក្នុងការប្រឡងបាក់ឌុប អ្វីដែលសំខាន់ដំបូងគេ គឺការយល់ដឹងពីរូបមន្ត, កញ្ញាសង្កត់ធ្ងន់ថា សិស្សានុសិស្សមិនចាំបាច់ទៅអង្គុយទន្ទេញរូបមន្តទាំងអស់នោះទេ ពោលគឺចាំតែ «រូបមន្តគោល» ទៅគឺគ្រប់គ្រាន់ហើយ។
កញ្ញា ឈីងអ៊ី ពន្យល់ថា «យើងមិនត្រូវអង្គុយទន្ទេញឱ្យចាំរូបមន្តទាំងអស់នោះទេ ព្រោះវាអាចធ្វើឱ្យយើងងាយនឹងច្រឡំ ឬភ្លេចនៅពេលប្រឡងជាក់ស្ដែង។ អ្វីដែលត្រូវធ្វើ គឺចាំតែរូបមន្តគោល រួចប្រើគណិតវិទ្យាដើម្បីទាញរក រូបមន្តផ្សេងទៀត។ ប្រសិនបើមិនទាន់ចេះវិធីទាញទេ គួរស្វែងរកអ្នកជួយបង្រៀនពីរបៀបទាញរូបមន្ត ព្រោះការយល់ពីរបៀបទាញរករូបមន្ត គឺងាយស្រួលជាងការអង្គុយទន្ទេញរូបមន្តឱ្យចាំទាំងអស់»។

អតីតសិស្សឆ្នើមនិទ្ទេស A រូបនេះ ក៏បានរំលឹកផងដែរថា សិស្សត្រូវស្គាល់ឱ្យច្បាស់ថា តើ «ធាតុ» នីមួយៗនៅក្នុងរូបមន្តតំណាងឱ្យអ្វីខ្លះ។ ជាក់ស្តែង នៅក្នុងរូបមន្តរូបវិទ្យាដ៏ពេញនិយមមួយគឺ PV = nRT សិស្សគ្រាន់តែចាំរូបមន្តគោលមួយនេះទៅគឺគ្រប់គ្រាន់ហើយ ដោយមិនចាំបាច់ទៅអង្គុយទន្ទេញចាំរូបមន្តបំបែកដូចជា P = nRT/V នោះឡើយ ព្រោះការធ្វើបែបនេះនាំឱ្យមានការច្របូកច្របល់។ កញ្ញា បន្តថា តាមពិតទៅ រូបមន្តសំខាន់ៗដែលត្រូវប្រើក្នុងការប្រឡងមានចន្លោះពី ១០ ទៅ ២០ រូបមន្តប៉ុណ្ណោះ មិនមែនរាប់រយរូបមន្តដូចដែលសិស្សមួយចំនួនបារម្ភនោះទេ។
យ៉ាងណា សម្រាប់រយៈពេល ៣ សប្ដាហ៍ មុនការប្រឡងមកដល់នេះ កញ្ញា លឹម ឈីងអ៊ី បានលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់គួរអនុវត្ត ៣ចំណុច រួមមាន ទី១. ផ្ដោតលើចំណុចសំខាន់ៗ ដោយឈប់មើលមេរៀនលម្អិតច្រើនពេក ប៉ុន្តែត្រូវស្រង់យកចំណុចស្នូលមកធ្វើឱ្យចាំ និងឱ្យយល់ច្បាស់, ទី២. កត់ត្រារូបមន្តគន្លឹះ ពោលគឺ គួរកត់ត្រារូបមន្តសំខាន់ៗទុកក្នុងក្រដាសមួយសន្លឹកដាច់ដោយឡែក ងាយស្រួលក្នុងការទាញមកមើលឡើងវិញយ៉ាងរហ័សមុនថ្ងៃប្រឡងមកដល់ និង ទី៣. អនុវត្តលំហាត់ឱ្យបានច្រើន ដោយព្យាយាមមើលសំណួរ និងដោះស្រាយលំហាត់អនុវត្តនៅក្នុងសៀវភៅពុម្ពសិក្សាគោលរបស់ក្រសួងអប់រំឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

កញ្ញា លឹម ឈីងអ៊ី ក៏បានផ្ញើសារលើកទឹកចិត្តទៅកាន់ប្អូនៗបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះថា សូមព្យាយាមធ្វើអ្វីដែលអាចធ្វើទៅបានឱ្យអស់ពីសមត្ថភាព ជាពិសេសគឺការរៀនចាំនូវអ្វីដែលចាំបាច់នឹងចាំ។ ព្យាយាមធ្វើឱ្យអស់ពីលទ្ធភាព ដោយរក្សាចិត្តឱ្យស្ងប់ កុំភ័យ ឬច្របូកច្របល់ ព្រោះកាលណាយើងភ័យ គឺខួរក្បាលគិតអ្វីមិនចេញនោះទេ។ ដូច្នេះ សូមគិតថា ការប្រឡងនេះ គ្រាន់តែជាការតេស្តសមត្ថភាពមួយ បន្ទាប់ពីយើងបានត្រៀមខ្លួនយ៉ាងហត់នឿយអស់រយៈពេលជាច្រើនខែកន្លងមកនេះ៕













































































