ដើម្បីធានាបាននូវភាពប្រកួតប្រជែង កំណើនប្រកបដោយបរិយាបន្ន និងការឆ្លើយតបយ៉ាងរហ័សទៅនឹងតម្រូវការឧស្សាហកម្មទំនើប រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានជំរុញវិស័យឯកជន ក៏ដូចជាដៃគូពាក់ព័ន្ធក្នុងតំបន់ ពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាល ទៅលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារឱ្យបានរឹងមាំ។
ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ (៤ មីនា) ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ មានប្រសាសន៍ថា ការវិនិយោគលើមូលធនមនុស្ស គឺជាការវិនិយោគលើផលចំណេញរួមនាពេលអនាគត, ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាស្នូល។ ជាក់ស្តែងផ្អែកលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ក្រសួងការងារកំពុងជំរុញយ៉ាងសកម្មនូវគោលការណ៍ “ពលរដ្ឋម្នាក់ទទួលបានយ៉ាងហោចណាស់ជំនាញមួយសម្រាប់ជីវិត និងគ្មាននរណាម្នាក់ត្រូវបានទុកចោល”។

នៅចំពោះមុខវិនិយោគិនពីតំបន់អាស៊ាន ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាមរយៈការវិនិយោគយុទ្ធសាស្ត្រលើ TVET កម្មវិធីបណ្តុះបណ្តាលជាតិ រួមទាំងកម្មវិធី TVET 1.5M និងកិច្ចសហការជាមួយឧស្សាហកម្ម កម្ពុជាបានកសាងកម្លាំងពលកម្មដែលមានសមត្ថភាពគាំទ្រឧស្សាហកម្មផលិតកម្មសម័យទំនើប វិស័យសេវាកម្ម និងឧស្សាហកម្មកំពុងកើតមានថ្មីៗ។ ឯកឧត្តមមានប្រសាសន៍ថា ជាមួយនឹងប្រជាជនវ័យធ្វើការច្រើន ប្រព័ន្ធបណ្តុះបណ្តាលបត់បែន និងមូលនិធិអភិវឌ្ឍជំនាញដែលបានបែងចែកថវិកាច្បាស់លាស់ កម្ពុជាផ្តល់ជូនវិនិយោគិនទាំងកម្លាំងពលកម្មដែលអាចប្រើប្រាស់ភ្លាមៗ និងសមត្ថភាពអភិវឌ្ឍធនធានមនុស្សរយៈពេលវែងយ៉ាងរឹងមាំ។
ប្រទេសកម្ពុជាកំពុងអនុវត្តគម្រោង «បដិវត្តកម្មជំនាញ» ដ៏ធំមួយ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជនចំនួន ១,៥ លាននាក់។ គម្រោងនេះ ត្រូវបានអនុវត្តស្របតាមយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី ១ និងបានដាក់ចេញនូវកម្មវិធី លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់៕





























