ក្នុងយុគសម័យឌីជីថលសព្វថ្ងៃនេះ កុមារកំពុងធំលូតលាស់ឡើងក្នុងពិភពបច្ចេកវិទ្យាដ៏សម្បូរបែប។ ខណៈពេលដែលបច្ចេកវិទ្យាទាំងនេះ ផ្តល់អត្ថប្រយោជន៍ជាច្រើន យើងក៏ទទួលស្គាល់ថា វាអាចបង្កផលប៉ះពាល់អវិជ្ជមានលើសុខុមាលភាព និងការអភិវឌ្ឍរបស់កុមារ។ គុណវិបត្តិទាំងនោះរួមមាន ការរំខានដល់អ្នកប្រើប្រាស់ ហានិភ័យពាក់ព័ន្ធការលួចអត្តសញ្ញាណ និងការបោកប្រាស់តាមអនឡាញ ក៏ដូចជាហានិភ័យពាក់ព័ន្ធសុវត្ថិភាពលើអ៊ីនធឺណិត។
ខាងក្រោមនេះ ជា៦ចំណុចឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ដែលត្រូវបានដកស្រង់ចេញពីសៀវភៅណែនាំ អំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ របស់ក្រសួងអប់រំយុវជន និងកីឡា៖
១. កំណត់អំពីគ្រោះថ្នាក់ និងការរាយការណ៍៖ កុមារត្រូវបានអប់រំអំពីប្រភេទផ្សេងៗនៃគ្រោះថ្នាក់លើប្រព័ន្ធអនឡាញ និងអំពីរបៀបសម្គាល់សញ្ញាព្រមានដែលអាចបង្កគ្រោះថ្នាក់។ ពួកគេត្រូវយល់ដឹងពីវិធីរាយការណ៍អំពីអាកប្បកិរិយាដែលគួរឱ្យសង្ស័យ ទៅឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន ឬអាជ្ញាធរមានសមត្ថកិច្ច។
២. ការពារព័ត៌មានផ្ទាល់ខ្លួន៖ កុមារត្រូវយល់ដឹងអំពីសារៈសំខាន់នៃការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេតាមអ៊ីនធឺណិត និង អំពីហានិភ័យដែលទាក់ទងនឹងការចែករំលែកព័ត៌មានលម្អិតសំខាន់ៗដូចជា ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ ឬព័ត៌មានសាលា។ កុមារក៏ត្រូវប្រុងប្រយ័ត្ននៅពេលមានទំនាក់ទំនងជាមួយមនុស្សប្លែកមុខនៅលើកម្មវិធីអនឡាញ ដែលខ្លួនមិនធ្លាប់បានជួបផ្ទាល់ ហើយមិនគួរចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយមនុស្សទាំងនោះ ដោយគ្មានការយល់ព្រមពីឪពុកម្តាយ ឬមនុស្សពេញវ័យដែលគួរឱ្យទុកចិត្ត។
៣. កំណត់ឯកជនភាព និងឧបករណ៍សុវត្ថិភាពអនឡាញ ៖ កុមារត្រូវយល់ដឹងពីសារៈសំខាន់នៃការកំណត់ឯកជនភាពនៅលើកម្មវិធីអនឡាញដូចជា បណ្តាញទំនាក់ទំនងសង្គម គេហទំព័រហ្គេម និងកម្មវិធីអនឡាញផ្សេងទៀត។ ពួកគេត្រូវចេះពីរបៀបកែតម្រូវការ កំណត់ឯកជនភាពដើម្បីគ្រប់គ្រងអ្នកដែលអាចមើលឃើញព័ត៌មានរបស់ពួកគេ និងទំនាក់ទំនងជាមួយពួកគេ។ កុមារត្រូវបានណែនាំអំពីឧបករណ៍សុវត្ថិភាពតាមអ៊ីនធឺណិតដូចជា កម្មវិធីគ្រប់គ្រងដោយ មាតាបិតា (Parental Control) កម្មវិធីចម្រុះមាតិកា (Content Filters) និងកម្មវិធីកំចាត់មេរោគ (Antivirus Software) ដែលអាចពង្រឹងសុវត្ថិភាពអនឡាញរបស់ពួកគេបាន។
៤. អក្ខរកម្មឌីជីថល និងភាពជាពលរដ្ឋឌីជីថល ៖ កុមារត្រូវចេះគិតពិចារណា និងវាយតម្លៃព័ត៌មានតាមអ៊ីនធឺណិត ដើម្បីកំណត់ពីភាពខុសគ្នារវាង ប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងប្រភពព័ត៌មានមិនគួរទុកចិត្ត ហើយស្គាល់ពីរបៀបផ្ទៀងផ្ទាត់ ព័ត៌មាន មុនពេលទទួលយកវាថាជាការពិត។ តាមរយៈការអភិវឌ្ឍជំនាញ ចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល កុមារអាចរុករកនៅលើអនឡាញបានប្រសើរជាងមុន និងចៀសផុតពីការបោកប្រាស់ ឬ ព័ត៌មានមិនពិត។ ឪពុកម្តាយត្រូវបង្រៀនកូនអំពីសីលធម៌លើអ៊ីនធឺណិត ការគោរពចំពោះអ្នកដទៃ និងផលវិបាកដែលអាចកើតមានពីសកម្មភាពរបស់ពួកគេនៅលើអ៊ីនធឺណិត។
៥. អាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ ៖ កុមារត្រូវបានលើកទឹកចិត្តឱ្យគិតមុននឹងបង្ហោះ ឬចែករំលែកព័ត៌មានហើយត្រូវយកចិត្តទុកដាក់លើសារៈសំខាន់នៃការប្រព្រឹត្តចំពោះអ្នកដទៃដោយការគោរព ការយោគយល់ និងការទទួលខុសត្រូវ។
៦. ស្វែងរកជំនួយពីមនុស្សពេញវ័យដែលគួរឱ្យទុកចិត្ត ៖ លើកទឹកចិត្តកុមារឱ្យទាក់ទងជាមួយមនុស្សពេញវ័យដែលគួរឱ្យទុកចិត្តដូចជា ឪពុកម្តាយ គ្រូបង្រៀន ឬអាជ្ញាធរមានសមត្ថកិច្ច នៅពេលប្រឈមមុខនឹងការគំរាមកំហែងតាមអ៊ីនធឺណិត។ មនុស្សពេញវ័យ អាចផ្តល់ការណែនាំ ការគាំទ្រ និងជួយកំណត់វិធីឆ្លើយតបដ៏ល្អបំផុត។ ធានាថា កុមារមិននៅម្នាក់ឯង ដែលធ្វើ ឱ្យពួកគេមានអារម្មណ៍ថា មានភាពកក់ក្ដៅដោយមានមនុស្សត្រៀមខ្លួនរួចជាស្រេចដើម្បីជួយពួកគេក្នុងករណីចាំបាច់។
គួរជំរាបជូនថា យោងតាមស្ថិតិរបស់សហភាពទូរគមនាគមន៍អន្តរជាតិ (www.itu.int) ឆ្នាំ២០២០ បង្ហាញថា ៧១% នៃចំនួនកុមារ និងយុវជនអាយុពី ១៥ ទៅ ២៤ឆ្នាំ សរុបនៅទូទាំងពិភពលោក បាននិងកំពុងប្រើប្រាស់អ៊ីនធឺណិត។ នៅក្នុងប្រទេសកម្ពុជា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត បានកើនឡើងដល់ ១១.៣៧ លាននាក់ ឬ ៦៧.៥% នៃចំនួនប្រជាជនសរុប គិតត្រឹមខែមករា ឆ្នាំ២០២៣ ដែលមានកំណើនជាង ៦.៧% ធៀបនឹងឆ្នាំ២០២២៕

































