នេះជាលើកទី២ ហើយដែលយុវតី ហ៊ឹម ជីវ័ន្ត បានដាក់ពាក្យចូលរួមប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុន បន្ទាប់ពីមិនបានជាប់ក្នុងវគ្គជម្រុះកាលពីឆ្នាំមុន។ បទពិសោធន៍ដែលធ្លាប់ទទួលបាន ព្រមជាមួយការព្យាយាមមិនបោះបង់ បានធ្វើឱ្យយុវតី ហ៊ឹម ជីវ័ន្ត ក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២៧ នៅកម្ពុជា ដែលរៀបចំដោយស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។
ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុន យុវតី ហ៊ឹម ជីវ័ន្ត លើកឡើងថា រូបនាងមិនធ្លាប់រំពឹងសោះថាអាចជាប់ជ័យលាភីលេខ១ ក្នុងការប្រកួត ដោយសារឆ្នាំនេះមានអ្នកដាក់ពាក្យប្រកួតច្រើន និងសុទ្ធតែមានសមត្ថភាពខ្លាំងពូកែផ្នែកភាសាជប៉ុន ដែលធ្វើឱ្យនាងមានសង្ឃឹមតិចតួចប៉ុណ្ណោះ, ប៉ុន្តែនៅពេលគណៈកម្មការប្រកាសឈ្មោះនាងថាជាប់ជ័យលាភីលេខ១ គឺពិតជារំភើបរហូតទប់ទឹកភ្នែកមិនបាន។
ស្ថិតក្នុងក្រុមផ្នែកទី២ ជាអ្នកធ្លាប់ទៅប្រទេសជប៉ុនលើស១សប្ដាហ៍ យុវតី ហ៊ឹម ជីវ័ន្ត បន្ថែមថា នៅក្នុងពេលប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុន នាងមានអារម្មណ៍ភ័យខ្លះៗដែរ ដោយសារឃើញមនុស្សច្រើន ប៉ុន្តែក៏សម្រួលអារម្មណ៍ដោយសម្លឹងមើលពានរង្វាន់ ដើម្បីជាកម្លាំងចិត្តកុំឱ្យភ័យខ្លាច។ យុវតីរូបនេះ ប្ដេជ្ញាចិត្តថា ទោះលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាព។
បើតាម ជីវ័ន្ត ការប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២៧ គេដាក់ពិន្ទុផ្ដោតលើអត្ថន័យខ្លឹមសារ ការបញ្ចេញសំឡេង ការលើកដាក់សំឡេង និងការគោរពពេលវេលាកំណត់។ ដោយឡែក កត្តាដែលជំរុញឱ្យរូបនាងអាចជាប់ជ័យលាភីលេខ១នេះ គឺអាចមកពីការលើកឡើងអំពីការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាក្នុងសង្គមខ្មែរ។ លើសពីនេះ ការបកស្រាយផ្ដោតលើខ្លឹមសារសំខាន់ៗ ដោយនិយាយមិនឱ្យលើសពី៥នាទី ហើយលើកដាក់សំឡេង និងដាក់អារម្មណ៍នៅក្នុងសន្ទរកថាបានសមស្រប។
យុវតីវ័យ២៥ឆ្នាំរូបនេះ បញ្ជាក់ថា ការចេះនិយាយភាសាជប៉ុនអាចជួយបានច្រើន ទាំងឱកាសការងារក្នុងស្រុក និងក្រៅស្រុក ជាពិសេសឱកាសអារហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។ ជីវ័ន្ត បន្តថា រូបនាងរៀនភាសាជប៉ុនបាន២ឆ្នាំជាង ដោយសារចង់ចេះនិយាយភាសាជប៉ុន បន្តការសិក្សា និងចង់ទៅធ្វើការនៅប្រទេសជប៉ុន។
យុវតី ហ៊ឹម ជីវ័ន្ត ក៏បានលើកទឹកចិត្តសម្រាប់ប្អូនៗដែលចង់ចូលរួមប្រកួតកម្មវិធីនេះ សូមកុំខ្លាចក្នុងការដាក់ពាក្យចូលរួមប្រកួត កុំខ្លាចបរាជ័យ និងកុំបោះបង់ ដោយគ្រាន់តែចាប់ផ្ដើមសរសេរពីអ្វីដែលយើងចង់បង្ហាញពីបញ្ហាក្នុងសង្គមទៅអ្នកស្ដាប់ ហ្វឹកហាត់និយាយបញ្ចេញសំឡេង ហើយខិតខំឱ្យអស់ពីសមត្ថភាព៕

































