ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី ឆ្ពោះទៅរកជំនាញបច្ចេកទេស ឌីជីថល បច្ចេកវិទ្យាបៃតង និងមុខជំនាញដែលមានតម្លៃបន្ថែមខ្ពស់។
យោងតាមឯកសារ «ទស្សនវិស័យមុខរបរ និងការងារ» ដែលចេញផ្សាយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពីផែនទីបង្ហាញផ្លូវជំនាញចំនួន៣ដំណាក់កាល ដែលក្នុងនោះគេឃើញមានជំនាញយុទ្ធសាស្ត្រ ៦ ដែលនឹងមានតម្រូវការខ្លាំង ក្នុងរយៈពេល ៥ ទៅ១០ឆ្នាំខាងមុខ។
បើតាមក្រសួងការងារ ជំនាញដែលនឹងមានតម្រូវការខ្លាំងបំផុត ក្នុងរយៈពេល ៥-១០ឆ្នាំខាងមុខ រួមមាន ៖ ការគ្រប់គ្រងសំណល់ ដែលឆ្លើយតបនឹងការអភិវឌ្ឍក្រុង និងចីរភាពបរិស្ថាន, វិស្វកម្មគីមី ជួយគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកែច្នៃ និងឧស្សាហកម្មធុនធ្ងន់, វិស្វកម្មមេកានិក ជាមូលដ្ឋានគ្រឹះនៃគ្រឿងចក្រ និងការផលិតបែបទំនើប, បច្ចេកវិទ្យាមន្ទីរពិសោធន៍ ដែលចាំបាច់សម្រាប់ស្តង់ដារគុណភាព សុខាភិបាល និងការស្រាវជ្រាវ, បច្ចេកវិទ្យាការពារបរិស្ថាន ដែលមានសារៈសំខាន់ក្នុងការជួយការពារ និងស្តារធនធានធម្មជាតិក្នុងបរិបទសេដ្ឋកិច្ចបៃតង, និង ស្វ័យប្រវត្តិកម្ម ដែលជួយដល់ការបង្កើនប្រសិទ្ធភាពផលិតកម្មតាមរយៈប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ។
យ៉ាងណាក៏ដោយ បើសម្រាប់ពេលបច្ចុប្បន្ននេះវិញ ឬបន្តទៅដល់រយៈពេល ៣ឆ្នាំខាងមុខ គេមើលឃើញថា មានជំនាញចំនួន ៩ ដែលមានតម្រូវការកម្រិតខ្ពស់ និងមធ្យម ដូចជា គណនេយ្យ និងពន្ធដារ, ការគ្រប់គ្រង និងរដ្ឋបាល, ស្ថាបត្យកម្ម និងការរៀបចំទីក្រុង, បច្ចេកវិទ្យាការពារបរិស្ថាន, កម្មវិធីកុំព្យូទ័រ និងកម្មវិធីទូរស័ព្ទ, ច្បាប់, ការកែច្នៃអាហារ, វាយនភណ្ឌ, ផលិតកម្មដំណាំ និងសត្វ ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃឧស្សាហកម្មដែលមានស្រាប់ និងឧស្សាហកម្មគាំទ្រ។

ដោយឡែកក្នុងរយៈពេល ពី ៣ ទៅ៥ឆ្នាំខាងមុខ តម្រូវការទីផ្សារការងារនៅកម្ពុជា នឹងត្រូវផ្លាស់ប្តូរឆ្ពោះទៅរកជំនាញតម្រង់ទិសឧស្សាហកម្ម និងបច្ចេកវិទ្យាកាន់តែច្រើន ដូចជា ៖ បញ្ញាសិប្បនិម្មិត, អេឡិចត្រូនិក និងស្វ័យប្រវត្តិកម្ម, ការរចនា និងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ និងបណ្តាញ, មេកានិក និងជាងលោហៈ, អគ្គិសនី និងថាមពល, បច្ចេកវិទ្យាវិនិច្ឆ័យរកកំហុស, និងសុវត្ថិភាពការងារ។
ឯកសារទស្សនវិស័យរបស់ក្រសួងការងារ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះថា គ្រឹះស្ថានអប់រំ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ គប្បីធ្វើការរួមបញ្ចូលគ្នារវាង «ការលើកកម្ពស់ជំនាញផលិតកម្មជាក់ស្តែងចំពោះមុខ» ជាមួយនឹង «ការវិនិយោគទាន់ពេលវេលាលើជំនាញបច្ចេកទេសកម្រិតខ្ពស់ ឌីជីថល វិស្វកម្ម និងជំនាញបៃតង»។
ការតម្រង់ទិសសិក្សាឱ្យស្របតាមផែនទីបង្ហាញផ្លូវនេះ មិនត្រឹមតែជួយឱ្យយុវជនកម្ពុជាទទួលបានឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់ និងស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរុញច្រានសេដ្ឋកិច្ចជាតិឱ្យមានភាពប្រកួតប្រជែង និងចីរភាពនៅលើឆាកអន្តរជាតិ៕













































































