សន្និសីទវិទ្យាសាស្ត្រលើកទី១៥ ក្រោមប្រធានបទ «ការផ្សារភ្ជាប់វិស្វកម្ម និងបច្ចេកវិទ្យា ជាមួយឧស្សាហកម្ម ដើម្បីកំណើនប្រកបដោយចិរភាពកម្ពុជា» ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដើម្បីចែករំលែក និងពិភាក្សាអំពីការអភិវឌ្ឍថ្មីៗ គំនិតច្នៃប្រឌិត និងរបកគំហើញវិទ្យាសាស្ត្រក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។
លោក ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា សន្និសីទនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្រុក តំបន់ និងអន្តរជាតិ ព្រោះភាពជាដៃគូដ៏រឹងមាំ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវ និងនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព។
លោកបន្តថា សន្និសីទនេះក៏មានគោលបំណងជំរុញសកម្មភាពស្រាវជ្រាវនៅ ITC តាមរយៈកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រទៅកាន់អ្នកពាក់ព័ន្ធ ដើម្បីធានាថា ចំណេះដឹង និងនវានុវត្តន៍ដែលបង្កើតឡើង អាចផ្ដល់ប្រយោជន៍ជាក់ស្ដែងដល់សង្គម និងវិស័យឧស្សាហកម្ម។
លោកបានបន្ថែមថា វិទ្យាស្ថានក៏ចង់លើកទឹកចិត្តដល់សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវឱ្យចូលរួមកាន់តែសកម្មក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីពង្រឹងការចូលរួមចំណែករបស់ ITC ក្នុងការជំរុញនវានុវត្តន៍ផ្នែកវិស្វកម្ម និងបច្ចេកវិទ្យានៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ប្រធានបទនៃសន្និសីទឆ្នាំនេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានអប់រំ វិស័យឧស្សាហកម្ម និងរាជរដ្ឋាភិបាល ក្នុងការជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីបម្លែងចំណេះដឹងទៅជាដំណោះស្រាយជាក់ស្ដែង និងបច្ចេកវិទ្យាដែលមានសមត្ថភាពប្រកួតប្រជែង។

ឯកឧត្តមបានលើកឡើងថា សន្និសីទនេះក៏ជាវេទិកាដ៏សំខាន់សម្រាប់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិត ក្នុងការបង្ហាញលទ្ធផលស្រាវជ្រាវ និងស្នាដៃច្នៃប្រឌិតថ្មីៗ ព្រមទាំងពង្រឹងភាពជាដៃគូ និងពង្រីកបណ្តាញទំនាក់ទំនងជាមួយវិស័យឧស្សាហកម្ម និងភាគីពាក់ព័ន្ធនានា។
ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះនៃការប្រកួតប្រជែងថ្នាក់ជាតិ។ ក្នុងន័យនេះ ក្រសួងអប់រំបានដាក់ចេញនូវកំណែទម្រង់សំខាន់ៗ ដើម្បីលើកកម្ពស់គុណភាព និងបរិយាបន្ន នៃការអប់រំ រួមមាន ការពង្រឹងអភិបាលកិច្ចសាលារៀន ការធ្វើទំនើបកម្មកម្មវិធីសិក្សា ការលើកកម្ពស់ការអប់រំឌីជីថល ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាពនៅគ្រឹះស្ថានឧត្តមសិក្សា និងការពង្រឹងកិច្ចសហការរវាងសាលារៀន គ្រួសារ សហគមន៍ និងវិស័យឧស្សាហកម្ម។
ដើម្បីគាំទ្រដល់គោលដៅទាំងនេះ ក្រសួងបន្តជំរុញការស្រាវជ្រាវ និងនវានុវត្តន៍តាមរយៈយុទ្ធសាស្ត្រសំខាន់ចំនួនបួន រួមមាន ការពង្រឹងគោលនយោបាយ និងយន្តការហិរញ្ញប្បទានសម្រាប់ការស្រាវជ្រាវ ការកសាងសមត្ថភាពអ្នកស្រាវជ្រាវ ការពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃលទ្ធផលស្រាវជ្រាវ និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការផ្លាស់ប្ដូរចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការជាមួយស្ថាប័នឈានមុខនានា។
សូមជម្រាបថា សន្និសីទវិទ្យាសាស្ត្រលើកទី១៥នេះ ត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការពង្រឹងប្រព័ន្ធនវានុវត្តន៍ ការអភិវឌ្ឍធនធានមនុស្ស និងការផ្សារភ្ជាប់ការស្រាវជ្រាវជាមួយតម្រូវការជាក់ស្តែងរបស់វិស័យឧស្សាហកម្ម ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចិរភាពរបស់កម្ពុជា៕











































































