អត្ថប្រយោជន៍របស់ល្បែងប្រជាប្រិយជាទូទៅមិនត្រឹមតែការរំឭកអំពីរឿងហេតុ នៃអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកធ្វើឱ្យអ្នកចូលរួមមានឱកាសកម្សាន្ត ប្រមូលផ្តុំគ្នាជាវង់បង្កើននូវសាមគ្គីភាព និងការរួមរស់ក្នុងសង្គមជាដើម។ សកម្មភាពទាំងនេះ រុញច្រានឱ្យយុវជនមួយចំនួនប្រើប្រាស់ជាវិធីសាស្រ្តមួយជួយកាត់ផ្តាច់ការប្រើប្រាស់បណ្តាញសង្គមលើសលប់ និងការរក្សាស្មារតីរៀនរស់ក្នុងបច្ចុប្បន្នភាព រួមទាំងជំរុញសុខុមាលភាព។
យុវជន អោក សុភី ដែលឧស្សាហ៍ដើរកម្សាន្តតាមផ្លូវថ្មើរជើង បានឱ្យដឹងថា លោកបានដើរតាមផ្លូវនេះស្ទើរតែគ្រប់សប្តាហ៍, លោកបានឃើញសកម្មភាពនៃការលេងល្បែងប្រជាប្រិយ ធ្វើឱ្យលោកបានរំឭកជាថ្មីម្តងទៀត អំពីការលេងល្បែងប្រជាប្រិយកាលពីកុមារភាព និងការរាំរែកបែបប្រពៃណី ដែលល្បែងនីមួយៗត្រូវការមនុស្សធ្វើសកម្មភាពរាងកាយ ការផ្ចង់ស្មារតី និងការប្រាស័យទាក់គ្នា រួមគ្នាជាក្រុមមួយ ឧទាហរណ៍ដូចជាល្បែងទាញព្រ័ត្រ ដណ្តើមស្លឹកឈើ និងលាក់កន្សែងជាដើម។
“អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺល្បែងប្រជាប្រិយ និងការរាំ បានបង្កើតបរិយាកាសកម្សាន្ត ពេលដែលលេងៗទៅបែកញើស ដូចជាការរាំអ៊ីចឹង! ធ្វើឱ្យយើងសុខភាពល្អទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ លើសពីនេះទៀត ការមកលេងនៅទីនេះ ជួយសេដ្ឋកិច្ចប្រទេសជាតិ និងការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍សម្រាប់ស្រុកយើង ជាពិសេសទេសចរណ៍ក្នុងស្រុក”
អោក សុភី

សុភី បន្តថា រាល់ថ្ងៃឱ្យតែពេលទំនេរ បន់ឱ្យតែដល់ចុងសប្តាហ៍ឆាប់ៗ បើមិនបានទៅណាទេ ក៏បានត្រឹមទៅមុខវាំង ទៅផ្លូវថ្មើរជើង រាំមួយបទពីរបទ ដើម្បីកាត់បន្ថយស្រ្តេស។ សុភី បន្តរំលេចថា ស្ថិតក្នុងសម័យឌីជីថលនេះ ការជួបជុំរាំលេង អាចជាកត្តាមួយជួយរួមចំណែកឱ្យកាត់បន្ថយនឹងការញៀនបណ្តាញសង្គមបានដែរ កាលណាអង្គុយសម្លឹងតែទូរស័ព្ទ អូសចុះ អូសឡើង បណ្តាលឱ្យកើតអាការៈខ្សោយភ្នែក អស់កម្លាំង និងការបង្កើនបាននូវភាពធុញថប់បន្ថែមទៀត មានន័យថា រស់ក្នុងពិភពមួយដែលមិនមែនជាការពិត។
សុភី បន្ថែមថា មនុស្សចាប់ផ្តើមជក់ចិត្តនឹងការប្រើប្រាស់បណ្តាញសង្គមក្នុងរយៈពេលយូរម៉ោង មិនសូវមានមានការសន្ទនាគ្នា នាំឱ្យបាត់បងការផ្ចង់ស្មារតីក្នុងបច្ចុប្បន្នភាព និងការរួមរស់ក្នុងសង្គម ដែលជាហេតុបង្ហាញឱ្យឃើញថាល្បែងប្រជាប្រិយនិងការរាំតាមផ្លូវថ្មើរជើងជំរុញបាននូវសុខុមាលភាពជារួម។

ជាមួយគ្នានេះដែរ យុវនារី លួន សំនៀង ដែលបានដើរកម្សាន្តនៅផ្លូវថ្មើរជើង លើកឡើងថា ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតមកដល់ នៅផ្លូវថ្មើរជើងបានរៀបចំលេងនូវល្បែងប្រជាប្រិយ ស្ថិតនៅខាងមុខព្រះបរមរាជវាំង ដែលវាមិនត្រឹមតែធ្វើឱ្យយុវជនខ្មែរបានស្គាល់ និងចងចាំពីល្បែងប្រជាប្រិយខ្មែរប៉ុណ្ណោះទេ តែក៏បានបង្ហាញឱ្យជនបរទេសបានស្គាល់ផងដែរ ដោយនាងសង្កេតឃើញថា មានជនបរទេសជាច្រើនបានទស្សនា និងចូលរួមលេងល្បែងប្រជាប្រិយខ្មែរទៀតផង។
“កាលពីសប្តាហ៍មុនៗខ្ញុំបានទៅមុខព្រះបារមរាជវាំងជាមួយមិត្តភក្តិរបស់ខ្ញុំ ពួកយើងបានចូលរួមលេងល្បែងប្រជាប្រិយជាច្រើនមានដូចជា ល្បែងលោតកៅស៊ូ លោតអន្ទាក់ ពង្រត់គូ ដណ្តើមស្លឹកឈើ និងរាំវង់ស្គដៃ ដែលជាកេរិ៍្តដំណែលរបស់ដូចតាខ្មែរបានបន្សល់ទុកជាយូណាស់មកហើយ”
លួន សំនៀង

សម្រាប់ចំណាប់អារម្មណ៍របស់ សំនៀង ល្បែងប្រជាប្រិយខ្មែរបាននាំមកនូវភាពសប្បាយរីកសម្រាប់យើងគ្រប់គ្នា ពេលសម្រាកពីការងារ ហើយសម្រាប់ ការលេងល្បែងប្រជាប្រិយនេះ ធ្វើឱ្យនាងបានសម្រាកលំហែខួរក្បាលក្រោយពេលសម្រាកពីការងារ ផ្តល់ភាពសប្បាយរីករាយ បំបាត់ភាពសៅហ្មងក្នុងចិត្ត រួមទាំងបានធ្វើលំហាត់ប្រាណបញ្ចេញជាតិពុលពីក្នុងខ្លួន ហើយក៏បានបង្កើនភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា ទៅវិញទៅមកទាំងដែលយើងមិនដែលស្គាល់គ្នាសោះពីមុនមក ដោយមិនរើសអើងប្រកាន់វណ្ណៈ ពូជសាសន៍ តួនាទី មានក្រ សខ្មៅអ្វីឡើយ។ ហើយអ្វីដែលពិសេសនោះ គឺធ្វើឱ្យមានឱកាសរំលឹកអនុស្សាវរីយ៍កាលវ័យកុមាដែលនាងតែងតែលេងល្បែងកម្សាន្តទាំងនេះពេលទំនេរ ពីការសិក្សា និងការជួយការងារផ្ទះឪពុកម្តាយជាដើម។
សូមជំរាបជូនថា ផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បងកាលពីដើមខែកុម្ភៈ ដោយបើករៀងរាល់ចុងសប្តាហ៍ ពីវេលាម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។ នៅតាមបណ្តោយផ្លូវនេះ អាជ្ញាធរបានរៀបចំឱ្យមានជាការប្រគុំតន្រ្តីសម័យ បុរាណ កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម ដើម្បីជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត ហើយបានស្គាល់ និងទស្សនានូវសំណង់បេតិកភណ្ឌ ក៏ដូចជាវប្បធម៌ ប្រពៃណីរបស់កម្ពុជា៕




























